Thursday, April 25, 2024
Homeព័ត៌មានជាតិប្តីរត់តាមស្រី ប្រពន្ធដឹកដៃកូន3នាក់ តាមរក

ប្តីរត់តាមស្រី ប្រពន្ធដឹកដៃកូន3នាក់ តាមរក

ភ្នំពេញ ៖ បុរសជាប្តីកំហូចម្នាក់ ក្រោយពីរួមរស់នឹងប្រពន្ធអស់រយៈពេលជិត10ឆ្នាំ មានកូនរហូតដល់ទៅ3នាក់ទៅហើយ បែរជាបែកគំនិតលួចលាក់មានស្រីថ្មី រហូតដល់ចុះចោលផ្ទះ ទៅសម្ងំសោយសុខជាមួយស្រីថ្មី ទុកឱ្យប្រពន្ធកូនរស់នៅវេទនាតោកយ៉ាក ដាច់បាយក្រហាយទឹក រហូតដល់ស្ត្រីជាប្រពន្ធទ្រាំមិនបាន ក៏ដឹកដៃកូនទាំង3នាក់ តាមស្វែងរកប្តីទាំងគ្មានគោលដៅច្បាស់លាស់ លុះខ្សោះខ្យល់ទៅមុខលែងរួច ក៏នាំគ្នាចូលសុំជំនួយពីលោកចៅសង្កាត់ចោមចៅ3។

ករណីស្ត្រីអភ័ព្វដឹកដៃកូនតាមរកប្តីកំហូចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី22 ខែមករា ឆ្នាំ2019 នៅចំណុចបរិវេណសាលាសង្កាត់ចោមចៅ3 ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីអភ័ព្វប្តីរត់ចោលរូបនេះ មិនបានបញ្ជាក់ឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែបង្ហើបប្រាប់ថា សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ3 ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅឯខេត្តកំពត។ ចំណែកបុរសជាប្តីហេងស៊យ មានឈ្មោះប៊ុន ង៉ែត អាយុ 24ឆ្នាំ មុខរបរជាកម្មករសំណង់ សព្វថ្ងៃមិនដឹងជាស្នាក់នៅឯណានោះទេ។

តាមសម្តីស្ត្រីខាងលើ បានយំរៀបរាប់ប្រាប់ថា នាងជាកូនកំព្រាឪពុកម្តាយ បានម្តាយធំជួយបីបាច់ចិញ្ចឹមរហូតដល់ធំពេញវ័យក្រមុំ ក៏បានរៀបចំផ្សំផ្គុំឱ្យមានប្តីឈ្មោះប៊ុន ង៉ែត (ប្តីហេងស៊យសព្វថ្ងៃ) ដោយបានរៀបការក្រាបក្បាលដល់កន្ទេលជាមួយគ្នា តាំងពីអំឡុងឆ្នាំ 2012 ព្រមទាំងមានការទទួលស្គាល់ពីញាតិសងខាងផងដែរ។ ក្រោយពីរៀបការរួច រួមរស់មកដល់សព្វថ្ងៃ ប្តីប្រពន្ធនាងបង្កើតបានកូន3នាក់ ជាចំណងនិស្ស័យ ដោយក្នុងនោះ កូនពៅទើបនឹងមានអាយុ8ខែប៉ុណ្ណោះ។

ស្ត្រីអភ័ព្វខាងលើ បន្តថា ក្រោយមក ដោយសារតែជីវភាពទីទ័លក្រខ្លាំងពេក ទើបពួកនាងទាំង2នាក់ប្តីប្រពន្ធ បានសម្រេចចិត្តនាំកូនមកស្នាក់នៅរាជធានីភ្នំពេញ ដើម្បីរកការងារធ្វើ ដោយប្តីចេញទៅធ្វើជាកម្មករសំណង់ ចំណែកនាងដោយសារកូនតូចៗរញ៉ុង ទើបទៅណាមិនរួច ប្តីឱ្យនៅចាំផ្ទះមើលថែកូន។ ស្រាប់តែប្តីចេញធ្វើការយូរ បែរជាបែកគំនិតលួចលាក់ មានស្រីថ្មី ក្បត់ចិត្តប្រពន្ធកូន ដែលធ្លាប់លំបាក វេទនាជាមួយគ្នា ហើយទីបំផុត នៅថ្ងៃទី18 ខែមករា ឆ្នាំ2019 កន្លងទៅ ប្តីហេងស៊យរូបនេះក៏បានវេចបង្វេចរត់ចោលប្រពន្ធកូនបាត់ ដោយចេញទៅសម្ងំរួមរស់ជាមួយស្រីថ្មី មិនដឹងជារស់នៅទីណា ទុកឱ្យនាងទទួលរ៉ាប់រងចិញ្ចឹមកូនទាំង3នាក់តែម្នាក់ឯង ទាំងត្រដាបត្រដួស ព្រោះគ្មានការងារធ្វើ អត់មានលុយបង់ថ្លៃ ទឹកភ្លើង ឈ្នួលផ្ទះ សូម្បីតែលុយទិញអង្ករដាំបាយហូបក៏គ្មាន សព្វថ្ងៃរស់នៅ4នាក់ ម៉ែកូនយ៉ាងលំបាកវេទនា ស្ទើរដាច់ពោះស្លាប់។

ដោយទ្រាំនូវក្តីឈឺចាប់ផ្លូវចិត្តនិងទុក្ខលំបាកខាងជីវភាពលែងបាន ទើបនៅថ្ងៃទី22 ខែមករា ឆ្នាំ2019 នេះ នាងបានសម្រេចចិត្តដឹកដៃកូន2នាក់ផង ពរកូនតូចជាប់ចង្កេះផង ចេញទៅស្វែងរកប្តីទាំងគ្មានគោលដៅពិតប្រាកដ តែរកយ៉ាងណា ក៏មិនឃើញ ទើបខ្សោះខ្យល់ដើរទៅមុខលែងរួច ក៏ចូលសាលាសង្កាត់ចោមចៅ3 ដើម្បីឱ្យជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីប្រទះឃើញក្តីទុក្ខលំបាកវេទនា របស់ស្ត្រីមេម៉ាយទុរគតខាងលើដោយផ្ទាល់ភ្នែក ទើបលោកចៅសង្កាត់ ចៅសង្កាត់រងចោមចៅ3 រួមនិងមន្ត្រីសាលាសង្កាត់ បានជួយឧបត្ថម្ភជាទឹកប្រាក់មួយចំនួន ជូនដល់ស្ត្រីកំសត់រូបនេះ ដើម្បីបន្តជីវិតរស់នៅបានមួយគ្រាទៀត៕

RELATED ARTICLES