Wednesday, April 24, 2024
Homeតារាខ្មែរពេជ្រ ច័ន្ទធីតា គ្មានសញ្ញាភ្លើងខៀវពីហង្សមាស

ពេជ្រ ច័ន្ទធីតា គ្មានសញ្ញាភ្លើងខៀវពីហង្សមាស

ពិធីការិនីតូចតន់របស់ហង្សមាស កញ្ញាពេជ្រ ច័ន្ទធីតា ដែលជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី១ តែបរាជ័យក្នុងការលើកពាននោះ បានប្រាប់អ្នកកាសែតថា នាងអាចចូលច្រៀងនៅផលិតកម្មរស្មីហង្សមាស នាពេលខាងមុខ ព្រោះថ្វីត្បិតតែនាងជាពិធីការិនីហង្សមាស មែន តែអ្នកគ្រប់គ្រងផលិតកម្ម ធ្លាប់ឱ្យដំណឹងនាងថា ពេលណាចង់ច្រៀង គឺសូមឱ្យនាងប្រាប់ទៅខាងផលិតកម្មគេ នឹងឱ្យឱកាសដល់រូបនាងសាកល្បង។ ប៉ុន្តែរហូតមកដល់ពេលនេះ កញ្ញាធីតា នៅតែគ្មានសញ្ញាភ្លើងខៀវណាមួយពីហង្សមាស ទេ ទើបធ្វើឱ្យអតីតអ្នកគ្រូបង្រៀនអង់គ្លេស នៅក្រុងតាខ្មៅ ក្លាយទៅជាតារាចម្រៀងរូបនេះ ហាក់នៅទ្រឹងគ្មានទីតាំងពិតប្រាកដ បានបញ្ចោញសមត្ថភាពឡើយ ហើយនៅពេលរាត្រីនាងទៅច្រៀងនៅហាង V Friend។

តារាចម្រៀងល្បីៗរបស់ហង្សមាស បានបង្ហើបឱ្យដឹងថា ពេលនេះ ហង្សមាស មានតារាដែលគេត្រូវការឡើងគរជើងគ្នាទៅហើយ ចំណែករាល់កម្មវិធីប្រលងចម្រៀងនីមួយៗ ក្រៅពីរើសបានម្ចាស់ពានម្នាក់ហើយនោះ ហង្សមាស អាចទុកបេក្ខភាពដែលមិនជាប់ពានតែមានសមត្ថភាពនោះ ៥នាក់ ក្នុង១រដូវកាលក៏បានដែរ ហេតុនេះហើយកញ្ញាធីតា ហាក់មានឱកាសតិចតួចបំផុត ដែលមានសង្ឃឹមថា អាចចូលទៅប្រជ្រៀតជាមួយតារានៅហង្សមាស បាន។ តារាល្បីនៅហង្សមាស នោះ បាននិយាយថា ម៉េចបានជាធីតា មិនរកផ្លូវទៅច្រៀងនៅផលិតកម្មសាន់ដេ ឬថោន វិញទៅ មានសង្ឃឹមជាង។

ក្រៅពីមិនទាន់ម្រេចបំណងចូលច្រៀងនៅហង្សមាស នោះ កញ្ញាពេជ្រ ច័ន្ទធីតា ពេលនេះ នៅរក្សាតំណែងជាពិធីការិនីនៅហង្សមាស បានដដែល តាមរយៈកម្មវិធី “ឋានសួគ៌ក្រោមមេឃ” តែស្រីស្រស់តូចច្រឡឹងរូបនេះ គ្មានឱកាសបានកាន់កម្មវិធីផ្សាយផ្ទាល់ធំ ដូចពិធីការិនីផ្សេងទៀតរបស់ហង្សមាស ឡើយ។

យ៉ាងណា តាមព័ត៌មានបានឱ្យដឹងថា កញ្ញាពេជ្រ ច័ន្ទធីតា មានគូស្នេហ៍ជាតន្ត្រីករល្បីឈ្មោះ ហេតុនេះបើគ្មានឱកាសបានឈរជើងនៅហង្សមាស ក៏គូស្នេហ៍នាងជួយធ្វើបទចម្រៀងឱ្យនាងច្រៀងចេញតាម Youtube បានដែរ៕

RELATED ARTICLES