Thursday, April 18, 2024
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ក្របីជល់គ្នា តោកុំទៅជិត

បរិយាយថ្ងៃនេះ ៖ ក្របីជល់គ្នា តោកុំទៅជិត

ពីម្សិលមិញ យើងបានដកស្រង់ការសន្ទនាខ្លះៗរបស់តាញៀនកាហ្វេ ដែលមាននិន្នាការប្រឆាំង ដែលពួកគាត់និយាយស្របគ្នាថា អតីតមន្ត្រីបក្សប្រឆាំង (CNRP) ដែលកំពុងរស់នៅក្រៅប្រទេស នឹកប្រពន្ធកូនឪពុកម្តាយ ក៏ធ្វើជាឈ្លោះគ្នាឱ្យបក្សកាន់អំណាច (CPP) មើលឃើញថា ជាការបែកបាក់។ នៅពេលនេះទៀត យើងសូមដកស្រង់សម្តីតាញៀនកាហ្វេគាំទ្របក្សកាន់អំណាច មកបង្ហាញម្តង បន្ទាប់ពីពួកគាត់និយាយគ្នាថា “ក្របីព្រៃជល់គ្នា តោកុំទៅជិត” ដែលជាគំនិតផុសចេញពី មជ្ឈដ្ឋានមហាជននៅក្រៅរង្វង់នយោបាយ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ដោយសារតែពួកគាត់ធ្លាប់មើល “ឯកសារសត្វ” និងចាប់ចំណុចបានពីលក្ខណៈរបស់សិង្ហតោ មិនត្រូវធាតុគ្នាជាមួយក្របីព្រៃ ទើបតាៗញៀនកាហ្វេប៉ុន្មាននាក់ ដែលគាំទ្រ CPP លើកឡើងស្របគ្នាថា “ក្របីព្រៃជល់គ្នា តោកុំទៅជិត” ដែលជាគំនិតជ្រៅណាស់ បើពិចារណាមិនដល់កម្រិត ច្បាស់ជាមិនយល់គំនិតនេះទេ។ ជាទូទៅ ក្របីព្រៃ និងតោ ជាសត្វកាចសាហាវដូចគ្នា ប៉ុន្តែបើក្របីព្រៃវង្វេងចេញពីហ្វូងដើររកស៊ីម្នាក់ឯង ច្បាស់ជាតោលោតទៅខាំស៊ីមិនខាន ប៉ុន្តែបើមានក្របីតែពីរក្បាលឈរទល់ គូទគ្នានោះ តោ ពិបាកចូលណាស់។ នៅពេលឃើញក្របីកំពុងជល់គ្នា បើសិនជាតោល្ងង់ ដើរទៅជិត ធ្វើឱ្យក្របីមានការប្រុងប្រយ័ត្ន ឈប់ជល់គ្នាវា រួចងាកទល់គូទ រង់ចាំតទល់ជាមួយតោកំណាចវិញ ហើយបើតោ មានតែ១ក្បាល ហ៊ានលោតទៅខាំ ក្របី ច្បាស់ជាក្របីទាំងពីរនោះ វ័ធធ្លាយពោះមិនខាន។ បើតោឃ្លានចំណី ចង់ស៊ីសាច់ក្របី ត្រូវពួនសំងំក្នុងគុម្ពស្បូវ ចាំមើលក្របីជល់គ្នាឱ្យបាក់កម្លាំង មានរបួសទាំងសងខាងសិន ចាំលោតទៅសង្គ្រប់ ទើបក្របីតទល់មិនកើត ប៉ុន្តែបើហ៊ានជម្នះដើរទៅ គំរាមក្របី មិនទាន់បាក់កម្លាំង ច្បាស់ជាពួកវាឈប់ជល់គ្នា ងាកក្បាលទល់គូទ រង់ចាំស្វាគមន៍តោ មិនខានឡើយ នេះបើ បរិយាយតាមន័យត្រង់ ពាក់ព័ន្ធដល់ “ក្របីជល់គ្នា តោកុំទៅជិត” តាមអ្វីដែលតាញៀនកាហ្វេគាំទ្រ CPP បានលើកឡើង។

ទោះយ៉ាងណា បន្ទាប់ពីបង្ហាញគំនិតនេះរួច តាម្នាក់នោះ និយាយត្រង់ៗមិនបញ្ឆិតបញ្ឆៀងថា “ឥឡូវខ្សែកឹម សុខា និង ខ្សែសម រង្ស៊ី កំពុងឈ្លោះគ្នា ឈានទៅរកការបែកបាក់ គួរយើង (CPP) បាំងដៃឈរមើលវិញ កុំរវល់ទៅលូកលាន់ទើបល្អ”។ តាម្នាក់ទៀត បន្ថែមថា “លោកសម រង្ស៊ី កំពុងចោទប្រកាន់ CPP ថា ជាអ្នកបំបែកពួកប្រឆាំង ឱ្យទាស់គ្នា បើយើង (CPP) លូកដៃជួយការពារខ្សែកឹម សុខា នឹងដើរជាន់ការចោទប្រកាន់នោះហើយ”។ តាម្នាក់ទៀត សុទ្ធតែមាននិន្នាការគាំទ្របក្សកាន់អំណាច ដូចគ្នា ថែមរបោយថា “បើគេចោទប្រកាន់យ៉ាងនេះទៅហើយ នៅតែមានកាសែត វិទ្យុ ហ្វេសប៊ុក យូធូប ក៏ដូចអ្នកនាំពាក្យ នាំគ្នាជួយខ្សែលោកកឹម សុខា” គឺមិនខុសពី “លាក់មុខ គូទនៅកណ្តាលវាល” នោះទេ អ៊ីចឹងនៅឱ្យស្ងៀមល្អជាង ចាំពួកហ្នឹងបាក់កម្លាំង “មើលមុខគ្នាលែងត្រង់ ទាញយកចំណេញតែម្តង”…។

ការសន្ទនានៅមានច្រើនទៀត ប៉ុន្តែការដកស្រង់ខាងលើ យកតែចំណុចសំខាន់ៗមកបង្ហាញនេះ គឺមកពីតាៗទាំងនោះ ផឹកកាហ្វេខ្មៅក្តៅហុយៗ រាល់ព្រឹក ក៏បែកប្រាជ្ញាថ្លាគំនិត ចេះវិភាគរឿងនយោបាយបានល្អជាងអ្នកនាំពាក្យ ក៏អាចថាបាន។ ប៉ុន្មានថ្ងៃនេះ យើងឃ្លាំមើលឃើញថា ពិតជាមានមន្ត្រីរដ្ឋាភិបាលមួយចំនួន ក៏ដូចសារព័ត៌មាន វិទ្យុ តារាហ្វេសប៊ុកខ្លះ នៅមិនសុខទេ នៅពេលបានឃើញខ្សែលោកកឹម សុខា រិះគន់លោកសម រង្ស៊ី ដោយចោទប្រកាន់ពីរឿង “បក្សប្រហារ” ឬ “ប្រធាន ស្តីទីខ្យល់”។ លុះដល់ខ្សែលោកសម រង្ស៊ី វាយបកទៅខ្សែលោកកឹម សុខា ក៏ស្រាប់តែមន្ត្រីរដ្ឋាភិបាល និងអ្នកគាំទ្រ “ជួយ ថែមប៊ីចេង” គាំទ្រខ្សែលោកកឹម សុខា និងថ្កោលទោសលោកសម រង្ស៊ី។

ចំណុចនេះហើយដែលកំពុងដើរស្របនឹងករណី “ក្របីព្រៃជល់គ្នា តោកុំទៅជិត” បណ្តាលឱ្យតាញៀនកាហ្វេ ដែលស្រលាញ់ CPP ដូចគ្នា មិនពេញចិត្តនោះ។ បើសិនជាមន្ត្រី CPP នាំគ្នាបាំងដៃមើល ធ្វើមិនដឹងមិនឮ ដូចអ្វីដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា “អញឈប់និយាយចូលអ្ហែង” ប្រហែលជាស្រួលជាង ដែលអាចទទួលលទ្ធផលឆ្ងាញ់មាត់ ដូចករណីតោសំងំក្នុងគុម្ពស្បូវ លបមើលក្របីជល់គ្នា លុះដឹងថា ក្របីបាក់កម្លាំង មានរបួសដេកដួល តោ អាចចូលទៅចាប់ ហែកស៊ីទាំងពីរ ក៏បានដែរ។

សុភាសិតបារាំង ១ឃ្លាថា “មនុស្សយើងកើតឡើងសម្រាប់ជួយគ្នាទៅវិញទៅមក ដូច្នេះត្រូវបង្រៀនគ្នា ឬជួយគាំទ្រគ្នា ទៅវិញទៅមក” (Les hommes sont nés les uns pour les autres il faut donc les instruie ou les supporter) មានន័យថា “បើជាមិត្តភក្តិ ឬ កល្យាណមិត្ត ត្រូវតែជួយគាំទ្រគ្នា ប៉ុន្តែជាមួយគូសត្រូវ មិនអាចជួយគាំទ្រភ្លាមៗក្នុងពេល គេកំពុងឈ្លោះគ្នានោះទេ”។

នៅក្នុងប្រវត្តិសាស្ត្រខ្មែរ បានបញ្ជាក់ថា នាគ.ស ១៤៧៥ នៅកម្ពុជា មានស្តេច ៣ព្រះអង្គ ឈ្លោះដណ្តើមរាជ្យគ្នា។ ក្នុងនោះ មាន “ព្រះស្រីរាជា និងព្រះធម្មរាជា” “ទាំងពីរអង្គនេះ ជាព្រះរាជបុត្ររបស់ “ព្រះបាទពញាយ៉ាត” និងភាគី “ព្រះស្រីសុរិយោទ័យ” ជាបុត្ររបស់ព្រះបាទនារាយណ៍រាជា និងជាចៅព្រះប្រាទពញាយ៉ាត។ កាលនោះ ស្តេចទាំង៣អង្គ ពុះនគរ ជា៣ផ្នែក ចែកគ្នាគ្រប់គ្រង ដោយមានកម្លាំងទ័ពដូចគ្នា ប៉ុន្តែនៅទីបំផុត ខណៈដែលកងទ័ពព្រះស្រីរជា និងព្រះស្រីសុរិយោទ័យ ច្បាំងគ្នាឈាមដាបធរណីនោះ ព្រះធម្មរាជា បែរជាសំងំឃ្លាំមើល លុះដឹងថា ស្តេចទាំងពីរអង្គនោះ ទន់ដៃ ស្លាប់ពលរេហ៍ជិត អស់ ខ្វះស្បៀងអាហារ ព្រះធម្មរាជា ក៏លើកទ័ពទៅសង្គ្រប់យកឈ្នះតែម្តង ដោយចាប់ព្រះស្រីរាជា និងព្រះស្រីសុរិយោទ័យ យកទៅក្រុងអយុធ្យា ព្រោះមានអន្តរាគមន៍ពី “ព្រះចៅចក្រពត្តិ” ជាស្តេចសៀម។

ដូច្នេះយើងឃើញថា ព្រះធម្មរាជា ឆ្លាតណាស់ នៅពេលឃើញសត្រូវឈ្លោះកាប់ចាក់គ្នា មិនលូកដៃទេ ប៉ុន្តែបើសិនជាព្រះអង្គលើកទ័ពទៅតតាំងដែរនោះ មិនបានជោគជ័យទេ ដូចរឿង “ក្របីព្រៃជល់គ្នា តោកុំទៅជិត”។ ព្រះបាទធម្មរាជា ក៏បានឡើងសោយរាជ្យ មានឯកភាពជាតិ និងសុខសន្តិភាពរហូតមក ព្រោះតែប្រសប់ធ្វើនយោបាយនេះឯង។

យ៉ាងណាមិញ ខ្សែលោកសម រង្ស៊ី ក៏ដូចខ្សែលោកកឹម សុខា សុទ្ធតែប្រឆាំងគណបក្សប្រជាជនកម្ពុជា ដូចគ្នា រហូតដល់ CPP ភ័យផ្អែមមាត់ ២ដង កាលបោះឆ្នោតឆ្នាំ២០១៣ (ជ្រើសតំណាងរាស្ត្រ) និងបោះឆ្នោតឆ្នាំ២០១៧ (ជ្រើសមេឃុំ-ចៅ- សង្កាត់)។ លុះមានការរំលាយ CNRP និងចាប់ខ្លួនលោកកឹម សុខា ជាពួកប្រឆាំង “ខ្សែភ្លើងទៀន និងខ្សែសិទ្ធិមនុស្ស” ក៏សារធាតុប្រឆាំងនៅតែប្រឆាំងដដែលទេ។ ឥឡូវខ្សែទាំងពីរនេះ ឆ្លើយឆ្លងគ្នាដូចអាយ៉ៃស្មៀនម៉ុក គួរតែ CPP ឈរស្តាប់ សើចសប្បាយវិញ ល្អជាងទៅលូកដៃ។

ដូចលើកឡើងខាងលើរួចហើយថា បើសិង្ហតោឆ្លាត ពេលឃើញក្របីព្រៃជល់គ្នា សំងំឃ្លាំមើលឱ្យវាបាក់កម្លាំងសិន សឹមលោតសង្គ្រប់ តែបើដើរទៅត្រេងត្រាង ច្បាស់ជាក្របីដឹងខ្លួន ងាកក្បាលទល់គូទគ្នាមិនខានឡើយ។ រីឯព្រះបាទធម្មរាជា ឃ្លាំមើលការច្បាំងគ្នារវាងកងទ័ពព្រះស្រីរាជា និងព្រះស្រីសុរិយោទ័យ ដឹងថាបាក់កម្លាំងហើយ ក៏ចូលសង្គ្រប់ចាប់គូសត្រូវ ទាំង២អង្គនោះ ដណ្តើមអំណាចបានយ៉ាងស្រួល។ យុទ្ធសាស្ត្រនយោបាយ “មិនឆ្លើយតប” ក្នុងពេលសត្រូវឈ្លោះគ្នា បើធ្វើតែថ្នាក់លើ ឯថ្នាក់ក្រោម “ប្រឹងឆ្លើយឆ្លង ឬជួយម្ខាងៗ” អាចធ្វើឱ្យសត្រូវដឹងខ្លួន ចេះប្រុងប្រយ័ត្ន ជួនកាលគេ “ធ្វើជាឈ្លោះគ្នា ដើម្បីបានចូលស្រុក” ក៏ថាបាន។

សរុបទៅ “ក្របីជល់គ្នា តោកុំទៅជិត” ដែលដកស្រង់ពីសម្តីតាៗញៀនកាហ្វេធ្លាប់មើលឯកសារសត្វនោះ ចាត់ទុកជា “សម្តីមាស គំនិតពេជ្រ” ដែលអ្នកនយោបាយមិនគួរមើលរំលង។ អ៊ីចឹងបើសិនជាអ្នកគាំទ្របក្សកាន់អំណាច នៅតែបន្តកាន់ជើងខ្សែលោកកឹម សុខា ហើយព្រួតគ្នាថ្កោលទោសខ្សែលោកសម រង្ស៊ី អាចធ្វើឱ្យអន្តរជាតិ ដែលកំពុងតាមដានរឿងខ្មែរ ដែរនោះ ចាប់ថ្នាក់បានថា “លាក់មុខ គូទនៅកណ្តាលវាល” ខណៈដែល CPP តែងការពារខ្លួនថា ពួកប្រឆាំងឈ្លោះគ្នា កុំចោទ CPP ថានៅពីក្រោយ ដូច្នេះគួរនៅស្ងៀម កុំរវល់គាំទ្រខាងណា ទើបទទួលបានលទ្ធផលល្អ…៕

RELATED ARTICLES