Thursday, March 28, 2024
Homeព័ត៌មានអន្តរជាតិប្រាយុទ្ធ ចាន់អូចារ បដិសេធមិនធ្វើការចរចាជាមួយថាក់ស៊ីន

ប្រាយុទ្ធ ចាន់អូចារ បដិសេធមិនធ្វើការចរចាជាមួយថាក់ស៊ីន

យោងតាមប្រភពព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ ២០១៩ បានឱ្យដឹងថា លោកប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ បានច្រានចោលសំណើលោក Yongyuth Tiyapaira អតីតប្រធានសភាថៃ ដែលបានលើកឡើងថា រដ្ឋាភិបាលយោធាថៃ គួរតែរៀបចំជំនួបជាមួយលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងនិរទេសខ្លួននៅបរទេស ដើម្បីស្វែងរកការផ្សះផ្សា និងបង្រួបបង្រួមជាតិសាជាថ្មីឡើងវិញ។

ថ្លែងនៅក្រោយជំនួបប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩ លោកប្រាយុទ្ធ ចាន់អូចារ បាននិយាយថា រដ្ឋាភិបាលរបស់លោកមិនអាចចរចាជាមួយលោកថាក់ស៊ីន ដែលនិរទេសខ្លួនឯងបានទេ ប្រសិនបើលោកថាក់ស៊ីន គិតថា លោកមិនបានធ្វើអ្វីខុសនោះ ត្រូវតែវិលត្រឡប់មកមាតុភូមិវិញ ប្រឈមជាមួយនឹងតុលាការ។

ទោះបីជាលោកថាក់ស៊ីន លែងត្រូវរួចពីទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពាក់ព័ន្ធទៅនឹងរឿងដីធ្លី កាលពី១០ឆ្នាំមុន ប៉ុន្តែនៅមានរឿងក្តីក្តាំចំនួន៤ផ្សេងទៀត ដែលកំពុងនៅក្នុងដៃតុលាការនៅឡើយ។

ពេលនេះ លោកថាក់ស៊ីន វ័យ៦៩ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ កាលពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ លោកត្រូវបានទម្លាក់ចេញពីតំណែងដោយការធ្វើរដ្ឋប្រហារយោធា កាលពីឆ្នាំ២០០៦ ខណៈដែលប្អូនស្រីរបស់លោក គឺលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ត្រា ដែលបានកាន់តំណែងនាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ ក៏ជួបរឿងដូចគ្នានេះដែរ។

បច្ចុប្បន្ន អ្នកនយោបាយលេចធ្លោពីរនាក់បងប្អូននេះ កំពុងនិរទេសខ្លួននៅក្រៅប្រទេស៕

(Photo : Bangkok Post)
RELATED ARTICLES