Thursday, April 25, 2024
Homeព័ត៌មានជាតិទាំងអារម្មណ៍ភិតភ័យ អ្នកទាំង៤ បង្ខំចិត្តលោតពីលើអាគារជាន់ទី៣

ទាំងអារម្មណ៍ភិតភ័យ អ្នកទាំង៤ បង្ខំចិត្តលោតពីលើអាគារជាន់ទី៣

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានកើតឡើងយ៉ាងសន្ធោសន្ធៅ ទាំងកណ្តាលរាត្រី នៅចំណុចអគារសាកលវិទ្យាល័យខេមរៈ ជាហេតុធ្វើឱ្យ ស្ត្រីជនជាតិចិនជាគ្រូបង្រៀន ចំនួន៤នាក់ បង្ខំចិត្តលោតពីលើអគារជាន់ទី៣ តាមបង្អួចចុះដី ដើម្បីគេចពីការឆេះស្លាប់ក្នុងភ្លើង បណ្តាលឱ្យមានអ្នករងរបួសធ្ងន់ស្រាល និងបង្កឱ្យមានការផ្អើលឆោឡោឡើង កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចសាកលវិទ្យាល័យខេមរៈ តាមបណ្តោយផ្លូវលេខ១៩៨៦ ចំណុចផ្លូវលំលេខ៧២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសម្តីបុរសឈ្មោះបា សាវឿន អាយុ៤០ឆ្នាំ ជាបុគ្គលិកសាកលវិទ្យាល័យខេមរៈ បម្រើការនិងស្នាក់នៅក្នុងអគារសាកលវិទ្យាល័យ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់និងប្រពន្ធរួមទាំងកូនប្រុសស្រីរបស់គាត់ ចំនួន៤នាក់ បានសម្រាកនៅក្នុងបន្ទប់ជាន់ផ្ទាល់ដី ផ្នែកខាងក្រោយនៃអគារសាកលវិទ្យាល័យ ដែលជាកន្លែងកើតហេតុ។ ដោយឡែក ស្ត្រីចំនួន៧នាក់ទៀត ក្នុងនោះមានជនជាតិចិន៤នាក់ ជាគ្រូបង្រៀន និងជនជាតិខ្មែរ ៣ទៀតជាបុគ្គលិក បានសម្រាកនេជាន់ខាងលើ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលគាត់កំពុងសម្រាក លង់លក់ ស្រាប់តែប្រពន្ធគាត់បានដាស់គាត់ឱ្យក្រោក ព្រោះមានឮសំឡេងផ្ទុះចេញមកពីខាងក្រៅបន្ទប់ដែលជាកន្លែងបោះពុម្ពសៀវភៅ។ ភ្លាមនោះ គាត់ក៏ស្ទុះងើបទៅមើល ស្រាប់តែប្រទះឃើញប្រអប់ប៉ារ៉ែតភ្លើង កំពុងផ្ទុះបែកផ្កាភ្លើង បង្កឱ្យមានការឆាបឆេះចេញជាអណ្តាតភ្លើង ទើបគាត់បានស្រែកឆោឡោហៅប្រពន្ធកូនឱ្យចេញជាបន្ទាន់ និងព្យាយាមស្រែកឱ្យដំណឹងទៅស្ត្រីទាំង៧នាក់ ដែលស្នាក់នៅខាងលើដែរ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ខ្លះយកបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ និងខ្លះទៀតទូរស័ព្ទទាក់ទងទៅ សមត្ថកិច្ចមូលដ្ឋាន ដើម្បីរកកិច្ចសហការជាមួយសមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គិភ័យ ឱ្យចុះមកជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លាមៗតែម្តង។ ពេលកំពុងឆោឡោនោះ គេឃើញនារីជាបុគ្គលិកជនជាតិខ្មែរ ដែលស្នាក់នៅក្នុងអគារសាកលវិទ្យាល័យខាងលើ បានរត់មកខាងក្រៅដោយសុវត្ថិភាព ចំណែកឯនារីជាជនជាតិចិន ចំនួន៤នាក់ទៀត គឺមិនឃើញរត់ចេញមកនោះទេ។ រហូតដល់មួយសន្ទុះក្រោយមក ខណៈរថយន្តពន្លត់អគ្គិភ័យកំពុងធ្វើការបាញ់ទឹកពន្លត់ ស្រាប់តែប្រជាពលរដ្ឋ បានស្រែកឆោឡោហៅសមត្ថកិច្ចឱ្យទៅជួយនៅខាងមុខអគារ ព្រោះមានស្ត្រីជនជាតិចិនចំនួន៤នាក់ បានជាប់នៅខាងលើជាន់ទី៣ និងកំពុងស្រែកដង្ហោយហៅគេឯងជួយ និងបម្រុងលោតចុះមកខាងក្រោម តែត្រូវប្រជាពលរដ្ឋស្រែកហាមឃាត់។

ប្រភពខាងលើ បញ្ជាក់ថា នៅពេលកើតហេតុនោះ រថយន្តពន្លត់អគ្គិភ័យដែលមានជណ្តើរ មិនទាន់បានបញ្ជូនមកដល់នៅឡើយ ហេតុនេះមិនអាចជួយសង្គ្រោះស្ត្រីជនជាតិចិន ទាំង៤នាក់នោះបានទេ ណាមួយស្របពេលនោះ មានផ្សែងខ្មួលខ្មាញ់ និងសំឡេងផ្ទុះផង ទើបធ្វើឱ្យស្ត្រីជនជាតិចិន ចំនួន២នាក់ មានការភ័យខ្លាចបានបង្ខំចិត្តលោតពីលើអគារជាន់ទី៣ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល។ ចំណែក២នាក់ទៀត បានឈរនៅបង្កាន់ដៃបង្អួចបំរុងនឹងលោត តែត្រូវសមត្ថកិច្ច ឡើងទៅជួយ ស្រាប់តែជ្រុលបណ្តាលឱ្យធ្លាក់មករងរបួសធ្ងន់ ថែម២នាក់ទៀត។ លុះក្រោយពីជនរងគ្រោះទាំង៤នាក់ ធ្លាក់មកដល់ជាន់ក្រោមអស់ ទើបរថយន្តពន្លត់អគ្គិភ័យមានជណ្តើរសង្គ្រោះរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានមកដល់។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះទាំង៤នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនសម្ភពរស្មី ដឹកយកទៅសង្គ្រោះភ្លាមៗ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើនេះ មិនបង្កឱ្យមានការឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរខាងនោះទេ គឺឆេះខូចខាតតែមួយផ្នែកនៃក្នុងអគារជាន់ផ្ទាល់ដី ផ្នែកខាងក្រោយ ដែលមានទំហំប្រមាណ២០ម៉ែត្រ គុណនឹង៣០ម៉ែត្រ រួមទាំង ទ្រព្យសម្បត្តិមួយចំនួនដូចជា ម៉ូតូ២គ្រឿង ម៉ាស៊ីនអូសហ្សូតូចំនួន៤គ្រឿង កុំព្យូទ័រចំនួន១៥គ្រឿង រួមទាំងសម្ភារៈមួយចំនួនធំទៀត ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង។ ចំពោះមូលហេតុ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដែលនៅក្នុងកន្លែងបោះពុម្ពសៀវភៅនៅជាន់ផ្ទាល់ដីផ្នែកខាងក្រោយ៕

RELATED ARTICLES