Friday, April 19, 2024
Homeខ្សឹបឲ្យឮខ្សឹបឲ្យឮ ៖ វិនិយោគអត់ដើម

ខ្សឹបឲ្យឮ ៖ វិនិយោគអត់ដើម

ក្រុមមន្ត្រីដែលបម្រើការនៅប្រៃសណីយ៍កម្ពុជា បានខ្សឹបឱ្យឮតាម “នគរធំ” ថា ប្រៃសណីយ៍កម្ពុជា ក្រោមការដឹកនាំរបស់លោកអោក បូរ៉ា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បានកើតមានឡើងនូវភាពមិនប្រក្រតីយ៉ាងធ្ងន់ ដោយសារតែអំពើពុករលួយរបស់លោកអគ្គនាយកដុះស្លែរ និងក្រុមបក្ខពួកជំនិតៗ តាមរយៈការបំប៉ោងតួលេខ នៅក្នុងបញ្ជីចំណាយ ដើម្បីទទួលបានផលចំណេញកប់ក្តោង ដែលហៅថា វិនិយោគដោយមិនចាំបាច់ប្រើដើមទុន ឬធ្វើនំអត់ម្សៅ។

ក្រុមមន្ត្រីប្រៃសណីយ៍កម្ពុជា បានខ្សឹបឱ្យឮថា នៅក្នុងឆ្នាំ២០១៨កន្លងទៅ ប្រៃសណីយ៍កម្ពុជា បានចំណាយថវិការបស់ខ្លួន ក្នុងការទិញសម្ភារៈ និងការងារជុសជុល អស់មិនក្រោម៩០០០លានរៀលនោះទេ គិតជាប្រាក់ដុល្លារ ប្រមាណជាង២លានដុល្លារអាមេរិកឯណោះ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការចំណាយមួយចំនួនធំ នៅក្នុងទំហំទឹកប្រាក់ដ៏សន្ធឹកសន្ធាប់ខាងលើនេះ (៩០០០លានរៀល) ស្ថិតនៅតែលើក្រដាសប៉ុណ្ណោះ តែការចំណាយពិត អាចនិយាយបានថា អស់ប្រាក់មិនដល់៥០ភាគរយ នៃចំនួនខាងលើផង ប៉ុន្តែអ្វីដែលគេបំប៉ោងតួលេខក្នុងការចំណាយ គឺដើម្បីផលចំណេញផ្ទាល់ខ្លួន ដែលមិនខុសពីការវិនិយោគ ដោយមិនចាំបាច់ប្រើដើមទុននោះទេ។

ប្រភពខាងលើ បានខ្សឹបបន្តថា ការចំណាយដែលគេមើលឃើញថា ស្ថិតក្នុងអំពើពុករលួយដ៏ធំនៅប្រៃសណីយ៍កម្ពុជា គឺការប្រើប្រាស់ប្រេងឥន្ធនៈ ដោយក្នុងឆ្នាំ២០១៨ បានចំណាយអស់ទឹកប្រាក់ រហូតដល់ជិត១៧០០លានរៀល ការចំណាយលើការទិញសំបកបាវ អស់ទឹកប្រាក់១០០០លានរៀល រួមនិងការចំណាយលើការទិញមុខទំនិញ និងសំណង់ជាច្រើនមុខទៀត រហូតអស់ទឹកប្រាក់សរុបខ្ទង់ ៩០០០លានរៀល។

ប្រភពដដែល បានខ្សឹបបន្តទៀតថា ទោះបីនៅប្រៃសណីយ៍កម្ពុជា ក្រោមការដឹកនាំរបស់លោកអោក បូរ៉ា សម្បូររឿងអាស្រូវមែន ប៉ុន្តែ លោកអោក បូរ៉ា ជាមនុស្សមានភាពវ័យឆ្លាត និងពូកែរក្សាការងារសម្ងាត់ខ្លាំងណាស់ តាមរយៈការចេះចែករំលែកផលប្រយោជន៏ដល់បក្ខពួក និងមន្ត្រីសំខាន់ៗ ទើបធ្វើឱ្យគាត់អង្គុយកៅអីអគ្គនាយក បានយ៉ាងសុខស្រួល។ សម្រាប់ក្រុមអធិការកិច្ច ឬសវនកម្ម ក៏លោកអគ្គនាយកអោក បូរ៉ា ពូកែយល់ចិត្តដែរ ដូច្នេះហើយ ទើបលោកអោក បូរ៉ា អាចកាន់តំណែងជាអគ្គនាយកប្រៃសណីយ៍កម្ពុជា បានរហូតដល់សព្វថ្ងៃ… ហេស ! ហេ ! តំណែងនេះ សូមប៉ាវដាច់ហើយ ក្នុងមួយជីវិតនេះ!…។

ទោះជាយ៉ាងណា ជុំវិញការខ្សឹប និងការចោទប្រកាន់ ពីមន្ត្រីក្រោមឱវាទខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពី លោកអោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕                       ខៀវ ទុំ

RELATED ARTICLES