Thursday, March 28, 2024
Homeតារាខ្មែរតូតា មិនទាន់ចង់គិតរៀបការឆាប់ៗ ជាមួយថៅកែផលិតកម្ម

តូតា មិនទាន់ចង់គិតរៀបការឆាប់ៗ ជាមួយថៅកែផលិតកម្ម

តារាសម្តែង ម៉ាក សែនសូនីតា ហៅតូតា ដែលសម្រេចចិត្តជ្រើសគូស្នេហ៍វ័យចំណាស់ ពោះម៉ាយប៉ុល វិបូរ ហៅនីត ចោលប្រុសក្មេង ទឹម នីដា នោះ ក្រោយពិសោធន៍ស្នេហ៍ថ្មី ជាង២ឆ្នាំនេះ ស្រីស្អាតនៅតែអះអាងថា នាងមិនទាន់ដាច់ចិត្តលាភាពក្រមុំឡើយ…។

ម៉ាក សែនសូនីតា នៅតែរក្សាចំណងស្នេហ៍ជាមួយថៅកែផលិតកម្ម Angkor Picture លោកប៉ុល វិបូរ ហៅនីត ដោយគ្មានភាពរង្គោះរង្គើឡើយ ថ្វីត្បិតតែកន្លងមក មានការលើកឡើងថា គូស្នេហ៍ខុសវ័យនេះ បើមិនប្រញាប់រៀបការទេ អាចនឹងមានបញ្ហា ព្រោះលោកនីត មានតារាស្រីៗតោងស្នេហ៍ច្រើន ចំណែកតូតា មានមន្ត្រីធំៗព្យាយាមដាក់នុយស្នេហ៍កាន់តែច្រើនឡើងៗក៏ដោយ។ តូតា បានហៅថា ការរៀបការប្រញាប់ប្រញាល់ពេក នឹងមិនមែនជារឿងលម្អឡើយ គឺត្រូវតែយល់ចិត្តគ្នាឱ្យបានច្បាស់លាស់ជាមុនសិន ទើបល្អ។

ស្រីស្អាតតូតា វាចាថា “អូ! រឿងរៀបការហ្នឹង នៅទេបងអើយ! ខ្ញុំមិនទាន់គិតឆាប់ៗហ្នឹង អាចធ្វើទៅបានទេ។ មូលហេតុគឺមកពីខ្ញុំរវល់ច្រើនទៅលើការងារសិល្បៈ និងការរកស៊ី អ៊ីចឹងមិនហ៊ានកំណត់ឱ្យបានច្បាស់ថា ពេលណានោះទេ។ ម៉្យាងទៀត ខ្ញុំគិតថា ឆ្នាំនេះខ្ញុំទើបអាយុ23ចូល24ឆ្នាំ អ៊ីចឹងដូចជាមិនទាន់អីប៉ុន្មានផង អាចនៅបន្តិចទៀតសិន ក៏បានដែរ”។

តូតា អះអាងថា នាងមិនមែនសម្លឹងមើលឃើញប្រុសផ្សេង ក្រៅពីលោកនីត នោះ ទេ គឺពេលនេះចំណងស្នេហានាងជាមួយលោកថៅកែផលិតកម្ម គឺនៅតែរក្សាដូចមុនអ៊ីចឹង គ្រាន់តែវេលាចូលរោងការ គឺអាចនៅវែងឆ្ងាយបន្តិច ហើយចំពោះមង្គលការនាង គឺស្វាគមន៍អ្នកកាសែតពីគ្រប់ស្ថាប័នទាំងអស់ ដែលចង់ទៅយកព័ត៌មាន ឬ Live វីដេអូ អាចបានតាមចិត្តចង់។

តូតា ថ្លែងថា “កុំភ័យ តែខ្ញុំរៀបការជាមួយគាត់ (នីត) ខ្ញុំមិនលាក់បាំងអីទេ បើកជាចំហជានិច្ច ហើយអ្នកកាសែតចង់ទៅថត Live អី មួយសេរី ខ្ញុំមិនខ្លាចទេ”។

ម៉ាក សែនសូនីតា បានផ្តាច់ស្នេហ៍ប្រុសក្មេង ទឹម នីដា ប្អូនប្រុសតារាសម្តែងទឹម រដ្ឋា មកភ្ជាប់ស្នេហ៍ជាមួយពោះម៉ាយ ប៉ុល វិបូរ ដែលធ្វើឱ្យសង្សារក្មេងឈឺចាប់ រហូតសម្រក់ទឹកភ្នែកតែម្នាក់ឯងទៀតផង។ យ៉ាងណា ក្រោយចាប់ដៃជាមួយលោកនីត មក ស្រីស្អាតតូតា កាន់តែមានយីអ៊ុនរះឡើងខ្ពស់ត្រដែតតែម្តង ព្រោះនាងឆក់បានតំណែងភាពយន្តធំៗ ដូចជា រឿង “កូនពស់កេងកង” ជាដើម ហើយស្រីក្មេងនេះ ឡើងកាលីពជិះរថយន្តទំនើប Lexus LX 450d តម្លៃជិត20ម៉ឺនដុល្លារ និងក្លាយទៅជាថៅកែស្រីហាង “ផែសមុទ្រ” ដែលគ្រោងពង្រីកសាខាដល់ទៅ12គ្រប់ខណ្ឌ និងសង់រមណីយដ្ឋានផ្គួបហាងផែសមុទ្រ នៅខេត្តកំពត លើផ្ទៃដី3ហិកតារ សរុបជាទឹកប្រាក់ទាំងអស់ជាង4លានដុល្លាឯណោះ៕

RELATED ARTICLES