Tuesday, April 23, 2024
Homeព័ត៌មានជាតិគ្រាន់តែម៉ែឆ្លើយថា "អញគ្មានលុយឱ្យទេ" អ្នកភូមិរត់ចែកជើងគ្នាដោយសារយុវជននេះ

គ្រាន់តែម៉ែឆ្លើយថា “អញគ្មានលុយឱ្យទេ” អ្នកភូមិរត់ចែកជើងគ្នាដោយសារយុវជននេះ

ភ្នំពេញ៖ ហេតុការណ៍អំពើហិង្សាដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះចំនួន៤នាក់ រួមមាន ទី១-ឈ្មោះហុច ហេង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅភូមិឃុំកើតហេតុ (ខូចខាត ទុយោទឹក០៥ដើម)។ ទី២-ឈ្មោះសឿន ធឿន ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅភូមិឃុំកើតហេតុ (ខូចខាតទុយោទឹក១ដើម)។ ទី៣-ឈ្មោះ សួង ឡា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ មានលំនៅភូមិកណ្តាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល។ និងទី៤-ឈ្មោះសាន់ ថុន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ មានលំនៅភូមិខ្ពប ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល។ ចំណែកជនសង្ស័យ មានឈ្មោះហេង ហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករស្ទូចផ្ទះ មានលំនៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយទៅសុំលុយម្តាយ២ម៉ឺនរៀល តែម្តាយឆ្លើយថា អញគ្មានលុយឱ្យទេ។

ពេលនោះជនសង្ស័យខឹងបានដើរទៅយកដាវដែលខ្លួនលាក់ទុកក្នុងព្រៃ ក្បែរម៉ាស៊ីនបូមទឹករបស់ឈ្មោះ ហុច ហេង លុះឃើញទុយោរបស់ឈ្មោះហុច ហេង រាយកាត់លើដីរបស់ខ្លួន ជនសង្ស័យយកដាវកាប់ទុយោបូមទឹករបស់ឈ្មោះហុច ហេង បណ្តាលឱ្យខូចខាត៥ដើម និងកាប់ទុយោទឹករបស់ឈ្មោះសឿន ធឿន បណ្តាលឱ្យខូចខាត១ដើមទៀតផង។ ឃើញដូចនោះឈ្មោះសាន់ ថុន បានទូរស័ព្ទទៅ ប្រាប់ឈ្មោះហុច ហេង និងឈ្មោះសួង ឡា បន្ទាប់មកអ្នកទាំងពីរបានមកដល់កន្លែងកើតហេតុ ជនសង្ស័យបានប្រាប់ទៅជនរងគ្រោះទាំង៣នាក់ ឱ្យដកទុយោទឹកចេញពីដីរបស់ខ្លួន តែជនរងគ្រោះមិនទាន់បានដកទុយោទឹកចេញផង ស្រាប់តែជនសង្ស័យកាន់ដាវដេញកាប់ជនរងគ្រោះឈ្មោះ ហុច ហេង ឈ្មោះសួង ឡា និងឈ្មោះសាន់ ថុន តែសំណាងល្អជនរងគ្រោះទាំង៣នាក់រត់គេចទាន់ និងបានមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES