Saturday, April 20, 2024
Homeព័ត៌មានជាតិនៅកណ្តាលវាល ក្មេងស្រីស្លាប់យ៉ាងអាណោចអាធ័ម

នៅកណ្តាលវាល ក្មេងស្រីស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ ៖ ក្មេងស្រីម្នាក់ មានឈ្មោះទិន វិច្ឆិកា អាយុ៧ឆ្នាំ  ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗមួយរំពេច បន្ទាប់ពីក្មេងស្រីរងគ្រោះ បានលូកដៃចូលទៅក្នុងព្រីភ្លើងលេង នឹកស្មានថាគ្មានចរន្តអគ្គិសនី បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភូមិឆ្ពេន ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ដល់វេលាម៉ោងកើតហេតុខាងលើ ក្មេងស្រីរងគ្រោះក៏បានដើរទៅលេងនៅក្បែរនោះ រួចក៏ឃើញព្រីភ្លើងនៅកណ្តាលវាល ក៏លើកយកមកកាន់លេង ណាមួយនឹកស្មានថា គ្មានចរន្តអគ្គិសនី ក៏បានលូកដៃចូលទៅក្នុងព្រីភ្លើងនោះលេង ដឹងអី! ស្រាប់តែត្រូវចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗមួយរំពេច ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ឪពុកម្តាយ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ពិតជាត្រូវចរន្តអគ្គិសនី ឆក់បណ្តាលឱ្យស្លាប់ប្រាកដមែន ដោយក្មេងស្រីរងគ្រោះបានចាប់កាន់លេងចំត្រង់រន្ធព្រីភ្លើង ធ្វើឱ្យឆ្លងចរន្តឆក់ស្លាប់តែម្តង។ មូលហេតុដោយសារតែជាងធ្វើផ្ទះតខ្សែភ្លើងទុកចោល ដោយខ្វះការប្រុងប្រយ័ត្ន។

សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES