Thursday, April 25, 2024
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ដំរី និងសេះ

បរិយាយថ្ងៃនេះ ៖ ដំរី និងសេះ

បើសិនជាមានការប្រកួតសាកកម្លាំងគ្នា រវាង “ដំរី និងសេះ” ច្បាស់ណាស់ថា កម្លាំងសេះ១០ក្បាល មិនស្មើដំរី១ក្បាលផង ប៉ុន្តែអកុសលអ្វី ធម្មជាតិបានបង្កើតសត្វទាំងពីរនេះ មកឱ្យ “ខ្លាចគ្នាទៅវិញទៅមក” ឱ្យនៅជិតគ្នាមិនបានឡើយ។ យ៉ាងណាមិញ ប៉ុន្មានថ្ងៃកន្លងទៅនេះ ឮតែពាក្យថា “ខ្លាច, កំសាក, មិនហ៊ាន, ញ៉ាក…” លេចឡើងតាមយូធូប ហ្វេសប៊ុក វេទិកាតុកាហ្វេនានា ពាក់ព័ន្ធដល់រឿងនយោបាយ “ខ្លាចគ្នា” ដែល “នគរធំ” ក្តាប់បាន ក៏លើកពីលក្ខណៈធម្មជាតិរបស់ “ដំរី និងសេះ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីអំឡុងទសវត្សឆ្នាំ១៩៦០ ស្រុកខ្មែរសម្បូរដំរី សេះ សម្រាប់ជាមធ្យោបាយធ្វើដំណើរ ខណៈដែលផ្លូវគមនាគមន៍ មិនទាន់រីកចម្រើនដូចសព្វថ្ងៃ ហើយសត្វពានៈទាំងពីរប្រភេទនេះ ងាយស្រួលក្នុងការផ្ទុកទំនិញ ដើរកាត់ផ្លូវភក់ផុង ក្រហេងក្រហូង។ កាលអាចារ្យថាំ នៅកុមារ ធ្លាប់ឃើញជាក់ស្តែងនឹងភ្នែក ដោយកាលនោះ មានដំរីមាឌធំសម្បើម ១ក្បាល ត្រូវហ្មទាមលើក្បាល បរមកពីទិសខាងកើត និងមានរទេះសេះ ១ទៀត បរមកពីទិសខាងលិច បញ្ច្រាសគ្នា។ ពេលសត្វទាំងពីរមកជិតទល់មុខគ្នា ស្រាប់តែដំរីផ្អើលសេះ ស្ទុះទៅក្រោយ ពារលើគុម្ពោតព្រៃនៅខាងផ្លូវ ជាន់មាន់ងា់ប់បួនប្រាំ ទោះជាហ្មយកកង្វេរ កាវស្លឹកត្រចៀកវាយ៉ាងណា ក៏ដំរីលែងស្តាប់បង្គាប់។ ដោយឡែក សេះទឹមរទេះនោះ ស្រាប់តែផ្អើលខ្លាចដំរី ដោយវាទាញរទេះធ្លាក់ស្នា់មភ្លោះ ក្រឡាប់បះជើង តែសំណាងល្អ អ្នកបរទេះលោតរួច ហើយទោះជាប្រឹងតោងខ្សែបង្ហៀរយ៉ាងណា ក៏សេះនោះ លែងញាក់តាម។ ពេលនោះ ក៏ឮចាស់ៗប្រាប់ថាៗ អាសត្វដំរី និងសេះនេះ វាខ្លាចគ្នា តាមលក្ខណៈធម្មជាតិ តាក់តែងមក គ្មានមនុស្សណាបង្ហាត់វាឱ្យខ្លាចគ្នានោះទេ។ ជាងនេះទៀត ក៏មានព្រឹទ្ធាចារ្យខ្លះធ្លាប់ចេះដឹងពីប្រវត្តិសាស្ត្រ លើកឡើងថា កាលពីបុរាណ ពេលលើកទ័ពទៅសមរភូមិ គេមិនឱ្យកងទ័ពដំរី និងកងទ័ពសេះនៅជិតគ្នាទេ ដោយចាត់កងទ័ពដំរីជា “ស្លាប ស្តាំ” ឯកងទ័ពសេះ ជា “ស្លាបឆ្វេង”។ បើសិនជាដំរី និងសេះ នៅជិតគ្នា ច្បាស់ជាផ្អើលខ្លាចគ្នា បោលចូលព្រៃអស់មិនខានឡើយ ជាពិសេស ដំរី ខ្លាចសំឡេងសេះកញ្ជ្រៀវ “ហេះ! ហេះ! ហេះ!” ចំណែកសេះ ខ្លាចសម្រែក “វូម! វូម! វូម!” របស់ដំរី។

យ៉ាងណាមិញ ប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកគាំទ្របក្សកាន់អំណាច (CPP) លើកឡើងថា “សម រង្ស៊ី ជាមនុស្សកំសាក! មិនហ៊ានចូលស្រុក ខ្លាចខ្នោះនឹងគុករង់ចាំស្វាគមន៍!” ចំណែកអ្នកគាំទ្រអតីតបក្សប្រឆាំង (CNRP) ក៏លើកឡើងដែរថា “បក្សកាន់អំណាច ខ្លាចលោកសម រង្ស៊ី” កើតទៅជាការបន្តុះបង្អាប់គ្នាទៅវិញទៅមក រង្គើហ្វេសប៊ុក។ ដូច្នេះ យើងសាកល្បងពិចារណាដែរថា “តើអ្នកណាខ្លាចអ្នកណា?” ដែលចម្លើយសមស្របបំផុតសម្រាប់កាលៈទេសៈនេះ “បក្សកាន់អំណាច ញញើតពួកប្រឆាំង រីឯពួកប្រឆាំង ខ្លាចបក្សកាន់អំណាច”។ ពាក្យ “ញញើត និងខ្លាច” នេះ មានន័យប្រហាក់ប្រហែលគ្នា ប៉ុន្តែមុននឹងជម្រះទស្សនៈគួរដកស្រង់សម្តីវាគ្មិនមួយចំនួន មកបង្ហាញសិន ៖

លោកសុខ ឥសាន អ្នកនាំពាក្យ CPP បានលើកឡើងថា “សម រង្ស៊ី ជាមនុស្សកំសាកបំផុត មិនហ៊ានចូលស្រុកទេ ព្រោះខ្នោះ និងគុកកំពុងរង់ចាំ”។ ចំណែកតាញៀនកាហ្វេម្នាក់ មាននិន្នាការប្រឆាំង លើកឡើងថា “តាមពិត CPP ខ្លាចលោកសម រង្ស៊ី ខ្លាំងណាស់ ព្រោះបើក្លាហាន ត្រូវបើកផ្លូវឱ្យ CNRP រស់វិញ បានបោះឆ្នោតសាកមើល”។ ជាងនេះទៀត លោកសម រង្ស៊ី “ប្រធានស្តីទី CNRP” ក៏បានអួតអាងថា “សម្តេចហ៊ុន សែន ខ្លាចសម រង្ស៊ី ខ្លាំងណាស់”។

ការឆ្លើយឆ្លងពាក់ព័ន្ធនឹងរឿង “ញញើត និងខ្លាច” នេះស្មើដៃគ្នាតែម្តង ដែលអាចជម្រះទស្សនៈបានថា “ភាគីទាំងពីរ ដូចដំរី និងសេះ” ដាក់ជិតគ្នាមិនបានទេ។ បើឃ្លាំមើលឱ្យដិតដល់ទៅ ការកើនសំឡេងឆ្នោតរបស់បក្សប្រឆាំង ដណ្តើមបានអាសនៈរដ្ឋសភា ចាប់ពី១៥, ២៤, ២៦, រហូតដល់៥៥ និងដណ្តើមបានកៅអីក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន៥០០៧កៅអីនោះ ធ្វើឱ្យ “CPP ញញើត”។ ចំណែក “សាលដីកាតុលាការកំពូល” និងបណ្តឹងជិត១០ករណីនោះ ធ្វើឱ្យលោកសម រង្ស៊ី “ខ្លាចច្បាប់” ព្រោះថា “ច្បាប់តឹងតែង ប៉ុន្តែនេះគឺជាច្បាប់” (La loi est dure mais c’est la loi) ជាសុភាសិតបារាំង សំដៅទូន្មាន អ្នកនយោបាយកុំប្រឈមនឹងច្បាប់ ទោះជាច្បាប់នោះតឹងង៉ាង ឬធូរស្ប៉ត ក៏ត្រូវតែគោរពដែរ។ ការកើនឡើងនូវចំនួនអាសនៈ របស់ CNRP ធ្វើឱ្យ CPP ញញើត មិនចង់ឱ្យខ្មោចបក្សនេះរស់វិញទេ ជាពិសេស មិនហ៊ានប្រថុយឱ្យ CNRP ចូលប្រកួតក្នុងការបោះឆ្នោត ជាហេតុនាំឱ្យលោកសម រង្ស៊ី និងអ្នកគាំទ្រ បញ្ចោញអំនួតថា “សម្តេចហ៊ុន សែន ខ្លាចសម រង្ស៊ី”។ ចំណែកមេបក្សប្រឆាំងធំជាងគេនោះ ដែលប្រកូកប្រកាសថា នឹង “ចូលស្រុកនៅដើមឆ្នាំ២០១៩” នោះ កំពុងតែ “ខ្លាចច្បាប់” ព្រោះគាត់វ័ណ្ឌកជាច្រើនករណី ប៉ុន្តែភាគីទាំងពីរនេះ ចេះរបៀប “កម្លា” ដូចគ្នា។ ពាក្យកម្លា គេយកមកប្រើនៅក្នុង “ពេលខ្លាច ញញើត” ហ្នឹងឯង ដូចមនុស្សខ្លាចខ្មោច ក៏និយាយកម្លាថា “ខ្លាចអីខ្មោច ខ្លាចតែមនុស្ស” ជាដើម។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ញញើតលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ពាក់ព័ន្ធអាវុធនុយក្លេអ៊ែរ ចំណែកលោកគីម ជុងអ៊ុន ក៏ “ខ្លាច” លោកដូណាល់ ត្រាំ ជាមហាអំណាច។ សិង្ហតោ ញញើតក្របីព្រៃ នៅពេលក្របីឈរទល់គូទគ្នា ចំណែកក្របីព្រៃ ខ្លាចសិង្ហតោ ដែលជាស្តេចសត្វចតុប្បាទ។ សត្វមៀម ខ្លាចសត្វក្អែក ក៏សំងំលាក់ខ្លួននៅពេលថ្ងៃ មិនហ៊ានចេញរកស៊ី រីឯក្អែក ខ្លាចមៀម ទើបវាមិនហ៊ានចេញរកស៊ីពេលយប់ និងស្អប់គ្នា ចង់ពៀរវេរានឹងគ្នាអស់១កប្ប ទើបកម្លាច និងគំនុំ រវាងសត្វទាំងពីរ រលុបរលាយ។

ដូច្នេះយើងឃើញថា បក្សកាន់អំណាច និងអតីតបក្សសង្គ្រោះជាតិ មានចំណុចខ្លាចញញើត គ្នាវិញទៅមក ប៉ុន្តែភាគីណា ក៏ដូចភាគីណា មិនដែលបង្ហាញពីចំណុចខ្លាចញញើតនោះ ឱ្យសាធារណជនបានដឹងទេ។ ដូចេលើកឡើងពីយុទ្ធសាស្ត្រ ប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង រួចហើយ មកពីពួកគាត់ខ្លាចញញើតគ្នាទៅវិញទៅមក ក៏សសៀរៗទៅរកការចរចា ដើម្បីទម្លុះភាពទាល់ច្រក។ សម្រាប់អ្នកនយោបាយខ្មែរ ក៏យ៉ាងនេះដែរ បើនៅតែបន្តជម្លោះនយោបាយ ១០០ឆ្នាំទៀត ក៏នៅតែប៉ុណ្ណឹង បានត្រឹម “ម្ខាងញញើត ម្ខាងខ្លាច” បែងចែកនិន្នាការក្នុងស្រទាប់មហាជន ប៉ុន្តែបើសសៀរៗរកផ្លូវ ចរចាទើបអាចទម្លុះភាពទាល់ច្រកបាន។ ជភភ បង្ហាញជំហរថា “ដាច់ខាតគ្មានការចរចា, ខ្មោច CNRP មិនរស់វិញ” ប៉ុន្តែ CNRP ក៏បានបង្ហាញយុទ្ធសាស្ត្រ “ពឹងសហភាពអឺរ៉ុប” ឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ យុទ្ធសាស្ត្រប្រទាំងប្រទើសគ្នានេះ តម្រូវឱ្យភាគីទាំង២ មានការប្រុងប្រយ័ត្ន និងរកល្បិចការពារខ្លួន ដោយ “ខ្លាចគ្នាទៅវិញទៅមក”។ បើក្របីព្រៃ តែ១ក្បាល តោ អាចលោតទៅសង្គ្រប់ហែកស៊ីបានភ្លាម ប៉ុន្តែបើក្របីព្រៃ ២ក្បាល ឈរទល់គូទគ្នា ធ្វើឱ្យតោ ញញើតស្នែងក្របី។ អ៊ីចឹង លុះត្រាតែខ្សែសម រង្ស៊ី និងខ្សែកឹម សុខា បែកបាក់គ្នា ទើប CPP ឈប់ញញើត ប៉ុន្តែបើខ្សែប្រឆាំងទាំងពីរហ្នឹង ប្រកាសរួបរួមគ្នាវិញ នៅឆ្នាំ២០១៩ នេះ អាចធ្វើឱ្យ CPP ញញើត ដូចសភាវៈធម្មជាតិ តម្រូវឱ្យ “ដំរី និងសេះ” ខ្លាចគ្នា។

សរុបទៅ “ដំរី និងសេះ” ចាត់ទុកជាបរិបទ សម្រាប់អ្នកវិភាគតាមវេទិកា តុកាហ្វេពិចារណា បញ្ចប់ជម្លោះផ្លូវចិត្ត ឬ សតិអារម្មណ៍ ក៏ដូច “មនោសញ្ចោតនាបក្ស”។ ធម្មតាអ្នកគាំទ្រ CPP ត្រូវតែចោទប្រកាន់លោកសម រង្ស៊ី ថា “ខ្លាច មិនហ៊ានចូលស្រុក” រីឯអ្នកគាំទ្រ CNRP ត្រូវតែចោទថា “សម្តេចហ៊ុន សែន ខ្លាចលោកសម រង្ស៊ី”។ ដូច្នេះបើនៅតែមានរឿងខ្លាចញញើតបែបនេះ យុទ្ធសាស្ត្រឈ្នះ-ឈ្នះ ទៅជាសោះកក្រោះ ព្រោះតែខ្មែរនិងខ្មែរ ខ្លាចញញើតគ្នា ខ្វះឯកភាពជាតិ និងគួររកដំណោះស្រាយយ៉ាងណា កុំឱ្យខ្លាចញញើតគ្នាតទៅទៀត…៕

RELATED ARTICLES