Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិមេដឹកនាំគណបក្សប្រជាធិបតេយ្យ ទទូចកុំឱ្យដូណាល់ ត្រាំ យកពលរដ្ឋអាមេរិក ធ្វើចំណាប់ខ្មាំង

មេដឹកនាំគណបក្សប្រជាធិបតេយ្យ ទទូចកុំឱ្យដូណាល់ ត្រាំ យកពលរដ្ឋអាមេរិក ធ្វើចំណាប់ខ្មាំង

បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងសុន្ទរកថា រយៈពេល៩នាទី កាលពីរាត្រីថ្ងៃអង្គារ ពន្យល់ប្រាប់ពលរដ្ឋរបស់ខ្លួន ពីសារៈសំខាន់នៃការសាងសង់ជញ្ជាំងព្រំដែន ជាមួយប្រទេសម៉ិកស៊ិក ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាព និងការស្នើសុំកញ្ចប់ថវិកាជាង៥០០០លានដុល្លារ មេដឹកនាំមកពីគណបក្សប្រជាធិបតេយ្យ ក្រៅរដ្ឋាភិបាល បានស្នើសុំឱ្យលោកប្រធានាធិបតី កុំយកពលរដ្ឋអាមេរិកាំង ធ្វើជាចំណាប់ខ្មាំង ដោយសារតែរឿងរបងខណ្ឌចែកព្រំដែន។

លោកប្រធានាធិបតី បានស្នើសុំកញ្ចប់ថវិកាជាង៥០០០លានដុល្លារ ដើម្បីកសាងរបងជញ្ជាំងព្រំដែន ធ្វើពីដែកថែប ទៅតាមការសន្យារបស់ខ្លួន ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត ឆ្នាំ២០១៦។

ទោះជានៅក្នុងសុន្ទរកថានោះ លោកដូណាល់ ត្រាំ បានទាមទារឱ្យពលរដ្ឋអាមេរិកាំង  បើកចិត្តទូលាយក្នុងការផ្តល់មូលនិធិសាងសង់ជញ្ជាំងព្រំដែន ដើម្បីទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍ តែលោកបានសន្យាមិនប្រើប្រាស់អំណាចប្រធានាធិបតី ដាក់ប្រទេសឱ្យនៅក្នុងគ្រាមានអាសន្ននោះទេ គិតមកដល់ពេលនេះ រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក បានបិទទ្វារបណ្តោះអាសន្ន អស់រយៈពេលជាង៣សប្តាហ៍ ដោយសារតែការខ្វែងគំនិតគ្នានេះ រវាងប្រធានាធិបតី និងតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ។

លោកដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា វិបត្តិមនុស្សជាតិ និងសន្តិសុខកំពុងរាលដាលនៅព្រំដែនភាគខាងត្បូង ជាប់ជាមួយប្រទេសម៉ិកស៊ិក ដែលធ្វើឱ្យមន្ត្រីព្រំដែនអាមេរិក ប្រឈមនិងជនអន្តោប្រវេសន៍ខុសច្បាប់ រាប់ពាន់នាក់  ដែលព្យាយាមឆ្លងចូលមកទឹកដីអាមេរិក។

នៅក្នុងអំឡុងយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ឆ្នាំ២០១៦ លោកដូណាល់ ត្រាំ បានសន្យាថា និងសាងសង់ជញ្ជាំងព្រំដែនអាមេរិក ដែលជាប់ជាមួយប្រទេសម៉ិកស៊ិក ហើយប្រទេសម៉ិកស៊ិក ជាអ្នកចេញថ្លៃសាងសង់។ ប៉ុន្តែចុងក្រោយ លោកបែរជាទាមទារយកលុយបង់ពន្ធពីពលរដ្ឋអាមេរិក ទៅវិញ។ ជាងនេះទៅទៀត លោកដូណាល់ ត្រាំ បានថ្លែងថា ៩០% នៃគ្រឿងញៀនហេរ៉ូអ៊ីន ដែលលក់នៅក្នុងសហរដ្ឋអាមេរិក គឺហូរចូលមកពីប្រទេសម៉ិកស៊ិក។

ឆ្លើយតបទៅនឹងការស្នើសុំរបស់លោកដូណាល់ ត្រាំ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ បានទាមទារឱ្យប្រធានាធិបតី  បញ្ចប់ការបិទទ្វាររដ្ឋាភិបាលសហព័ន្ធ។

គួររំលឹកថា ការអូសបន្លាយនៃការបិទទ្វាររដ្ឋាភិបាលសហព័ន្ធ បានធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកដែលកំពុងបម្រើការ ចំនួន៨សែននាក់ ខណៈដែលបុគ្គលិក៤២ម៉ឺននាក់ ត្រូវបន្តធ្វើការដោយគ្មានប្រាក់កម្រៃ និងជាង៣៨ម៉ឺននាក់ទៀត ត្រូវផ្អាកការងារតែម្តង៕

(Photo : BBC)
RELATED ARTICLES