Saturday, April 20, 2024
Homeតារាខ្មែរមាស សុខសោភា ក្តោបក្តាប់ប្រាកចំណូលតារាស្រីហង្សមាស

មាស សុខសោភា ក្តោបក្តាប់ប្រាកចំណូលតារាស្រីហង្សមាស

មាស សុខសោភា កំពុងតែច្រៀងនៅប្រទេសបារាំង ជាមួយតារាចម្រៀងរួមទ្រនំ លោកប៉ុន សុណារិន្ទ ហៅខេម ដើម្បីច្រៀងសម្តែងនៅអាល្លឺម៉ង់ដ៍, បារាំង, អាមេរិក និងអាចបង្ហួសទៅដល់ប្រទេសកាណាដា ផងដែរ។

តាមរយៈរូបភាពដែលនាងមាស សុខសោភា ច្រៀងបទប្រពៃណីខ្មែរ ជាមួយតារាចម្រៀងខេម នោះ មានអាណិកជនខ្មែរ ជាច្រើនបានទៅចូលទស្សនារាំលេងពេញៗសាលសម្តែង ដែលបញ្ជាក់ថា សោភា ច្រៀងសម្តែងនៅទីផ្សារក្រៅប្រទេស គឺនាងមានសន្ទុះខ្លាំងជាងតារាស្រីល្បីៗផ្សេងទៀត ព្រោះថា នាងអាចច្រៀងបានគ្រប់ទម្រង់ទាំងអស់។

អ្វីដែលមាស សុខសោភា កាន់តែអាចទាក់ទាញអ្នកគាំទ្របានកាន់តែច្រើននៅទីផ្សារឯបរទេសថែមទៀតនោះ គឺបន្ទាប់ពីរយៈពេលចុងក្រោយនេះ តារាចម្រៀងស្រីល្បីៗរបស់ហង្សមាស ស្ទើរតែទាំងអស់មិនបានចេញទៅច្រៀងសម្តែងនៅប៉ែកអឺរ៉ុប ទៀតទេ ដែលជាហេតុធ្វើឱ្យសោភា កាន់តែមានការគាំទ្រច្រើនជាងឆ្នាំមុនៗទៅទៀត ព្រោះថា ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, សុគន្ធ និសា និងសួស វីសា ជាដើម សុទ្ធតែមិនចេញទៅច្រៀងនៅក្រៅស្រុកនោះទេ។

ឱក សុគន្ធកញ្ញា ជាប់កាន់កម្មវិធីធំៗ ដល់ទៅ៣ព្រមគ្នា គឺ The Voice Cambodia ,The Voice Kids Cambodia និង Cambodian Idol ហើយបើទោះជាពេលនេះ កម្មវិធីមួយចំនួនមិនទាន់ចាប់ផ្តើមរដូវកាលថ្មីក៏ដោយ តែកម្មវិធី The Voice Kids Cambodia នៅមិនទាន់ចប់ឡើយ ដែលធ្វើឱ្យសុគន្ធកញ្ញា មិនអាចចេញទៅក្រៅស្រុកបាននោះទេ ខណៈដែលពេជ្រ សោភា  មិនមានគម្រោងចេញទៅច្រៀងនៅប៉ែកអឺរ៉ុប ទេ  ឆ្នាំនេះ គឺនាងទៅបានតែប្រទេសជិតខាង ដូចជា កូរ៉េ ចំពេលដែលសុគន្ធ និសា រៀបការស្វាមីហើយនោះ អះអាងថា បើនាងចេញទៅច្រៀងនៅបរទេស គឺទាល់តែទៅជាមួយស្វាមី ទើបបាន ព្រោះមិនអាចទុកប្តីឱ្យនៅស្រុកខ្មែរម្នាក់ឯងបាន ស្របពេលដែលនាងសួស វីសា ដែលទើបបានតំណែងធំជាគ្រូបង្វឹក The Voice Kids Cambodia នោះ រឹតតែមិនហ៊ានចេញទៅក្រៅឡើយ ទើបធ្វើឱ្យតារាចម្រៀងស្រីជួរមុខទាំងនេះ បាត់បង់ការចេញទៅច្រៀងនៅបរទេស ហើយផ្តល់ឱកាសឱ្យមាស សុខសោភា កាន់តែត្រូវប៉ាន់ខ្លាំងជាងមុនទៅទៀត។

 

ប៉ុន្តែ យោងទៅតាមអាណិកជនខ្មែរ នៅបរទេស ដែលបានចូលទស្សនាការច្រៀងសម្តែងនៅប្រទេសអាល្លឺម៉ង់ដ៍ កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា បើទោះជាឱក សុគន្ធកញ្ញា ចេញទៅច្រៀងនៅបរទេស ក៏មិនមានការគាំទ្រច្រើនដូចមាស សុខសោភា ដែរ ព្រោះថា នៅបរទេស គេនិយមគាំទ្រសោភា ជាងសុគន្ធកញ្ញា។ សំអាងហេតុផលបែបនេះ ត្រូវបានអ្នកដែលទៅមើលការច្រៀងសម្តែងរបស់មាស សុខសោភា នោះ អះអាងថា ដោយសារតារាល្បីៗមួយចំនួនធ្លាប់ចេញមុខដង្ហែបក្ស ទើបធ្វើឱ្យពួកគេប្រឈមការបាត់បង់ការគាំទ្រ ចំណែកមាស សុខសោភា មិនដែលទៅដង្ហែបក្សនោះ ហើយបានជាមានអ្នកក្រៅស្រុក មានអាណិកជនខ្មែរ ទៅគាំទ្រការច្រៀងសម្តែងរបស់នាងច្រើន។

មាស សុខសោភា បានចេញទៅច្រៀងសម្តែងនៅបរទេស ដោយអមដំណើរដោយស្វាមីនាង លោកអ៊ឹត រ៉ាដា។ តាមព័ត៌មានថា សោភា មិនយកប្រាក់ខែពីម្ចាស់ Sponsor ដូចតារាមួយចំនួនទៀតឡើយ គឺនាងបែងចែកលុយដែលបានមកពីការលក់សំបុត្រជាមួយម្ចាស់ Sponsor នោះ ពាក់កណ្តាលម្នាក់ ហេតុនេះហើយការច្រៀង សម្តែងកាន់តែច្រើនដង ឬមានអ្នកទស្សនាកាន់តែច្រើន ធ្វើឱ្យសោភា កាន់តែបានប្រាក់ចំណូលខ្ពស់៕

RELATED ARTICLES