Thursday, April 25, 2024
Homeព័ត៌មានជាតិតាពិការភ្នែកអាយុ៦៧ឆ្នាំ ព្យាយាមឡើងត្នោត ១ថ្ងៃ រកប្រាក់បាន២ទៅ៣ពាន់រៀល

តាពិការភ្នែកអាយុ៦៧ឆ្នាំ ព្យាយាមឡើងត្នោត ១ថ្ងៃ រកប្រាក់បាន២ទៅ៣ពាន់រៀល

ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ ពិការភ្នែកទាំងសងខាងម្នាក់ មានវាសនាអភ័ព្វខ្លាំងណាស់ រស់នៅលំបាកវេទនា គ្មានទីពឹង គ្មានកូនចៅមើលថែ ប្រឹងទាំងងងឹតរាវពពីមពពើម ឡើងត្នោត ត្រងយកទឹកត្នោត ដើម្បីលក់យកកម្រៃយកមកចិញ្ចឹមជីវិត និងប្រពន្ធ ដោយអាចរកកម្រៃ យ៉ាងច្រើនបានតែ២ទៅ៣ពាន់រៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

បុរុសចំណាស់អភ័ព្វរូបនេះ មានឈ្មោះទួន សូត អាយុ៦៧ឆ្នាំ សព្វថ្ងៃរស់នៅភូមិស្លែង ឃុំស្វាយរំពា ស្រុកបសេដ្ឋ។

លោកតាទួន សូត បានរៀបរាប់ប្រាប់ថា គាត់មានប្រពន្ធឈ្មោះវ៉ែន យឺន អាយុ៦៧ឆ្នាំ មានកូន៧នាក់ (ប្រុស២ ស្រី៥) បច្ចុប្បន្នបានបែក ផ្ទះទៅធ្វើការរកស៊ីរៀងៗខ្លួនអស់ហើយ ហើយសព្វថ្ងៃ គាត់និងប្រពន្ធរស់នៅតែ២នាក់ប៉ុណ្ណោះ ដោយប្រពន្ធដើរស៊ីឈ្នួលគេ ចំណែកគាត់ឡើងត្នោតយកទឹកមកលក់ គ្រាន់បានលុយទិញម្ហូបអាហារប្រចាំថ្ងៃ។ តាមពិតភ្នែករបស់គាត់ ងងឹតសូន្យឈឹងមើលអ្វីមិនឃើញ អស់រយៈពេល៥៤ឆ្នាំមកហើយ ដោយសារតែគាត់បានកើតមានជំងឺកញ្ជ្រិលចេញចំភ្នែក តាំងពីអាយុ១៣ឆ្នាំ ទើបធ្វើឱ្យគាត់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាងតាំងពីពេល នោះរហូតមក។

លោកតាទួន សូត បន្តថា ក្រោយពីធំពេញវ័យកំលោះ ឪពុកម្តាយរបស់គាត់ ក៏បានរៀបចំឱ្យមានគូស្រករដូច កម្លោះដទៃក្នុងភូមិដែរ ក្រោយរៀបការ គឺគាត់ប្រកបរបរធ្វើស្រែដូចអ្នកភូមិផ្សេងទៀត។ ទោះជាភ្នែកងងឹត ក៏គាត់ខិតខំធ្វើស្រែចម្ការចិញ្ចឹមប្រពន្ធកូន ដោយគ្មានរា ថយឡើយរហូតដល់កូនធំពេញវ័យមានប្តីប្រពន្ធបែកទៅរស់នៅរៀងៗខ្លួនអស់ទៅ។

លោកតាទួន សូត បានបញ្ជាក់ថា សព្វថ្ងៃនេះ ត្បិតថាគាត់ពិការភ្នែក រកស៊ីឡើងត្នោតទាំងត្រដាបត្រដួសមែន តែគាត់ដាច់ខាត មិនដើរសុំទានគេដាច់ខាត ដោយសុខចិត្តចាប់យករបរឡើងត្នោត លក់យកកម្រៃ ដើម្បីចញ្ចឹមជីវិតចុងក្រាយរបស់គាត់។ យ៉ាងណា គាត់ក៏សំណូមពរដល់សប្បុរសជន មេត្តាឧបត្ថម្ភ ដល់គាត់តាមលទ្ធភាព ដើម្បីឱ្យជីវិតគាត់រស់នៅបានធូរស្រាល ស្គាល់ម្ហូបឆ្ងាញ់ ដេកលក់ស្រួលក្នុងជីវិតចុង ក្រោយមួយនេះផងទៅចុះ៕

RELATED ARTICLES