Friday, March 29, 2024
Homeព័ត៌មានជាតិលោកអធិការជិតឡើងតំណែង ប្រពន្ធតាមទាន់ពេលជួបស្រីស្នេហ៍ វាយហើមមុខ

លោកអធិការជិតឡើងតំណែង ប្រពន្ធតាមទាន់ពេលជួបស្រីស្នេហ៍ វាយហើមមុខ

ខេត្តតាកែវ៖ អំពើហិង្សាមួយបានកើតឡើង រវាងលោកអធិការនគរបាលស្រុកដូនកែវ និងភរិយា អំឡុងពេលលោក ឆ្លៀតទៅជួបស្រីស្នេហ៍ លុះប្រពន្ធតាមទាន់ក៏ឈ្លោះប្រកែកគ្នា ហើយលោកអធិការបានប្រើហិង្សាវាយប្រពន្ធពកថ្ងាស ហើមមុខ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៨ ស្ថិតក្នុងក្រុងដូនកែវ។

តាមព័ត៌មានបែកធ្លាយ បានឲ្យដឹងថា នៅយប់កើតហេតុ គេឃើញលោកឆាយ សាវុធ ដែលបច្ចប្បន្នមានតួនាទីជាអធិការនគរបាលក្រុងដូនកែវ និងកំពុងត្រៀមខ្លួនឡើងដំណែងជាស្នងការរងនគរបាលខេត្តតាកែវ នោះ បានទៅចូលរួមពិធីជប់លៀងពិធីប្រកាសចូលតំណែងប្រធានតុលាការខេត្តតាកែវថ្មី ផឹកសុីទាល់តែស្រវឹងជោគជាំ មានអារម្មណ៍ចង់ទៅជួបមុខស្រីស្នេហ៍ ក៏បានឆ្លៀតចេញទៅជួប ពេលនោះស្ត្រីជាភរិយាតាមទាន់ បានឈ្លោះប្រកែកគ្នា ហើយលោកអធិការក៏បានបញ្ចេញស្នាដៃវាយប្រពន្ធហើមមុខ ពកថ្ងាសតែម្តង។

បើយោងទៅតាមរូបថតស្ត្រីម្នាក់ ចំនួន៤សន្លឹក ដែលគេអះអាងថា ជាភរិយាលោកឆាយ សាវុធ នោះ បានបង្ហាញនូវស្នាមរបួស ក្រោយពីស្វាមីបានប្រើអំពើហិង្សា។

ព័ត៌មានបែកធ្លាយខាងលើនេះ អ្នកសារព័ត៌មានយើង មិនអាចទាក់ទងទៅលោកឆាយ សាវុធ បាននៅឡើយ ខណៈស្ត្រីជាភរិយារបស់លោក ក៏មិនអាចទាក់ទងបានដូចគ្នា។ យ៉ាងណា យើងរង់ចាំការបកស្រាយពីភាគីទាំង២ ជានិច្ច។

ដោយឡែក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ​នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជាឲ្យផ្អាកការងារលោកឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ ជាបណ្តោះអាសន្ន៕

RELATED ARTICLES