Thursday, April 25, 2024
Homeកីឡាអន្ដរជាតិម៉ានី ប៉ាក់គីអាវ ប៉ះ អេដ្រៀន ប្រូន័រ ស្អែកនេះ អាចការពារខ្សែក្រវ៉ាត់​ WBA បានដែរទេ?

ម៉ានី ប៉ាក់គីអាវ ប៉ះ អេដ្រៀន ប្រូន័រ ស្អែកនេះ អាចការពារខ្សែក្រវ៉ាត់​ WBA បានដែរទេ?

នៅថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ ស្អែកនេះ ស្តេចប្រដាល់ហ្វីលីពីន ម៉ានី ប៉ាក់គីអាវ (Manny Pacquiao) ដែលជាសមាជិកព្រឹទ្ធសភា និងជាបេក្ខជនប្រធាធិបតីផងនោះ បានវិលត្រឡប់ចូលសមរភូមិប្រដាល់ជាថ្មីឡើងវិញ ប៉ះជាមួយកីឡាករអេដ្រៀន ប្រូន័រ (Adrien Broner) នៅលើសង្វៀន MGM Grand Garden Arena នៅទីក្រុង​ Lasvegas សហរដ្ឋអាមេរិក។

នេះគឺជាលើកទី១ ដែលប៉ាក់គីអាវ បានមកវាយនៅក្នុងទឹកដីអាមេរិក ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពីឈ្នះ Jessie Vargas។

ការប្រកួតថ្ងៃស្អែកនេះ ប៉ាក់គីអាវ ត្រូវការពារខ្សែក្រវាត់ WBA ពីកីឡាករអេដ្រៀន ប្រូន័រ ។ ប៉ាក់គីអាវ គឺជាម្ចាស់ជើងឯកពិភពលោក៨ស្ថាប័ន។ ទោះបីប្រកួតនៅក្នុងទឹកដីអាមេរិក ធ្លាប់ចាញ់ Floyd Mayweather  តែប៉ាក់គីអាវ នៅតែមានជំនឿចិត្តថា លើកនេះ គេអាចការពារខ្សែក្រវាត់ WBA បាន ។

ប៉ាក់គីអាវ ប្រកួតចុងក្រោយ គឺឈ្នះកីឡាករអាហ្សង់ទីន Lucas Matthysse ត្រឹមទឹកទី៧ ទទួលបានខ្សែក្រវ៉ាត់ WBA។

កីឡាករ Manny Pacquiao និងកីឡាករ Adrien Broner (Photo : BBC)

ម៉ានី ប៉ាក់គីអាវ វ័យ៤០ឆ្នាំ កម្ពស់ ១,៦៦ម៉ែត្រ ចម្ងាយដៃវាយចេញ ១,៧០ម៉ែត្រ។ ស្តេចប្រដាល់ហ្វីលីពីនរូបនេះ មានកំណត់ត្រាប្រកួត៦៩ប្រកួត ឈ្នះ៦០ ចាញ់៧ ស្មើ ២ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន៣៩ប្រកួត។

មុនការប្រកួត កីឡាករអាមេរិក អេដ្រៀន ប្រូន័រ បាននិយាយថា “ខ្ញុំមានទំនុកចិត្តក្នុងការដោះស្រាយបញ្ហាជាមួយម៉ានី ប៉ាក់គីអាវ បាន។​ ប៉ាក់គីអាវ ឥលូវមិនសូវរហ័សរហួនដូចមុនទេ ដោយសារតែគាត់មានវ័យចំណាស់ទៅហើយ”។

អេដ្រៀន ប្រូន័រ ប្រកួតចុងក្រោយ គឺស្មើកីឡាករអាមេរិក Jessie Vargas ។

កីឡករសញ្ជាតិអាមេរិក វ័យ២៩ឆ្នាំ កម្ពស់១,៦៩ម៉ែត្រ ចម្ងាយដៃវាយចេញ១,៧៧ម៉ែត្រ។ អ្នកប្រដាល់រូបនេះ មានកំណត់ត្រាប្រកួត៣៨ប្រកួត ឈ្នះ៣៣ ចាញ់៣ ស្មើ១ គ្មានការប្រកួតមួយ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់ ចំនួន២៤ប្រកួត៕

RELATED ARTICLES