Thursday, April 25, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ត្រៀមសម្ពោធហាងបាយ

ព្រាប សុវត្ថិ ត្រៀមសម្ពោធហាងបាយ

ព្រាប សុវត្ថិ ដែលមានមុខរបរក្រៅពីការងារសិល្បៈ គឺមានហាងកាត់សក់, កាត់ដេរ និងលក់ទឹកផ្លែឈើស្រស់នៅមុខផ្ទះវីឡានៅទួលគោក នោះ នៅចុងឆ្នាំ២០១៨នេះ កំពូលតារាចម្រៀងដែលល្បីជាង២ទសវត្ស នៅហង្សមាស នេះ នឹងត្រៀមសម្ពោធហាងបាយ និង លក់កាហ្វេនៅម្តុំវត្តសំរោងអណ្តែត។

ការបោះទុនរកស៊ីនូវមុខជំនួញថ្មីនេះ ត្រូវបានលោកព្រាប  សុវត្ថិ ប្រាប់អ្នកយកព័ត៌មានយើងថា ដោយសារលោកមានដីនៅទីនោះ នៅទំនេរ មិនដឹងធ្វើអី ក៏បើកហាងបាយ កាហ្វេ តែម្តងទៅ។

តារាដែលមិនទាន់មានអ្នកចម្រៀងណាអាចផ្តួលបាននេះ បានប្រាប់អ្នកយកព័ត៌មានយើងថា ហាងលោក នឹងសាងសង់រួចរាល់អស់ ដោយដំណើរការនៅចុងឆ្នាំ២០១៨ ខាងមុខនេះហើយ។

 

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយ ដែលព្រាប សុវត្ថិ បានបើកហាងលក់បាយនោះ ព្រោះកាលពីឆ្នាំមុន តារាជើងចាស់របស់ផលិតកម្មរស្មីហង្សមាស នេះ ក៏ធ្លាប់បើកហាងលក់បាយនៅតាមបណ្តោយផ្លូវប៉ាស្ទ័រដែរ ដោយដាក់ឈ្មោះថា “ស្លឹកចាក”។ ប៉ុន្តែ ហាងនោះត្រូវបានព្រាប សុវត្ថិ លក់ទៅឱ្យពិធីការិនី CTN អ្នកនាងយុគ ចិន្តា ជាអ្នកគ្រប់គ្រងវិញ ដោយអ្នកនាងចិន្តា បានប្តូរហាងនោះទៅជាឈ្មោះ “ស្លឹកឈូក” ដែលដំណើរការរហូតមកដល់ពេលនេះ។

ព្រាប សុវត្ថិ ក្រៅពីពង្រីកមុខជំនួញសម្រាប់គ្រួសារបស់លោកនោះ ថ្មីៗនេះ តារាចម្រៀងដែលកំព្រាឪពុកតាំងពីនៅតូចក្រូចឆ្មារ តស៊ូរហូតបានជោគជ័យក្នុងអាជីពចម្រៀងនេះ ក៏បានងាកទៅធ្វើរកស៊ីផ្នែកអចលនទ្រព្យ ដោយលក់ដីឡូតិ៍ជាច្រើនហិកតារ នៅម្តុំភ្នំរាប។

ព្រាប សុវត្ថិ ហៅក្រៅ “ស្នាយ” នេះ ត្រូវបានគេប្រមាណថា លោកមានទ្រព្យច្រើនលានដុល្លារ ក្នុងនោះ មានដីធ្លីជាច្រើនកន្លែងនៅក្បែរវត្តសំរោងអណ្តែត និងនៅខេត្តរតនគិរី ផងដែរ។ ប៉ុន្តែ ព្រាប សុវត្ថិ មិនដែលអួតអាងថា លោកជាអ្នកមានម្នាក់ ក្នុងចំណោមសិល្បករដទៃទៀត ដែលត្រូវបានមហាជនវាយតម្លៃថា ជាអ្នកមានទ្រព្យច្រើន ដូចជា ខេមរៈ សិរីមន្ត, ចា រិទ្ធី, ឆាយ វីរៈយទ្ធ, យុគ ចិន្តា, គង់ សុជាតិ និងកែវ ស្រីនាង ជាដើមនោះឡើយ ដោយកន្លងមក ព្រាប សុវត្ថិ ថែមទាំងមិនចង់ឱ្យអ្នកកាសែតថតរថយន្ត និងផ្ទះរបស់លោកចុះផ្សាយឡើយ ព្រោះខ្លាចគេថា លោកអួត។

ទោះជាយ៉ាងណ ាគេនៅតែចាត់ទុកថា ព្រាប សុវត្ថិ មានលុយមិនចាញ់ឧកញ៉ាឡើយ ដែលភាគច្រើន ទ្រព្យទាំងនោះបានមកពីអាជីពសិល្បៈ ដែលលោកត្រូវប៉ាន់ជាង២០ឆ្នាំមកហើយ និងបានទិញដីធ្លីអំឡុងពេលនៅថោកៗ ហើយពេលនេះឡើងថ្លៃ ទើបធ្វើឱ្យតារាហង្សមាស រូបនេះ ក្លាយជាសេដ្ឋី។

ថ្វីត្បិតតែព្រាប សុវត្ថិ មានអ្វីៗគ្រប់យ៉ាង គឺលុយ ឡាន វីឡាែ ដលលោកធ្លាប់ប៉ងប្រាថ្នានោះ ស្ថិតក្នុងកណ្តាប់ដៃលោកនៅពេលនេះទៅហើយក្តី តែតារាចម្រៀងរូបនេះនៅតែតូចចិត្តចំពោះការគ្មានឪពុកដូចគេនៅជាមួយ សូម្បីតែរូបថតមួយសន្លឹក ក៏គ្មាន។ ពេលខ្លះលោកអង្គុយបង្ហូរទឹកភ្នែកតែម្នាក់ឯង ព្រោះនឹកឪពុកពេក ឬក៏មានតារាចម្រៀងណាដែលច្រៀងទាក់ទងពីឪពុកក៏មាន បើទោះជាកន្លងមក ហង្សមាស ធ្លាប់បានចេញបទចម្រៀង ឱ្យលោកដែលត្រូវនឹងជីវិតផ្ទាល់ខ្លួន គឺបទ “លោកឪពុក” ក៏ដោយតែរឹតតែធ្វើឱ្យកំពូលតារាចម្រៀងរូបនេះ កាន់តែនឹកឪពុកលើសដើម។

ទោះជាពេលនេះ ព្រាប សុវត្ថិ នៅមិនទាន់ធ្លាក់ចុះ ឬបាត់បង់ការគាំទ្រក៏ដោយសារ “ខ្ញីចាស់កាន់តែហឹរ” តែតាមរយៈការរុញកូនប្រុសទាំង៣នាក់ គឺសុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ឱ្យចូលច្រៀងនៅហង្សមាស នោះ បញ្ជាក់ថា កំពូលតារាចម្រៀងល្បីក្នុងស្រទាប់យុវវ័យបានយូរជាងគេនេះ បានត្រៀមខ្លួនរួចជាស្រេចទៅហើយ ក្នុងការបញ្ចប់អាជីពដោយ ឱ្យកូនប្រុសទាំង៣របស់លោកជាអ្នកស្នងតំណែង។

ទស្សនិកជនលើកឡើងថា ទោះជាព្រាប សុវត្ថិ ឈប់ច្រៀងក៏ពេលនេះ លោកមានប្រាក់ចាយមិនអស់ដែរ តាមរយៈកេរ្តិ៍ឈ្មោះដែលរក្សាបានជាង២ទសវត្សមកនេះ ហេតុនេះហើយតារាសិល្បករជំនាន់ក្រោយៗ គួរយកព្រាប  សុវត្ថិ គំរូម្នាក់ថា ហេតុអ្វីបានជាអ្នកចម្រៀងរូបនេះល្បីបានយូរជាងគេ ហើយពីកូនកំព្រាឪពុករស់នៅតែ២នាក់ ម្តាយស្ត្រីមេម៉ាយ តែពេលនេះ លោកសុវត្ថិ ក្លាយទៅជាតារាដែលមានទ្រព្យរាប់លានដុល្លារ បែបនេះ?៕

RELATED ARTICLES