Friday, March 29, 2024
Homeនយោបាយបក្សកានអំណាចថា ការវាយតម្លៃអំពើពុករលួយ លម្អៀងខាងនយោបាយ

បក្សកានអំណាចថា ការវាយតម្លៃអំពើពុករលួយ លម្អៀងខាងនយោបាយ

ភ្នំពេញ ៖ គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា ការវាយតម្លៃអំពើពុករលួយនៅកម្ពុជា របស់អង្គការតម្លាភាពអន្តរជាតិ ដែលយកមកផ្សព្វផ្សាយដោយអង្គការតម្លាភាពកម្ពុជា កាលពីប៉ុន្មានថ្ងៃមុននេះ មានភាពលម្អៀងខាងនយោបាយ ឬនិន្នាការមនោគមន៍វិជ្ជា។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងប្រព័ន្ធតេឡេក្រាមរបស់លោក នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ថា “ចម្ងល់លើការវាយតម្លៃពីលទ្ធិប្រជាធិបតេយ្យនិងអំពើពុករលួយ?

១-តើផ្អែកលើកត្តាអ្វីខ្លះដែលហ៊ានវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យល្អ ឬធ្លាក់ចុះ? អ្នកវាយតម្លៃខ្លះថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ធ្លាក់ចុះ ដោយសារក្នុងការបោះឆ្នោត អត់មានបក្សប្រឆាំងចូលរួម ដោយមិនបានគិតថា មិនបានចូលរួមនោះ ដោយសារមូលហេតុអ្វីទេ? ត្រង់បក្សប្រឆាំងធ្វើខុសច្បាប់ អត់និយាយ។ 

២-ចំពោះបញ្ហាពុករលួយ តើបានយកទិន្នន័យពីទីណាមកគណនា? បើអត់តួលេខគណនា ហើយវាយតម្លៃថាមានពុករលួយកម្រិតប៉ុននេះប៉ុននោះ តើត្រឹមត្រូវឬទេ មិននិយាយស្មានៗទេឬអី? តាមការពិត ក្នុងសង្គមណាដូចសង្គមណាដែរ តែងតែមានអំពើពុករលួយ ដោយចៀសមិនរួច គ្រាន់តែតិចនិងច្រើន និងតូចនិងធំ។ ប៉ុន្តែអំពើពុករលួយ វាមិននៅនឹងថ្កល់ទេ វាប្រែប្រួលទៅតាមលទ្ធផលនៃកំណែទម្រង់ការងាររបស់យន្តការរបស់រដ្ឋ ដើម្បីកាត់បន្ថយលុយកាក់ក្រោមតុ ក្រៅផ្លូវការ៘ និង៘  ដូច្នេះការវាយតម្លៃទាំងឡាយណាដែលមិនផ្អែកលើទិន្នន័យច្បាស់លាស់ទេ មិនអាចចាត់ទុកថា ការវាយតម្លៃត្រឹមត្រូវឡើយ។ ហេតុនេះ ការវាយតម្លៃដោយស្មានៗ គឺជាការវាយតម្លៃតាមចិត្ត និងលម្អៀងខាងនយោបាយ ឬនិន្នាការមនោគមន៍វិជ្ជា”។

បន្ថែមលើសំណេរខាងលើនេះ លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ថា គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល មិនអាចទទួលយកបានទេ ចំពោះតូលេខដែលឈរពីចម្ងាយ ហើយមកប្រាប់តាមសារអ៊ីចឹងនោះ វាមិនសត្យានុម័ត នៅក្នុងការបញ្ជាក់អំពីពិន្ទុ អំពីតួលេខដែលគេកម្រិតឱ្យហ្នឹងទេ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “លុះត្រាតែយើងមើលឃើញអំពើពុករលួយ ច្រកចេញចូលហ្នឹងវាមានប៉ុន្មានករណី? អំពើពុករលួយហ្នឹងវាមានប៉ុន្មានរយលាន? អាហ្នឹងបានវាដឹងច្បាស់ តែបើយើងគ្រាន់តែឈរពី ចម្ងាយពីប្រទេសឯណា នៅឯជើងមេឃឯណា យកមកវាយតម្លៃអ៊ីចឹង វាមិនអាចនឹងត្រឹមត្រូវទេ។ អាហ្នឹងធ្វើម៉េចឱ្យជាក់ស្តែង អាហ្នឹងបានយើងទទួលយកបាន បើគ្រាន់តែបក្សប្រឆាំង មិនបានចូលរួមបោះឆ្នោត ថាមានអំពើពុករលួយដែរ ថាមានលទ្ធិប្រជាធិបតេយ្យ ធ្លាក់ចុះដែរ អាហ្នឹងម៉េចកើត វាទៅមិនរួចទេ។ ដូច្នេះ អត់មានថែមអីទេ ព្រោះខ្ញុំសរសេរហ្នឹង ដូចជាវាគ្រប់គ្រាន់ហើយនៅក្នុងតេឡេក្រាមខ្ញុំ។ ប៉ុន្តែការដឹកនាំរបស់រាជរដ្ឋាភិបាលកន្លងទៅ មានយកតួលេខហ្នឹងមកធ្វើបង្អែក សម្រាប់ដឹកនាំគ្រប់គ្រងប្រទេសឯណា យើងយកកម្មវិធីនយោបាយគណបក្សប្រជាជន ដែលជាគណបក្សឈ្នះឆ្នោត យកមកធ្វើជាគោលក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ៘ និង៘ ដើម្បីឱ្យមានការរីកចម្រើន មិនមែនយកពិន្ទុពុករលួយ និងលទ្ធិប្រជាធិបតេយ្យលុយកាក់ ហ្នឹងយកមកធ្វើជាទីបង្អែកនោះទេ។ ប៉ុន្តែយើងគាំទ្រពីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេស ពាក្យស្លោក ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ហើយនិងវះកាត់ហ្នឹង អាហ្នឹងវាស្ថិតនៅក្នុងក្របខ័ណ្ឌនៃការចាត់វិធានការ ដើម្បីកាត់បន្ថយអំពើពុករលួយ ក៏ដូចជាលុបបំបាត់អំពើពុករលួយនេះដែរ”។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល

ជាមួយគ្នានោះដែរ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា ក្រៅតែពីអង្គការសហប្រជាជាតិកម្ពុជា មិនទទួលយករបាយការណ៍ពីអង្គការណាទាំងអស់ ដែលមកវាយតម្លៃ និងធ្វើចំណាត់ថ្នាក់ពីអំពើពុករលួយនេះ គឺរបាយការណ៍នេះ រាជរដ្ឋាភិបាល មិនឱ្យតម្លៃទេ ព្រោះរាជរដ្ឋាភិបាល បានខិតខំធ្វើកំណែទម្រង់ផ្សេងៗ ដើម្បីធ្វើឱ្យប្រទេសមានសុខសន្តិភាព និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដែលនាំមកនូវភាពក្សេមក្សាន្តសម្រាប់ប្រជាជន។ រាជរដ្ឋាភិបាល មិនធ្វើអ្វីដើម្បីឱ្យអង្គការណាយកទៅវាយតម្លៃ ឬដាក់ចំណាត់ថ្នាក់ឱ្យនោះទេ។ ពោលគឺការរកឃើញរបស់អង្គការវាយតម្លៃភាពអន្តរជាតិនេះ មិនបានឆ្លុះបញ្ចាំងពីការខិតខំកែទម្រង់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការទាញរកប្រាក់ចំណូល និងបង្កើតបរិយាកាសវិនិយោគល្អប្រសើរនោះទេ ហើយមិនអាចយកជាការបានឡើយ។

លោកផៃ ស៊ីផាន បានមានប្រសាសន៍ថា “យើងមិនដែលឱ្យតម្លៃពួកហ្នឹងផង ព្រោះជា អង្គការដែលមាននិន្នាការនយោបាយ។ បើប្រទេសណាមួយបូកជាមួយនឹងនិន្នាការរបស់គេហ្នឹង គេមិនដែលដាក់ចំណាត់ថ្នាក់ទាបទេ គ្រាន់តែគេធ្វើរបាយការណ៍ទាបមួយទុកឱ្យប្រព័ន្ធឃោសនា នៅក្នុងប្រទេសកម្ពុជាហ្នឹង ផ្សាយបំពង។ អានេះជាយុទ្ធសាស្ត្រមួយ ទី១- គេបង្កើតអង្គការមួយ ដាក់ឈ្មោះជាអន្តរជាតិ ទី២-នៅក្នុងស្រុក គេរៀបចំអង្គការមួយ ដើម្បីជាឧបករណ៍ស្រែកបន្ទរតាម ទី៣-គេបង្កើតប្រព័ន្ធវិទ្យុ ឬប្រព័ន្ធឃោសនារបស់គេ ដើម្បីបន្ទរហ្នឹង ដែលជាសង្គ្រាមចិត្តសាស្ត្រ។ យើងឃើញហើយ កម្ពុជាហ្នឹង គេមានវិទ្យុបំពងរបស់ គេ គេមានអង្គការដែលចាត់ទុកខ្លួនឯងជាអង្គការអន្តរជាតិ ដែលធ្វើការនៅស្រុកខ្មែរ ទទួលប្រាក់ខែពីគេហ្នឹងមក ស្រែកបន្ទរទៀត ដែលជាទិសដៅនៃសង្គ្រាមចិត្តសាស្ត្រ យើងមិនដែលឱ្យតម្លៃ ហើយការងាររបស់កម្ពុជា ក្នុងវិស័យទប់ស្កាត់ និងប្រឆាំងអំពើពុករលូយ យើងបានចុះហត្ថលេខាអនុស្សរណៈប្រឆាំងនឹងអំពើពុករលួយ ដែលជាដៃគូជាមួយអង្គការដទៃទៀត ដែលគេមានបែបផែននៅក្នុងការប្រយុទ្ធប្រឆាំង។ ទី១-រៀបចំឱ្យយុទ្ធសាស្ត្រសិក្សា ទី២-បំផុសប្រជាពលរដ្ឋស្អប់ខ្ពើមអំពើពុករលួយ ទី៣-តាមដានពិនិត្យមើល ទី៤-បង្កើតគោលការណ៍តម្លាភាព ជាមួយនឹងគណនេយ្យភាព នៅក្នុងការទទួលខុសត្រូវ ដែលជាគោលការណ៍ធំ។ បន្ទាប់មក គេរៀបចំឱ្យមានសាមីតំណាងអង្គការហ្នឹង នៅតាមអង្គភាពនៃរាជរដ្ឋាភិបាល ហើយជាមួយគ្នាហ្នឹង គេរៀបចំឱ្យមានអង្គការឯកជន ហ្នឹងចូលរួមប្រឆាំងនឹងអំពើដែលហៅថា មិនគណនេយ្យភាព ហើយនិងមិនតម្លាភាពនេះ ឯង។ អានេះជាទិសដៅនៃការអនុវត្តនៃកិច្ចប្រឆាំងជាមួយនឹងអំពើពុករលួយ ហើយកម្ពុជា បានធ្វើដំណើរដល់ថ្នាក់ហ្នឹង តាមរយៈហ្នឹង តាមគោលការណ៍ហ្នឹង ហើយយុទ្ធសាស្ត្រហ្នឹង ហើយអ្វីដែលលទ្ធផលកម្ពុជា ទទួលបាន គឺយើងឃើញប្រាក់កើនឡើងពីរទៅបីដងនៅក្នុងហ្នឹង ដែលរដ្ឋអាចមានលទ្ធភាពបើកប្រាក់បំណាច់ ប្រាក់បៀវត្សជូនទៅដល់មន្ត្រីរាជការ ២ដង ក្នុង១ខែ ហើយសល់លុយសម្រាប់ទៅធ្វើការអភិវឌ្ឍតទៅទៀត បង្កើតយន្តការ និងបរិយាកាសក្នុងការកាត់បន្ថយគម្លាតគ្នារវាងអ្នកមាននិងអ្នកក្រ បង្កើតបរិយាកាសមិនអនុញ្ញាត ឱ្យអំពើពុករលួយ ដែលឆ្លងតាមលុយ តាមប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក តាមរយៈអនុវត្តនូវប្រព័ន្ធអេឡិកត្រូនិក។ ដូច្នេះ កម្ពុជា បានធ្វើច្រើនមែនទែន អាហ្នឹងមិនគិតដល់បរិយាកាសនៃការទុកចិត្តរបស់ពាណិជ្ជករ ដែលមកបណ្តាក់ទុននៅកម្ពុជា ដែលមានកំណើនកើនឡើង។ អានេះហើយជាហេតុផលចង់ជម្រាបជូនចំណុចនីមួយៗ ខុសពីយុទ្ធនាការឃោសនា ដើម្បីវាយប្រហារមកលើកម្ពុជា តែប៉ុណ្ណោះ ហើយជម្រាបជូនទៀតថា រាជរដ្ឋាភិបាល មិនឱ្យតម្លៃជាដាច់ខាត ទោះគេដាក់ចំណាត់ថ្នាក់ ប៉ុនណា ក៏យើងមិនឱ្យតម្លៃ ព្រោះយើងអត់យកចិត្តទុកដាក់ ការមិនឱ្យតម្លៃ គឺចប់រឿងហើយ”។

លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា

ទោះជាយ៉ាងណា ឆ្លើយតបចំពោះប្រតិកម្មរិះគន់ខាងលើនេះ លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានចេញសេចក្តីបកស្រាយបំភ្លឺតាមទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ថា សំណេរនេះ គឺខ្ញុំសូមផ្ញើជូនទៅអ្នកសិក្សាស្រាវជ្រាវ បញ្ញវន្ត និងបណ្ឌិត ព្រមទាំងសាធារណជន ដែលចង់ដឹងអំពីមូលហេតុដែលកម្ពុជា ធ្លាក់១ពិន្ទុ នៅក្នុងសន្ទស្សន៍ CPI ២០១៨ និងដើម្បីបដិសេធនូវការចោទ ឬលាបពណ៌មកលើរបាយការណ៍ថា គ្មានមូលដ្ឋានត្រឹមត្រូវ ឬមានភាពលម្អៀងបែបនយោបាយ ដោយការពន្យល់ដូច ខាងក្រោម ៖

១-អង្គការតម្លាភាពអន្តរជាតិ (TI) វាយតម្លៃ និងដាក់ចំណាត់ថ្នាក់១៨០ប្រទេស ហើយគ្មានប្រទេសមួយណាដែលបានផ្តល់ផលប្រយោជន៍ នយោបាយ បុណ្យស័ក្តិ ឬមុខតំណែងអ្វីមួយដល់ TI ឬបុគ្គលិកខ្លួននោះទេ។ ដូច្នេះ TI គ្មានហេតុផលអ្វីដែលត្រូវលម្អៀងបែបនយោបាយឡើយ។

២-សម្រាប់កម្ពុជា TI ប្រើប្រភពដល់ទៅ៨ (ដូចមានក្នុងរូប) ដែលសុទ្ធតែជាប្រភពដែលបានសិក្សាស្រាវជ្រាវល្អិតល្អន់ និងមានការផ្ទៀងផ្ទាត់ជាប្រចាំ ដោយស្ថាប័នដែលមានកេរ្តិ៍ឈ្មោះ និងដែលគេទទួលស្គាល់នៅលើសកលលោក ដើម្បីយកមកធ្វើជាមូលដ្ឋាន សម្រាប់ការវាយតម្លៃ ដោយប្រើរូបមន្តតាមបែបវិទ្យាសាស្ត្រ ដែលត្រូវបានត្រួតពិនិត្យផ្ទៀងផ្ទាត់ និងទទួលស្គាល់ដោយស្ថាប័នស្រាវជ្រាវនៃសហភាពអឺរ៉ុប (មិនមែនមនុស្សមួយក្រុមណាអង្គុយវាយតម្លៃ ឬដាក់ពិន្ទុតាមអំពើចិត្ត ឬតាមអារម្មណ៍នៅក្នុងបន្ទប់នោះទេ)។

៣-យោងតាមសូចនាករ (ដូចក្នុងរូបភាព) បង្ហាញថា កម្ពុជា បានធ្លាក់ពិន្ទុ ដោយសារហានិភ័យនយោបាយ (ថយ៤ពិន្ទុ) និងផ្នែកប្រជាធិបតេយ្យ (ថយ៧ពិន្ទុ) ប៉ុន្តែបានកើនពិន្ទុផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម (កើន២ពិន្ទុ)។ សរុបពិន្ទុ១៥៩ ចែកឱ្យ ៨=២០ពិន្ទុ (ថយ១ពិន្ទុ បើធៀបនឹងពិន្ទុឆ្នាំ២០១៧ ដែលកម្ពុជា បាន២១ពិន្ទុ)។

លោកព្រាប កុល បានបញ្ជាក់ទៀតថា ការវាយតម្លៃថា នៅឆ្នាំ២០១៨ ហានិភ័យនយោបាយមានការកើនឡើង ហើយសុខុមាលភាពប្រជាធិបតេយ្យ មានភាពទ្រុឌទ្រោម ឬឈឺធ្ងន់ ខណៈសុខុមាលភាពផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រសើរឡើងបន្តិច គឺជាការវាយតម្លៃដែលឆ្លុះបញ្ចាំងការពិត បើយើងសង្កេត និងពិនិត្យមើលទិដ្ឋភាពជាក់ស្តែង ដោយពាក់វ៉ែនតាឯករាជ្យ និងអព្យាក្រឹត។ នៅពេលដែលគ្រូពេទ្យពិនិត្យសុខភាព ឃើញរោគសញ្ញាប្រភេទជំងឺ និងកម្រិតនៃជំងឺអ្នកជំងឺមានជម្រើសពីរ គឺទី១-ទទួលស្គាល់ថា ខ្លួនមានជំងឺ និងស្វែងរកវិធីព្យាបាល ឬទី២-ប្រកែកថា ខ្លួនមិនឈឺ ទាត់ចោលលទ្ធផលដែលពេទ្យបានពិនិត្យ ហើយ ចាទពេទ្យថាមានបំណងអាក្រក់។ រីឯលទ្ធផលនៃការជ្រើសយកជម្រើសទី១ ឬទី២ យើងអាចទាយដឹងមុន។ បើជ្រើសរើសយកជម្រើសទី១ ស្ថានភាពជំងឺអាចវិវត្តទៅរកភាពធូរស្បើយ ល្អប្រសើរ និងអាចជាសះស្បើយនៅពេលខាងមុខ។ ប៉ុន្តែបើជ្រើសរើសយកជម្រើសទី២ អាចធ្វើឱ្យស្ថានភាពជំងឺនៅដដែល ឬវិវត្តទៅកាន់តែធ្ងន់ និងអាចឈានទៅដល់កើតមហារីក ក៏ថាបាន។

ខ្ញុំស្វាគមន៍ប្រតិម្មប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរ ដោយឈរលើមូលដ្ឋាននៃភាពឯករាជ្យ និងអព្យាក្រឹត ដែលគាំទ្រដោយភ័ស្តុតាង និងអំណះអំណាងច្បាស់លាស់ ដែលនេះ ជាគោលការណ៍ទូទៅនៃបញ្ញវន្ត”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ អង្គការតម្លាភាពអន្តរជាតិ ដែលមានការិយាល័យនៅប្រទេសអាល្លឺម៉ង់ បានចេញរបាយការណ៍ប្រចាំឆ្នាំ២០១៨ ស្តីពីការវាយតម្លៃអំពើពុករលួយ នៃប្រទេស១៨០។ អង្គការតម្លាកម្ពុជា ដែលមានលោកព្រាប កុល ជានាយកប្រតិបត្តិ បានរៀបចំសន្និសីទសារព័ត៌មាន នៅសណ្ឋាគារ Raffle Le Royal ដើម្បីផ្សព្វផ្សាយរបាយការណ៍ និងបកស្រាយពីអំពើពុករលួយនៅកម្ពុជា។

របាយការណ៍នោះ បង្ហាញថា កាលពីឆ្នាំ២០១៧ កម្ពុជា ទទួលបាន២១ពិន្ទុ។ ដូច្នេះ នៅឆ្នាំ២០១៨ កម្ពុជា បានធ្លាក់១ពិន្ទុ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ប៉ុន្តែចំណាត់ថ្នាក់ កម្ពុជា ពុំបានធ្លាក់ទេ គឺឆ្នាំ២០១៧ និងឆ្នាំ២០១៨ កម្ពុជា នៅរក្សាចំណាត់ថ្នាក់ទី១៦១ ដដែល ក្នុងចំណោមប្រទេសទាំង១៨០។ បានន័យថា ប្រទេសកម្ពុជា នៅតែជាប្រទេសទទួល បានពិន្ទុទាបបំផុតទី៣ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងទទួលបានពិន្ទុទាបជាងគេនៅក្នុងតំបន់អាស៊ាន៕  កុលបុត្រ

RELATED ARTICLES