Friday, March 29, 2024
Homeតារាខ្មែរប៊ុត សីហា ផលិតកម្មថោន បិទផ្លូវ ?

ប៊ុត សីហា ផលិតកម្មថោន បិទផ្លូវ ?

អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស ប៊ុត សីហា ដែលជាម្ចាស់ពាន The Voice Cambodia រដូវកាលទី១នោះ ហាក់តែលតោលខ្លាំង នៅរយៈពេលចុងក្រោយនេះ ដោយបាត់មុខទាំងស្រុងតែម្តងនៅលើឆាកតន្ត្រីធំៗ ទើបធ្វើឱ្យសីហា ធ្លាក់កូដហៅសឹងតែមិនឮឡើយ។

យ៉ាងណា ប៊ុត សីហា ធ្លាប់បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា រូបគេនឹងក្លាយទៅជាតារាចម្រៀងផលិតកម្មថោន ក្នុងពេលឆាប់ៗខាងមុខនេះហើយ ដែលជំហ៊ានថ្មីនេះនឹងធ្វើឱ្យខ្លួនគេមានរំពឹងថា អាចនឹងឡើងកូដសាឡើងវិញជាមិនខាន។

ប៉ុន្តែតាំងពីសីហា  អះអាងរហូតមកដល់ពេលនេះ គឺជិត១ឆ្នាំទៅហើយ តែគេនៅតែមិនឃើញ ប៊ុត សីហា ចេញបទចម្រៀងនៅផលិតកម្មថោន ដដែល ជាហេតុធ្វើឱ្យមានការលើកឡើងថា សីហា អាចនឹងត្រូវផលិតកម្មថោនបិទផ្លូវ ព្រោះថា រឿងអាស្រូវនៃការសេពគ្រឿងញៀនរបស់គេនៅមិនទាន់ត្រូវបានគេបំភ្លេចនៅឡើយ ហេតុនេះហើយបានជាថោន ហាក់រារែកចិត្តទទួលយកសីហា ភ្លាមៗ។

លោកមាស សុខរតនៈ ជាអ្នកចាត់ការទូទៅនៅផលិតកម្មថោន និងជាបងប្រុសរបស់មាស សុខសោភា ធ្លាប់អះអាងប្រាប់អ្នកកាសែតថា លោកមិនបានដឹងរឿងប៊ុត សីហា ជិតចូលថោន ឡើយ តែបើសីហា ចូលថោន មែន ប្រហែលជាមិនអាចគេចពីភ្នែកលោកឡើយ គឺត្រូវតែជួបគ្នាហើយ។ ប៉ុន្តែពេលនេះគ្មានរឿងនោះទេ។

ប៊ុត សីហា ត្រូវផលិតកម្មរស្មីហង្សមាស ដេញចេញកាលពីដើមឆ្នាំ២០១៨ បន្ទាប់ពីតារាចម្រៀងរូបនេះញាំញីទៅដោយរឿងអាស្រូវសេពគ្រឿងញៀន ហើយបើទោះជា សីហា ថា រូបគេគ្រាន់តែជាគិញសម្ងាត់ផ្នែកគ្រឿងញៀន តែមិនបានប្រើប្រាស់ខ្លួនឯងយ៉ាងណាក៏ដោយ តែហង្សមាស មិនជឿជាក់ឡើយ។ សីហា ដែលធ្លាក់ខ្លួនចូលច្រៀងនៅផលិតកម្មមិនសូវល្បីឈ្មោះមួយ ដោយមានរឿងចម្រូងចម្រាសជាមួយថៅកែផលិតកម្មនោះ និងចុងក្រោយ ត្រូវបានតារាកំពូលទើស ម៉ៃ សុគន្ធ បានសម្តែងការអាណិតខ្លោចចិត្តចំពោះ សីហា និងគ្រោង ហៅមកច្រៀងនៅផលិតកម្មជាមួយគ្នាទៀតផង។

ប្រភពបានឱ្យដឹងថា សីហា ហាក់មិនខ្វល់ខ្វាយរឿងចូលផលិតកម្ម ម៉ៃ សុគន្ធ ឡើយ ព្រោះពេលនេះ រូបគេរង់ចាំសញ្ញាពីផលិតកម្មថោន ហើយនៅពេលយប់ សីហា ទៅច្រៀងនៅបៀរហ្គាឌិនពិភពរាត្រី ជាមួយតារាចម្រៀងអែន ឌី, ស៊ិន សុផល, ស៊ិន ឧត្តមផល្លា និងអ្នកនាងម៉ៅ ស៊ីណាត ជាដើម៕

RELATED ARTICLES