Thursday, April 25, 2024
Homeព័ត៌មានជាតិនឹកស្មានថា ឪពុកស្រវឹងដេកមិនទាន់ក្រោក លុះដល់ថ្ងៃត្រង់ ទ្រហោយំគ្រប់គ្នា

នឹកស្មានថា ឪពុកស្រវឹងដេកមិនទាន់ក្រោក លុះដល់ថ្ងៃត្រង់ ទ្រហោយំគ្រប់គ្នា

ខេត្តឧត្តរមានជ័យ៖ ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុចលើគ្រែខាងក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង។

បុរសរងគ្រោះ មានឈ្មោះខ្លម ឃួន អាយុ៦១ឆ្នាំ ជានិវត្តន៍ជន មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះអាន សារិន អាយុ៣០ឆ្នាំ ត្រូវជាកូនស្រីរបស់សព បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០យប់ថ្ងៃដដែល ខណៈដែលនាងកំពុងដេកនៅក្នុង តូបលក់ចាប់ហួយខាងមុខផ្ទះជាមួយកូនតូច ស្រាប់តែឪពុកបានដើរមកប្រលែងជាមួយចៅស្រី ហើយក៏ត្រឡប់ទៅសម្រាកនៅកន្លែងគាត់វិញទៅ។

កូនស្រីរបស់ជនរងគ្រោះខាងលើបានបន្តថា លុះស្អែកឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នាងបានប្រើកូនស្រី ឈ្មោះមុត រក្សា អាយុ៧ឆ្នាំ ឱ្យទៅដាស់ជីតា (ជនរងគ្រោះ) ពេលនោះកូនស្រីបានដើរទៅដាស់ រួចត្រឡប់មកវិញប្រាប់នាងជាម្តាយថា “តាអត់ក្រោកទេ” ពេលនោះនាងក៏មិនបានចាប់អារម្មណ៍អ្វីដែរ នឹកស្មានថាឪពុកស្រវឹងស្រាខ្លាំងក្រោកមិនទាន់រួច ទើបដើរដឹកគោចេញទៅចង និងបន្តធ្វើកិច្ចការងារផ្ទះ លក់ដូរតាមធម្មតា។ រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃដដែល ជីដូនរបស់នាងឈ្មោះរៀន រួម អាយុ៧៤ឆ្នាំ (ម្តាយក្មេករបស់ជនរងគ្រោះ) ដែលមានផ្ទះនៅខាងក្រោយ បានដើរមកលេង និងបានចូលទៅដាស់កូនប្រសា ទើបដឹងថា កូនប្រសាស្លាប់រឹងស្តូកទៅហើយ ទើបកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយទទួលព័ត៌មាន លោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងទទួលផ្នែកព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញការិយាល័យបច្ចេកទេស សហការជាមួយកម្លាំងក្រុង និងបានស្នើសុំគ្រូពេទ្យបង្អែកខេត្ត ចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យសាកសព រួចបញ្ជាក់ថា សាកសពពុំមានស្លាកស្នាមរបួសអ្វី គួរឱ្យសង្ស័យពាក់ព័ន្ធនឹងបទល្មើសនោះទេ គ្រាន់តែមានស្នាមឈាមនៅខ្នងខ្លួនឡើងរឹង និងមានធុំក្លិនតិចៗ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង។ ក្រោយពិនិត្យទីកន្លែងកើតហេតុ និងសាកសពរួច កម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

បន្ទាប់មក ត្រូវ​នឹង​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ គណៈកម្មាធិការសមាគមនអតីតយុទ្ធជនកម្ពុជា ក្រុងសំរោង ដឹកនាំដោយលោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុង និងជាប្រធានគណៈកម្មាធិការស.អ.ក ក្រុងសំរោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានគណៈកម្មាធិការស.អ.កខេត្ត ដោយមានការចូលរួមពីលោក ចៀម តុប ចៅសង្កាត់ និងជាប្រធានកិត្តិយសសាខាស.អ.កសង្កាត់សំរោង, លេខាធិការស.អ.កខេត្ត រួមនឹងកម្លាំងទាំង៣ បាននាំយកប្រាក់បេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល ទៅប្រគល់ជូនដល់គ្រួសារសព៕

RELATED ARTICLES