Wednesday, April 24, 2024
Homeព័ត៌មានជាតិម្នាក់ៗរន្ធត់ចិត្ត សឹងទប់អារម្មណ៍មិនបាន តាមភរិយាសាកសព

ម្នាក់ៗរន្ធត់ចិត្ត សឹងទប់អារម្មណ៍មិនបាន តាមភរិយាសាកសព

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ព្រោះតែបុរសម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1G-823 ទើបនឹងត្រឡប់មកពីផ្ទះម្តាយវិញ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះបានព្យាយាមបន្ថែមល្បឿនវ៉ាជែងរថយន្ត១គ្រឿង មិនប្រយ័ត្ន ក៏បុកគ្នាជាមួយរថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-0989 ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ចំកង់មុខខាងឆ្វេងយ៉ាងពេញទំហឹង ធ្វើឱ្យម៉ូតូនិងជនរងគ្រោះ បានផ្លោងទៅកណ្តាលថ្នល់ ស្របពេលជាមួយួនោះ ក៏មានរថយន្ត១គ្រឿងទៀត មិនចាំម៉ាក និងស្លាកលេខ បើកមកពីក្រោយស្របទិសគ្នាជាមួយម៉ូតូ បានជ្រុលមកបុក និងកិនថែមបណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ គួរឱ្យសង្វេគជាទីបំផុត ចំណែករថយន្តបង្កបានបើកគេចបាត់ស្រមោល។ ក្រោយកើតហេតុ គេឃើញស្ត្រីជាប្រពន្ធសរសៃខ្ចី ទើបនឹងសម្រាលកូនបាន៣ខែ មកដល់កន្លែងកើតហេតុ ឃើញប្តីដេកស្លាប់ស្តូកស្តឹង ក៏ទួញយំស្រែកឱបសពប្តីរហូតដល់សន្លប់ បង្កើតបានជាទិដ្ឋភាពគួរឱ្យសង្វេគជាទីបំផុត ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។

បុរសរងគ្រោះដែលត្រូវរថយន្តបុក និងកិនស្លាប់ចោលប្រពន្ធកូនខ្ចីនេះ មានឈ្មោះកង ធី អាយុ២៥ឆ្នាំ មុខរបកម្មករោងចក្រ មានប្រពន្ធ និងកូនតូចអាយុទើបតែបាន៣ខែ ស្នាក់នៅម្តុំសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

បន្ទាប់ពីចុះធ្វើការវាស់វែងទីតាំងកើតហេតុរួចរាល់ សមត្ថកិច្ចជំនាញ បាននាំយកអ្នកបើកបររថយន្តបង្កម៉ាកកាមរីបាឡែន និងរថយន្ត ព្រមទាំងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី នៅពេលក្រោយ។

ដោយឡែក សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES