Thursday, April 25, 2024
Homeព័ត៌មានជាតិដូចណាត់គ្នាអីចឹង គាត់មកដល់ដំណាលគ្នា លោតទឹកសម្លាប់ខ្លួន

ដូចណាត់គ្នាអីចឹង គាត់មកដល់ដំណាលគ្នា លោតទឹកសម្លាប់ខ្លួន

ភ្នំពេញ៖ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ស្ត្រីទាំង២នាក់ ដែលខូចចិត្តរឿងប្តី បែរជាគិតខ្លីប៉ុនប៉ងមកលោតពីលើស្ពានជ្រោយចង្វាសម្លាប់ខ្លួននេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៣០ឆ្នាំដូចគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ គេឃើញស្ត្រីម្នាក់មានវ័យប្រមាណជាង៣០ឆ្នាំ បានជិះម៉ូតូឌុបចេញមកពីម្តុំរង្វង់មូលកាំកូស៊ីធី មកដល់លើស្ពាយជ្រោយចង្វា ក៏ប្រាប់ឱ្យម៉ូតូឌុប ឈប់ រួចក៏ចុះពីលើម៉ូតូ ប៉ុនប៉ងឡើងតោងបង្កាន់ដៃស្ពាន ដើម្បីលោតចូលទឹកទន្លេសម្លាប់ខ្លួន តែសំណាងល្អ ភ្លាមនោះត្រូវបានសមត្ថកិច្ចដែល ប្រចាំការនៅត្រង់ចំណុចគោលដៅខាងលើ ប្រទះឃើញ ក៏ស្ទុះទៅជួយចាប់ឃាត់ទាន់ពេលវេលា រួចក៏នាំទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីសួរនាំរក ហេតុផល ទើបដឹងថា ស្ត្រីរូបនេះ មានវិបត្តិផ្លូវចិត្តរឿងគ្រួសារ (ខូចចិត្តរឿងប្តី) ទើបមានគំនិតខ្លី ប៉ុនប៉ងបញ្ចប់ជីវិតដោយការលោតទឹកបែបនេះ។

ប្រភពដដែលបន្តថា លុះខណៈដែលសមត្ថកិច្ចកំពុងសួរនាំស្ត្រីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនខាងលើ មិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែ សមត្ថកិច្ចប្រចាំការណ៍នៅគោលដៅខាងលើស្ពានជ្រោយចង្វា បានរាយការណ៍មកថា មានស្ត្រីម្នាក់ផ្សេងទៀត មានវ័យប្រមាណជាង៣០ឆ្នាំដូចគ្នា បានដើរបណ្តើរយំបណ្តើរ ឡើងមកលើស្ពានជ្រោយចង្វា រួចក៏ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនម្នាក់ទៀត ប៉ុន្តែត្រូវបានអ្នកដំណើរតាមផ្លូវ ប្រទះឃើញ ជួយឃាត់ជាប់ប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់មក ក៏មានការសួរនាំដឹងលេខទូរស័ព្ទរបស់បុរសជាប្តី ក៏ទាក់ទងហៅប្តីឱ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ។

ដោយរង់ចាំប្រមាណជា១០នាទី ក៏លេចមុខបុរសជាប្តី មកដល់ដឹកប្រពន្ធយកទៅផ្ទះវិញបាត់ទៅ។ ដោយឡែក ខាងក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះទី១ ក៏បានមកទទួលយកស្ត្រីខាងលើ ពីប៉ុស្តិ៍ជ្រោយចង្វារួចដឹកយកទៅផ្ទះបាត់ដែរ៕

RELATED ARTICLES