Thursday, April 25, 2024
Homeព័ត៌មានជាតិមកដល់ផ្ទះមិនទាន់ ស្រេកជេរប្រពន្ធកប់ៗមាត់ ម៉ែឪក្មេកស្តីបន្ទោស វ៉ៃ១ពូជ

មកដល់ផ្ទះមិនទាន់ ស្រេកជេរប្រពន្ធកប់ៗមាត់ ម៉ែឪក្មេកស្តីបន្ទោស វ៉ៃ១ពូជ

ខេត្តកំពង់ស្ពឺ ៖ ករណីអំពើហិង្សាក្នុងគ្រួសារ (វ៉ៃ១ពូជ) នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិតាមិញ ឃុំមហាសាំង ស្រុកភ្នំស្រួច។

ជនបង្កហេតុ ដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះអិន សារីម អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីលោកតា កង ឃឺន អាយុ៧១ឆ្នាំ ត្រូវជាឪពុកក្មេករបស់ជនបង្កហេតុខាងលើ បានរៀបរាប់ប្រាប់ថា កូនប្រសារបស់គាត់ម្នាក់នេះ (ជនដៃដល់) ឱ្យតែចេញពីធ្វើការសឹងមិនទាន់ក៏ជុំគ្នាផឹកស៊ីស្រវឹងធ្លាក់ភ្នែកជារៀងរាល់ថ្ងៃ ហើយឱ្យតែមកដល់ផ្ទះ ដឹងតែរករឿងឈ្លោះប្រកែក បង្កហិង្សាវាយប្រពន្ធមិនសូវខានឡើយ ហើយកន្លងមក ទោះជាគាត់ខំអប់រំ ប្រៀនប្រដៅយ៉ាងណា ក៏កូនប្រសារូបនេះមិនខ្ចីយកត្រចៀកស្តាប់នោះឡើយ ផ្ទុយទៅវិញ គេហាក់កាន់តែផ្គើនគាត់លើសដើម។

បុរសចំណាស់ជាឪពុកក្មេករូបនេះបន្តថា លុះមកដល់វេលាយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ មិនដឹងជាកូនប្រសាកំណាចនេះ ផឹកស្រវឹងមកពីណា គ្រាន់តែចូលដល់ផ្ទះភ្លាម ក៏ស្រែកជេរបញ្ចោរប្រពន្ធកប់ៗមាត់ រួចក៏រករឿងឈ្លោះប្រកែក និងបានប្រើអំពើហិង្សាវាយប្រពន្ធ ដែលជាកូនស្រីបង្កើតរបស់គាត់ទៀត។ ឃើញបែបនេះ ពួកគាត់២នាក់ប្តីប្រពន្ធ ក៏ចូលទៅឃាត់ និងស្តីបន្ទោសកូនប្រសាប្រុសនេះ២-៣ម៉ាត់ ស្រាប់តែកូនប្រសាពុលកំហឹងរូបនេះ បែរជាងាកមកបញ្ចេញកំហឹងដាក់ពួកគាត់ ដោយវាយពួកគាត់ជាឪពុកម្តាយក្មេក ឱ្យរងរបួសថែមទៀត ពោលគឺកូនប្រសានេះវ៉ៃ១ពូជតែម្តង។

ដោយសារតែទ្រាំនឹងទង្វើកូនប្រសាចរិតកោងកាចនេះមិនបាន ទើបគាត់សម្រេចដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនកូនប្រសាកំណាចរូបនេះ យកទៅចាត់ការតាមច្បាប់តែម្តង។

ក្រោយពីទទួលពាក្យបណ្តឹងរួចមក កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES