Friday, March 29, 2024
Homeនយោបាយបរិយាយថ្ងៃនេះ ៖ រដ្ឋបាលស្រុក

បរិយាយថ្ងៃនេះ ៖ រដ្ឋបាលស្រុក

យានយន្តគ្រប់ប្រភេទ បើកាលណាវារអាក់រអួល បើកបរមិនស្រួល ម្ចាស់ត្រូវជួសជុល ឬផ្លាស់ខ្ចៅខ្ចងចាស់ៗចេញ ទើបវាដំណើរការរលូន មិនខូចកណ្តាលផ្លូវ។ យ៉ាងណាមិញ កំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ ក៏មិនខុសពីយានយន្តនោះទេ ចាំបាច់ត្រូវតែរុះរើ កែលម្អ ទើបមានប្រសិទ្ធភាព។ ខណៈដែលប្រមុខរាជរដ្ឋាភិបាល ប្រកាសកែទម្រង់ “រដ្ឋបាលស្រុក” ដែលមានលក្ខណៈសំពីងសំពោង រយោងរយាននោះ មិនខ្វះអ្នកគាំទ្រទេ ព្រោះរបៀបធ្វើការរបស់មន្ត្រីរាជការច្រើនពេក សាំញ៉ាំប្រចាំជើងគ្នា ត្រូវរៀបចំជាថ្មី ឬថាធ្វើដូចរដ្ឋបាលស្រុកជំនានដើមក៏បាន ដែល “នគរធំ” សូមលើកពី “រដ្ឋបាលស្រុកបុរាណ និងសម័យ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ជាទូទៅ ប្រទេសមួយមានរបៀបគ្រប់គ្រងដោយបែងចែកជា “រដ្ឋបាលកណ្តាល និងរដ្ឋបាលភូមិភាគ”។ រដ្ឋបាលកណ្តាល សំដៅដល់ “គណៈរដ្ឋមន្ត្រី” រីឯរដ្ឋបាលភូមិភាគ សំដៅដល់ចៅហ្វាយខេត្ត ចៅហ្វាយស្រុក មេឃុំ មេភូមិ ឬចាប់ពី “ស្តេចត្រាញ់” ចុះទៅក្រោម បើគិតតាមសម័យលង្វែក ឧដុង្គ។ ពីមុន “នគរធំ” ធ្លាប់បរិយាយរួចមកហើយពី “រដ្ឋបាលកណ្តាល” ប៉ុន្តែពេលនេះ សូមលើកពី “រដ្ឋបាលភូមិភាគ” ជាពិសេស “រដ្ឋបាលស្រុក” មកបង្ហាញម្តង បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល ប្រកាសកែទម្រង់ក្របខ័ណ្ឌមន្ត្រីរាជការថ្នាក់ស្រុក លុបបំបាត់ការិយាល័យមិនសូវសំខាន់ ឱ្យនៅក្រោមការគ្រប់គ្រងរបស់ “រដ្ឋបាលឯកភាពស្រុក”។

សូមរំឭកថា កាលពីសម័យអង្គរ និងមុនសម័យអង្គរ មន្ត្រីភូមិភាគសំខាន់បំផុត គឺត្រូវគិតចាប់ពីចៅហ្វាយខេត្ត ដែលបុរាណហៅថា “ម្រតេងគុរុង” ចុះទៅក្រោមតាមលំដាប់លំដាយ។ បន្ទាប់មក មានឋានន្តរនាម “ប៉ោញ” (ចៅហ្វាយស្រុក), “តេង” (មេឃុំ), “តាង” (មេភូមិ)។ មន្ត្រីថ្នាក់ក្រោមនេះ ជា “គ្រឹះរបស់ប្រទេស” បើគ្រឹះបុកមិនជ្រៅ ឬបង្កភាពស្មុគស្មាញ ពុករលួយ នឹងធ្វើឱ្យរដ្ឋបាលកណ្តាល ដួលរលំ។

នៅសម័យលង្វែក-ឧដុង្គ ឋានន្តរនាមមន្ត្រីថ្នាក់ក្រោម បានផ្លាស់ប្តូរទៅជា “នៅតំបន់” (ចៅហ្វាយខេត្ត), “ចៅនិគម” (មេឃុំ) ដោយចែកជា “មេភូមិ” តាមលំដាប់ល់ដាំយ។ នៅសម័យលង្វែក មានតែចៅតំបន់, ចៅនិគម មិនទាន់មានចៅហ្វាយស្រុកទេ ដោយហេតុថា ចៅហ្វាយខេត្ត មានឋានន្តរនាមមួយទៀតថា “ចៅហ្វាយស្រុក-ខេត្ត” ឧទាហរណ៍ មន្ត្រីឈរ ខេត្តសំរោងទង មានឈ្មោះថា “ឧកញ៉ាតេជោ ចៅហ្វាយស្រុក ខេត្តសំរោងទង” បានសេចក្តីថា ថ្នាក់ខេត្ត បង្គាប់ទៅថ្នាក់ឃុំ ដែលមានឋានន្តរ នាមមួយទៀតថា “ក្រឡាពាស” ទើបធ្លាក់ទៅដល់មេភូមិ។

នៅចុងសម័យឧដុង្គ ខណៈដែលបារាំងដាក់អាណានិគម ទើបមានការបង្កើតហេដ្ឋារចនាសម្ព័ន្ធ តាមរបៀបបារាំង ដោយគិតពីខេត្ត (Province) ស្រុក (District) ឃុំ (Commune) ភូមិ (Village) ដោយមានមន្ត្រីរដ្ឋបាល ចាប់ពីចៅហ្វាយខេត្ត, ចៅហ្វាយស្រុក, មេឃុំ-សង្កាត់, មេភូមិ គ្រប់គ្រងតាមលំដាប់លំដាយ។ ក្នុងរជ្ជកាលព្រះបាទនរោត្តម មន្ត្រីថ្នាក់ក្រោម សុទ្ធតែមានស័ក្តិពាក់ដូចមន្ត្រីយោធាដែរ គឺចៅហ្វាយខេត្ត មានឋានៈជា “ឧកញ៉ា” ចាប់ពីស័ក្តិ៧ ឡើងដល់ស័ក្តិ៩ហ៊ូពាន់ ចៅហ្វាយស្រុក មានឋានៈជា “ព្រះ” ស័ក្តិ៦ហ៊ូពាន់ ដូចជា “ព្រះយោធាធិបតី, ព្រះសុទត្ត” ជាដើម។ ដោយឡែក មេឃុំ មានឋានៈជា “ឃុន” ស័ក្តិ៤ហ៊ូពាន់ រីឯមេភូមិ គ្មានស័ក្តិអ្វីទេ ព្រោះជាមន្ត្រីជាន់ទាបជ្រើសតាំងដោយអ្នកភូមិ។

ចូលមកដល់សម័យសង្គមរាស្ត្រនិយម ឋានន្តរស័ក្តិបែបយោធារបស់មន្ត្រីរដ្ឋបាលនេះ ត្រូវលុបបំបាត់ចោល ដោយប្រើ “ទម្រង់ស័ក្តិ” ខុសពីយោធា។ យើងសូមលើកតែពី “រដ្ឋបាលស្រុក” សម័យទសវត្សឆ្នាំ១៩៦០ មកបង្ហាញ គឺចៅហ្វាយស្រុក ជាមន្ត្រីកាន់កាប់គ្រប់ផ្នែក ក្នុងស្រុករបស់ខ្លួន។ នៅក្រោមចៅហ្វាយស្រុក មាន “បាឡាត់ស្រុក” (អភិបាលរង) តែមួយរូបប៉ុណ្ណោះ និងមាន “យោក្ប័ត្រ” (លេខាធិការ ជំនួយការចៅហ្វាយស្រុក) តែម្នាក់។ ទោះយ៉ាងណា នៅក្នុងសាលាស្រុកនីមួយៗ ក្រៅពីមន្ត្រីសំខាន់ទាំង៣រូបនេះ នៅមានចែកជា “ផ្នែក” ឬសាខាជាច្រើនទៀត ដូចជា “ផ្នែកសឹងរង, ផ្នែកតម្រួត” (ប៉ូលិស), ផ្នែកអប់រំ, ផ្នែកកសិកម្ម, ផ្នែកសុខាភិបាល, ផ្នែកសុរិយោដី, ផ្នែកពន្ធដារ, ផ្នែកឃោសនាការ…។ ក្រៅពីផ្នែកនេះ សាលាស្រុក នៅមាន “សាលាលហុ” សម្រាប់ជំនុំជម្រះក្តីកម្រិតស្រាល ដោយមានចៅហ្វាយស្រុកបាឡាត់ ជាចៅក្រម។ ទោសលហុ មានដូចជាអំពើហិង្សវាយតប់គ្នា លេងល្បែងស៊ីសង ត្រូវផ្តន្ទាទោសដាក់គុកមិនហួសពី៣ថ្ងៃ ដោយពិន័យជាប្រាក់ ដាក់ឃ្លាំងផង។ ជួនកាលទៀត ចៅហ្វាយស្រុក ត្រូវជំនុំកាត់ក្តី ចែកកេរមរតក ដោយមិនលម្អៀង ហៅថា “ជំនុំភ្នែកបា” ព្រោះសូម្បីតែគោ ក្របី ដំរី សេះ បើបងប្អូនកូនចៅ ទាស់ទែងដណ្តើមកេរគ្នា លុះត្រាតែឡើងសាលាលហុ ហើយបើចៅហ្វាយស្រុក ដោះមិនចេញ ត្រូវបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្ត។

ចៅហ្វាយស្រុក សម័យសង្គមរាស្ត្រនិយម ៣ឆ្នាំ ផ្លាស់ម្តង ដោយមាន “ផ្ទះរាជការ” សម្រាប់ក្រុមគ្រួសាររស់នៅ និងចែករថយន្តឡង់រ៉ូវែរ (Land Rover) ១គ្រឿង រាងដូចឡានហ្ស៊ីព អត់ដំបូល ជាមធ្យោបាយធ្វើដំណើរ។ ចៅហ្វាយស្រុក បានប្រាក់បៀរវត្ស ជាង១ម៉ឺនរៀល ខណៈដែលសាស្ត្រាចារ្យបាន៧ពាន់រៀល ឯមាស១ជី តម្លៃ៣០០រៀល។ ចៅហ្វាយស្រុកម្នាក់ៗ រាស្ត្រខ្លាចសម្បើម ពេលចេញទៅណាម្តងៗ គាត់ជិះឡានរាជការចែកឱ្យនោះ ដោយមានប៉ូលិសម្នាក់ បើកបរជូន និងម្នាក់ទៀតតាមការពារដោយស្ពាយកាំភ្លើងការ៉ាប៊ីន។ រាស្ត្រហៅគាត់ថា “លោកម្ចាស់” ប៉ុន្តែចៅហ្វាយស្រុក មិនជិះជាន់រាស្ត្រ ឬប្លន់ដីរាស្ត្រនោះទេ ជួនកាលគាត់ចែកបារី ត្រីងៀត ត្រីឆ្អើរ ដល់ប្រជារាស្ត្រក្រីក្រ និងចូលរួមកសាងវត្តអារាម ពោលគឺ គាត់រស់ដោយសារប្រាក់ខែ មិនពុករលួយទេ បើសិនជាហ៊ានពុករលួយ នឹងត្រូវផ្លាស់២៤ម៉ោង។

សម័យប៉ុល ពត ចៅហ្វាយស្រុក មានឈ្មោះថា “គណៈស្រុក“ បានក្លាយជា “ចៅក្រមសាលាឧក្រិដ្ឋ” កាត់ទោសប្រហារ ជីវិតជនស្លូតត្រង់ រីឯមេឃុំ ឬ “គណៈឃុំ” ក៏ទទួលអនុវត្តក្នុងការប្រល័យពូជសាសន៍ដែរ។

ក្រោយឆ្នាំ១៩៧៩ រដ្ឋបាលស្រុក ត្រូវរៀបចំជាថ្មី យកតាម “ប្រព័ន្ធសង្គមនិយម” ឬកុម្មុយនីស្ត មានលក្ខណៈសំពីងសំពោង សាំញ៉ាំ ខុសពីជំនាន់មុន។ យើងសម្គាល់បានថា បើរដ្ឋបាលកណ្តាល មានប៉ុន្មានក្រសួង រដ្ឋបាលស្រុក ក៏មានការិយាល័យប៉ុណ្ណឹងដែរ ដូចសព្វថ្ងៃ មាន២៨ក្រសួង ថ្នាក់ស្រុក ក៏មាន២៨ការិយាល័យ ដែលការិយាល័យមួយៗមានតែ២នាក់ គឺប្រធាន និងអនុប្រធាន។ ក្រៅពីមន្ត្រីក្របខ័ណ្ឌ ក៏នៅមាន “បុគ្គលិកអណ្តែត” ចូលមកធ្វើការជាលក្ខណៈគ្រួសារនិយម លុះយូរៗទៅក៏ ក្លាយជា “មន្ត្រីក្របខ័ណ្ឌ” ដែរ ធ្វើឱ្យរចនាសម្ព័ន្ធសំពីងសំពោង ប្រចាំជើងគ្នា។

ជាង៤០ឆ្នាំមកនេះ រដ្ឋបាលស្រុក គ្មានការកែទម្រង់អ្វីទេ បានត្រឹម “គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ” ជាហេតុធ្វើឱ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មើលឃើញពីការខាតបង់ថវិកាជាតិ ក៏រៀបចំកែទម្រង់ទៅជា “រដ្ឋបាលឯកភាពស្រុក”។ កំណែទម្រង់នេះ កំពុងសសៀរៗដូចកាលពីជំនាន់សង្គមរាស្ត្រនិយមតែម្តង ដោយលុបបំបាត់ការិយាល័យ មិនសំខាន់ចេញ ទៅជា “ផ្នែក” ដូចពីមុន។ អ្នកវិភាគមើលឃើញថា មូលហេតុដែលនាំឱ្យរាជរដ្ឋាភិបាល រៀបចំក្បាលម៉ាស៊ីន ដល់ទៅ “២៨ក្រសួង” និងមាន “មន្ទីរការិយាល័យ” តាមខ្សែបណ្តោយនោះ គឺមកពី “ចែកគ្នារស់” ឬចែកបុណ្យស័ក្តិគ្នា ប៉ុន្តែ បញ្ហា “គ្រួសារនិយម និងពុករលួយ” បើមិនប្រញាប់រុះរើកែទម្រង់ គឺមិនខុសពី “ជិះឡានចាស់ បន្តិចបែកកង់ បន្តិចខូចម៉ាស៊ីន”។ បើរាជរដ្ឋាភិបាលកែទម្រង់ “រដ្ឋបាលស្រុក” បានល្អ ផ្តល់ផលចំណេញដល់ជាតិ អាចនឹងឈានដល់ “កែទម្រង់ក្រសួង” មិនខាន ខណៈដែលពីមុន មានមិនលើសពី១៥ក្រសួង។ ករណីសម្តេចហ៊ុន សែន បដិសេធរឿងកាត់បន្ថយក្រសួងតាមការទាមទាររបស់គណបក្សខ្លះនោះ អាចថា “មិនទាន់ដល់ដំណាក់កាល” ព្រោះកំណែទម្រង់ គេធ្វើសន្សឹមៗ ដោយកែពីថ្នាក់ស្រុកមុន ទើបកែទៅខេត្ត មុននឹងកែក្រសួង បើធ្វើព្រឹបៗស្រុះគ្នា មិនល្អទេ។

សរុបទៅ “រដ្ឋបាលស្រុកបុរាណ និងសម័យ” គ្រាន់តែចង់បង្ហាញថា របៀបធ្វើការពីបុរាណ និងបច្ចុប្បន្ន មិនដូចគ្នាទេ។ ពីមុន សាលាស្រុកមួយៗ មានតែចៅហ្វាយស្រុក បាឡាត់ស្រុក យោក្ប័ត្រ និងនាយផ្នែក ជាង១០នាក់ប៉ុណ្ណោះ អាចរុញកង់អាណាចក្រឱ្យវិលទៅមុខ ផ្ទុយពីបច្ចុប្បន្ន សាលាស្រុកមួយៗ មានអភិបាលស្រុក១ អភិបាលរងច្រើន ចែកជាការិយាល័យ តាមចំនួនក្រសួង ដែលសរុបទៅ រាប់រយនាក់ឯណោះ ប៉ុន្តែ “អយុត្តិធម៌សង្គម” ដោះស្រាយមិនចេះចប់។ ហេតុនេះ កំណែទម្រង់រដ្ឋបាលស្រុក ជារឿងល្អបំផុត មុននឹងឈានទៅកែទម្រង់ថ្នាក់ខេត្ត ថ្នាក់មជ្ឈិម ព្រោះពេលនេះ CPP កាន់កាប់១២៥អាសនៈ រដ្ឋសភា ធ្វើអ្វីក៏បានដែរ មិនចាំបាច់ចែកកូតា ដូចអាណត្តិទី១ ជាមួយហ៊្វុនស៊ិនប៉ិច​ នោះទេ៕

RELATED ARTICLES