ម្នាក់ជាប់ខ្នោះ ២នាក់ទៀតរត់ចូលប៉ុស្តិ៍ទាន់ កុំអី…

0
415

ខេត្តឧត្តរមានជ័យ ៖ ពលរដ្ឋខ្មែរចំនួន៣នាក់ បានលបលួចចូលទៅក្នុងទឹកដីថៃ ដើម្បីកាប់ឈើគ្រញូង ទីបំផុត ត្រូវទាហានថៃ ប្រទះឃើញក៏ចាប់ឃាត់ខ្លួនបានម្នាក់ ខណៈដែល២នាក់ទៀត បានរត់រំដោះខ្លួនរួច ដោយចូលមកប៉ុស្តិ៍នគរបាលវរៈការពារព្រំដែនគោកលេខ៧០២។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចទល់មុខប៉ុស្តិ៍នគរបាលវរៈការពារព្រំដែន៧០២ ស្ថិតក្នុងភូមិអូស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនជាតិខ្មែរចំនួន៣នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) បានធ្វើសកម្មភាពលបលួចចូលទៅកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ បំណងយកមកលក់ឱ្យមេឈ្មួញ ដែលកំពុងឈរជើងចាំទិញនៅលើទឹកដីខ្មែរ។ លុះចូលទៅដល់ ក៏ត្រូវបានទាហានថៃ ប្រទះឃើញ ក៏ធ្វើការឃាត់ខ្លួនភ្លាមៗបានចំនួនម្នាក់ ខណៈដែលគូកន២នាក់ទៀត បានព្យាយាមរត់គេចខ្លួន ចូលមកក្នុងទឹកដីខ្មែរវិញដោយសុវត្ថិភាព៕