Thursday, April 25, 2024
Homeព័ត៌មានជាតិដឹកឈើប្រណីតវៀតណាម តាមច្រកអូរយ៉ាដាវ អាជ្ញាធរអត់អើពើ

ដឹកឈើប្រណីតវៀតណាម តាមច្រកអូរយ៉ាដាវ អាជ្ញាធរអត់អើពើ

ខេត្តរតនគិរី ៖ សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ឆ្លងចេញទៅប្រទេសវៀតណាម តាមអន្តរជាតិអូរយ៉ាដាវ បានធ្វើឡើងបន្តកន្ទុយគ្នា ដូចហែកឋិន ដោយក្រុមឈ្មួញបានប្រើរថយន្តប្រភេទសាំងយ៉ុង បាឡែន ឡង់គ្រីស័រកែច្នៃ និងធ្វើឡើងចំពោះមុខសមត្ថកិច្ចជាច្រើនស្ថាប័ន ដោយគ្មានខ្លាចរអែងអ្វីសោះ ខណៈអាជ្ញាធរដែនដី ក៏ដូចជាអាជ្ញាធរដែលត្រូវបានអនុក្រឹត្យកំណត់តួនាទីភារកិច្ចប្រចាំការនៅច្រកអន្តរជាតិអូរយ៉ាដាវនេះ ហាក់មិនអើពើអ្វីឡើយ។

ច្រកអូរយ៉ាដាវ គឺជាច្រកដែលចេញបទល្មើសព្រៃឈើ មានលក្ខណៈទ្រង់ទ្រាយធំ កើតមានជាហូរហែបន្តបន្ទាប់ ក្នុងនោះលោកអ៊ី ចំរើន ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិអូរយ៉ាវដាវ ត្រូវបានសង្ស័យថា ទទួលបានផលប្រយោជន៍ពីបទល្មើសទាំងនោះ ព្រោះលោកតែងឱ្យមន្ត្រីក្រោមឱវាទបើកបារ៉ាស់ ឱ្យឡានដឹកឈើចេញដោយរលូន តែបែរជារឹតត្បិត រារាំងអ្នកសារព័ត៌មានទៅវិញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ឈើដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវ មួយចំនួនធំដឹកចេញពីស្រុកវ៉ឺនសៃ ស្រុកកូនមុំ ស្រុកលំផាត់ ពីក្រុងបានលុង និងមួយចំនួនធំពីស្រុកបរកែវ និងស្រុកអូរយ៉ាដាវនេះតែម្តង។ ជួនកាលដឹកមកតាមបណ្តាស្រុក-ក្រុង ឆ្ពោះទៅកាន់វៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវ ខ្លះទៀតយកមកទុកបណ្តោះអាសន្ន នៅស្រុកអូរយ៉ាដាវក្បែរៗច្រក និងជិតអតីតស្នាក់ការរដ្ឋបាលព្រៃឈើ តាមដងផ្លូវដ៏អនាធិបតេយ្យ រង់ចាំលោកអ៊ី ចំរើន បើកច្រក ឈ្មួញនឹងលើកដាក់រថយន្ត ដឹកទៅកាន់ប្រទេសវៀតណាមតាមច្រកអន្តរជាតិនេះ ក្នុងរយៈពេលបីទៅបួនថ្ងៃនឹងអស់ឈើដែលលាក់ទុកនោះតែម្តង។

ក្រៅពីដឹកជញ្ជូនតាមរថយន្តសាំងយ៉ុង រថយន្តបាឡែន ឡង់គ្រីស័រកែច្នៃនោះ ក្រុមឈ្មួញបានប្រើប្រាស់ជួលកម្មករដឹកជញ្ជូនតាមម៉ូតូ យ៉ាងប្រសាច ដឹកសុទ្ធតែឈើជ្រុង ប្រភេទឡាំងយកមកដាក់គនៅតាមផ្លូវ ក្នុងឃុំសោមត្រក ស្រុកអូរយ៉ាដាវ ដើម្បីឱ្យថៅកែដឹកជញ្ជូនតាម រថយន្តបន្តឆ្លងទៅប្រទេសវៀតណាម៕

RELATED ARTICLES