Wednesday, April 24, 2024
Homeបរិយាយបរិយាយថ្ងៃនេះ ៖ សេចក្តីក្លាហានខ្លះកើតពីកំហឹង

បរិយាយថ្ងៃនេះ ៖ សេចក្តីក្លាហានខ្លះកើតពីកំហឹង

ព្រះរាជកុមារ អាឡិចសង់ ឡឺហ្ក្រង់  (Alexandre Le Grand) បានចោទសួរទៅព្រះរាជគ្រូ គឺទស្សនវិទូ អារីស្តូត (Aristote) ថា “អ្វីទៅជាសេចក្តីក្លាហានបន្លំ និងសេចក្តីក្លាហានពិតប្រាកដ?” អារីស្តូត ក៏ឆ្លើយថា “សេចក្តីក្លាហានខ្លះកើតពីកំហឹង” ដោយហេតុថា មិនក្លាហានពិតប្រាកដទេ តែជាការបន្លំ។ ចម្លើយបែបទស្សនវិជ្ជាដ៏មានតម្លៃនេះ ត្រូវព្រះរាជកុមារ អាឡិសង់ ឡឺហ្រង់ យកទៅអនុវត្តរហូតក្លាយទៅជាស្តេចចក្រពត្តិ កំពូលអ្នកវាតយកទឹកដី តាំងពីមុនគ្រិស្តសករាជ។ ករណីលោកសម រង្ស៊ី ប្រកាសចូលស្រុកនោះ បើគេធ្វើឱ្យគាត់មានកំហឹង ច្បាស់ជា “កើតសេចក្តីក្លាហាន” មិនខាន ដែល “នគរធំ” សូមលើកទស្សនវិជ្ជាខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

អាវីស្តូត ជាទស្សនវិទូក្រិក ដ៏ល្បីល្បាញ កើតនៅឆ្នាំ៣៨៥ មុនគ្រិស្តសករាជ នៅទីក្រុងមួយនៃប្រទេសម៉ាសេដ្វាន (Macedoine)។ គាត់ជាសិស្សរបស់ទស្សនវិទូ ប្លាតុង (Platon) រីឯប្លាតុង ជាសិស្សទស្សនវិទូ សូក្រាត (Crate)។ គាត់បែកមែកធាងជាច្រើនវិជ្ជាសំខាន់ៗ ដូចជា តក្កវិជ្ជា, វិជ្ជានយោបាយ, ធម្មជាតិវិទ្យា និងរូបវិទ្យា ជាដើម។ ក្រោយមក ព្រះចៅហ៊្វីលីពនៃប្រទេសម៉ាសេដ្វាន បានអញ្ជើញអារីស្តូត ទៅបង្រៀនព្រះរាជបុត្រ អាឡិចសង់ ឡឺហ្ក្រង់ ដល់ក្នុងព្រះបរមរាជវាំង និងបានជួយអាឡិចសង់ ឡឺហ្ក្រង់ ឱ្យក្លាយទៅជាកំពុងអធិរាជល្បីខ្ទរខ្ទារខាងធ្វើសង្គ្រាមវាតទឹកដី ស្របាលគ្នានឹង “ព្រះបាទអសោក មហារាជ” នៃប្រទេសឥណ្ឌា ដែលសុទ្ធតែជាកំពូលវាតយកទឹកដីដូចគ្នា។

ទ្រឹស្តីអារីស្តូត ថា “សេចក្តីក្លាហានខ្លះកើតពីកំហឹង” គាត់បានពន្យល់ថា សេចក្តីក្លាហានខ្លះ កើតមកពីការខឹងច្រឡោត ដូច្នេះហើយបានជាមេទ័ពខ្លះចេះរកមធ្យោបាយធ្វើឱ្យទាហានខឹងច្រឡោតដាក់សត្រូវ។ កាលណាពលទាហានខឹងច្រឡោតហើយ គេមើលទៅឃើញហាក់ដូចជាក្លាហាន ប្រៀបដូចសត្វខ្លាដែលត្រូវរបួស ហើយវាហក់ទៅខាំព្រានដូច្នេះដែរ។ នេះជាសេចក្តីក្លាហានបន្លំ តែយើងត្រូវចាត់ទុកជាថា ជាសេចក្តីក្លាហានមួយដែរ ព្រោះបើមនុស្សពុះកញ្ជ្រោលដោយកំហឹង គ្មានអ្វីតទល់បានឡើយ។

បើយកទ្រឹស្តីនេះ មកឆ្លុះមើលបច្ចុប្បន្នកាល យើងឃើញថា សព្វថ្ងៃ លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ (CNRP) នោះ គ្មានបក្សគ្មានឈ្មោះក្នុងបញ្ជីជាផ្លូវការនោះទេ ត្រូវបានគេចាត់ទុកថា គាត់ជា “ពលសេនាម្នាក់ ដែលនៅក្រោមបញ្ជាអ្នកគាំទ្រ”។ លោកសម រង្ស៊ី ប្រកាសថា គាត់ដាក់ខ្លួនដាក់កាយបម្រើប្រជាពលរដ្ឋ ដូច្នេះពលរដ្ឋអាចបញ្ជាគាត់បាន និងធ្វើយ៉ាងណាឱ្យ “សេនាដៃឯក” នេះ “មានសេចក្តីក្លាហានបន្លំ”។

ខណៈដែលលោកសម រង្ស៊ី ប្រកូកប្រកាសដដែលៗថា គាត់នឹង “ចូលស្រុកក្នុងឆ្នាំ២០១៩” បានត្រឹមធ្វើឱ្យមន្ត្រី CPP សើចចំអក ត្រៀមគុក និងខ្នោះ ចាំជាស្រេច ខណៈដែលកងទ័ព “ត្រៀមកម្ទេច” និងមានពាក្យគំរាមថា លោកសម រង្ស៊ី នឹងត្រូវ “បាតទី៣ បាញ់សម្លាប់”។ ប្រឈមនឹងការព្រមាន ក៏ដូចគំរាមនេះ អ្នកគាំទ្រ CPP យល់ជាស្រេចថា លោកសម រង្ស៊ី មិនហ៊ានមកទេ ព្រោះគាត់ខ្លាចស្លាប់ ឬខ្លាចត្រូវចូលខ្លួនទៅដេកគុកព្រៃស។

ទំនងជាដើរតាមទ្រឹស្តីអារីស្តូត ថា “សេចក្តីក្លាហានខ្លះកើតពីកំហឹង” ក៏ស្រាប់តែពួកប្រឆាំងខ្សែលោកកឹម សុខា ព្រួតគ្នាសើចចំអកឱ្យលោកសម រង្ស៊ី ថា “ជាមនុស្សកំសាក” មិនគោរពពាក្យសម្តីរបស់ខ្លួន។ សូម្បីលោកតាឡៅ ម៉ុងហៃ ជាអ្នកវិភាគមាននិន្នាការប្រឆាំង ក៏បានសរសេរក្នុងហ្វេសប៊ុកថា “លោកសម រង្ស៊ី ត្រូវវិលតាមសន្យា បើជាមនុស្សគេយកសម្តី (a man of his word) រដ្ឋាភិបាលត្រូវធានាការពារសុវត្ថិភាពគាត់” សំណេរនេះ មានន័យថា លោកតាឡៅ ម៉ុងហៃ “អុជភ្លើង” ធ្វើឱ្យលោកសម រង្ស៊ី ស្ទុះច្រឡោតក្រេវក្រោធ ប្តូរពី “កំសាកទៅជាក្លាហាន” វិញ។ ធម្មតាមនុស្សកំសាក បើមានអ្នកបញ្ឈឺ ច្បាស់ជាក្តៅអន្ទះអន្ទែង ស្ទុះកញ្ជ្រោលទៅមុខ មិនខ្លាចស្លាប់។

រឿង “ក្រៃថោង ក្រពើឆារ៉ាវ៉ាន់” បានតំណាលពីស្តេចក្រពើឆារ៉ាវ៉ាន់ ចាប់នាងសំពៅកែវ ទៅទុកក្នុងរូងនាបាតកោះមួយ និងបានសម្លាប់គ្រូខ្លាំងពូកែជាច្រើននាក់ ដែលចូលទៅរំដោះស្រីចំណាប់ខ្មាំង។ ជាចុងក្រោយ ក្រៃថោង ជាអ្នកខ្លាំងពូកែ ប្រើល្បិចដៀមដាមបន្តុះបង្អាប់ឱ្យឆារ៉ាវ៉ាន់ ចេញពីរូង ខណៈដែលស្តេចក្រពើ ត្រូវគ្រូរបស់ខ្លួនហាមឃាត់កុំឱ្យចេញ។ ពាក្យសម្តីចាក់ដោត អុជអាល បន្តុះបង្អាប់របស់ក្រៃថោង ធ្វើឱ្យក្រពើនោះ ខឹងសម្បា ក្តៅក្រហាយ ទ្រាំមិនបាន ក៏ស្ទុះចេញពីរូង និងត្រូវក្រៃថោង សម្លាប់បាន ប៉ុន្តែស្តេចក្រពើ ក៏បានបន្សល់ទុកកូនក្រពើ ឱ្យបន្តយាយីមនុស្សរហូតដល់សព្វថ្ងៃ។

អ្នកចងគ្រាប់បែកអត្តឃាតជាប់នឹងខ្លួន រួចចេញទៅបំផ្ទុះតាមទីប្រជុំជន ឬប៉ុស្តិ៍ប៉ូលិសនៅប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ លីប៊ី គឺមកពីអ្នកស្ពាយគ្រាប់បែកអត្តឃាតនោះ “មានកំហឹង ក៏កើតសេចក្តីក្លាហានប្រថុយស្លាប់”។

អ្នកតាឃ្លាំងមឿង ដោយសារតែមានកំហឹងស្រោចទៅលើកងទ័ពសៀម ឈ្លានពាន ទើបគាត់ហ៊ានបូជាជីវិត លោតទៅ ក្នុងរណ្តៅគ្រឿងអាវុធ។

មិនថាមេទ័ព ឬកូនទ័ពនោះទេ កាលណាមានកំហឹងកើតឡើង ក៏ស្ទុះទៅរកសេចក្តីស្លាប់ ដូចក្រពើឆារ៉ាវ៉ាន់ អ្នកឱបគ្រាប់បែកអត្តឃាត ឬដូចអ្នកតាឃ្លាំងមឿង មិនខាន។ រីឯសេចក្តីក្លាហាន វាកើតពីការបញ្ឈឺ អុជអាល កែភាពកំសាក ឬកម្ជិលឱ្យក្លាហាន ឬឧស្សាហ៍វិញ។ មានគ្រូបង្រៀនម្នាក់ និយាយល្អយ៉ាងណា ក៏សិស្សកម្ជិលម្នាក់មិនព្រមស្តាប់ ឱ្យតែលោកគ្រូពន្យល់មេរៀនម្តងៗ កុមារជាសិស្សនោះ “ដេកលក់ទាំងអង្គុយ”។ ថ្ងៃមួយ លោកគ្រូចង់ពត់សិស្សកម្ជិលនោះ ក៏យកភ្លើងបារីអុជ ស្លឹកត្រចៀកកុមារនោះ ភ្ញាក់កន្ត្រាក់សរសៃ ក៏បាត់ខ្ជិល បាត់កុកងោក តាំងពីពេលនោះមក និងខំរៀន ក្លាយជាសិស្សពូកែវិញ។

ដូច្នេះយើងឃើញថា ពេលនេះ អ្នកណាក៏សន្និដ្ឋានថា លោកសម រង្ស៊ី “បានតែពាក្យ ត្រគាកស្លាប់ស្តូក” ឬ “កំសាកមិនគោរពពាក្យសម្តី”។ ទំនងជាចង់ពត់មេដឹកនាំរបស់ខ្លួន ស្រាប់តែពួកប្រឆាំងមួយចំនួន “យកភ្លើងបារីអុជស្លឹកត្រចៀកមេធំនោះ” តាមរយៈការដៀមដាម ចំអក បញ្ឈឺ សូម្បីលោកតាឡៅ ម៉ុងហៃ ក៏ជួយអុជដែរ។ តាមការឃ្លាំមើល ខ្សែកឹម សុខា ក៏ប្រឆាំង ខ្សែសម រង្ស៊ី ក៏ប្រឆាំង គ្រាន់តែពួកគេចែកផ្លូវគ្នាដើរ ដូចអ្វីដែល “នគរធំ” បរិយាយពី “ទន្លេកោះដាច់” បែកចម្ពាមជា២ តែប្រសព្វមុខគ្នាវិញ។ ខ្សែប្រឆាំង លោកកឹម សុខា កំពុងអុជស្លឹកត្រចៀកលោកសម រង្ស៊ី គ្មានប្រណី ដើម្បីឱ្យមេប្រឆាំង នេះ គោរពពាក្យសម្តីរបស់ខ្លួន ហ៊ានចូលស្រុកតាមពាក្យសន្យា ដូច្នេះអនាគតដ៏ខ្លីនេះ បើសិនជាលោកសម រង្ស៊ី ទ្រាំក្តៅមិនបាន ច្បាស់ជាមិនរួញរានឹងសេចក្តីស្លាប់ ឬគុក ដូចសុភាសិតបារាំង ១ថា “បើមិនហ៊ានប្រថុយទេ គ្មានបានការអ្វីទាំងអស់” (Qui ne risqué rien n’a rien)។

ដោយឡែកបក្សកាន់អំណាច (CPP) បើសិនជាលោកសម រង្ស៊ី មាន “សេចក្តីក្លាហានបន្លំ” ពោលឱ្យចំ បើគាត់ហ៊ានចូលស្រុក ព្រោះខឹងកូនចៅអុជស្លឹកត្រចៀក ចាំបាច់ត្រូវតែការពារសុវត្ថិភាពអ្នកទាំងនោះ។ CPP បានព្រមានពី “បាតដៃទី៣” បើបណ្តែតបណ្តោយឱ្យជនអនាមិកព្យាបាទជីវិតអ្នកក្លាហានបន្លំនោះ ក៏ត្រូវទទួលកំហុសដែរ ព្រោះជាករណីយកិច្ចរបស់អាជ្ញាធរដែនដី។ ករណីអ្នកគាំទ្រ CPP ប្រៀបធៀបលោកសម រង្ស៊ី ដូច “គង់ហ៊ាន” ក៏ជារឿង “ក្លាហានបន្លំ” ដែរ ប៉ុន្តែគង់ ហ៊ាន ជាមនុស្សមានបុណ្យវាសនា បានជាអាចបំភ័ន្តភ្នែកមហាជនបាន ខណៈដែលគាត់អួតអាងថាអាចបង្ក្រាបខ្លា ក្រពើ ហើយទោះជាគាត់ “ធ្លាយអាចម៍ដាក់ខ្នងដំរី” ក៏នៅតែគេគោរពកោតខ្លាច ដោយមិនបានដឹងពី “សេចក្តីក្លាហានបន្លំ”។

សរុបទៅ ទ្រឹស្តីអារីស្តូត ថា “សេចក្តីក្លាហានខ្លះ កើតពីកំហឹង” បានជួយអាឡិចសង់ ឡឺហ្ក្រង់ ឱ្យក្លាយជាស្តេចចក្រពត្តិ ព្រោះព្រះអង្គចេះល្បិចយុទ្ធសាស្ត្រ ធ្វើឱ្យពលសេនាខឹងនឹងសត្រូវ ក៏ស្ទុះចូលសមរភូមិមិនខ្លាចស្លាប់។ លោកសម រង្ស៊ី ក៏យ៉ាងនេះដែរ គាត់ក្លាយជាអ្នកបម្រើរាស្ត្រ តាមការដាក់ខ្លួនដាក់កាយរបស់គាត់ កាលបើត្រូវពួកប្រឆាំងជាកូនចៅ “អុជស្លឹកត្រចៀក” ដៀមដាមថា ជា “មនុស្សកំសាក” ច្បាស់ជាគាត់ទ្រាំមិនបានទេ អាចថាគាត់នឹងស្ទុះចូលប្រទេសមិនខានឡើយ ដោយលែងខ្លាចស្លាប់ ដូចអ្នកឱបគ្រាប់បែកអត្តឃាត។ ទ្រឹស្តីអារីស្តូត នៅតែមានតម្លៃជាអមតៈ បើអ្នកនយោបាយណា យកទៅអនុវត្ត នឹងស្គាល់តែជ័យជម្នះដូចស្តេចអាឡិចសង់ ឡឺហ្ក្រង់…៕

RELATED ARTICLES