Saturday, April 20, 2024
Homeព័ត៌មានជាតិប្រើជំនាញផ្ទាល់ខ្លួនប៉ុណ្ណឹងហើយ នៅជាប់ខ្នោះបានទៀត

ប្រើជំនាញផ្ទាល់ខ្លួនប៉ុណ្ណឹងហើយ នៅជាប់ខ្នោះបានទៀត

ខេត្តកណ្តាល ៖ បុរសជើងល្អម្នាក់ បានអួតថា ខ្លួនជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ metfone ដើរបោកប្រាស់អាជីវករលក់ទូរស័ព្ទ ប្រមូលបានប្រាក់មួយចំនួនធំ រួចក៏ព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង។

ជនសង្ស័យជាជនឆបោក ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជួន ខាត់ណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិស្រម៉ ឃុំព្រៃខ្លា ស្រុកកអណ្តែត ខេត្តតាកែវ។ ចំណែកជនរងគ្រោះ មានចំនួន៣នាក់ រួមមាន ទី១-ឈ្មោះស៊ិន ចន្ថន ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅភូមិកន្សោមអក ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ អស់ប្រាក់៥៤៨ដុល្លារ ទី២-ឈ្មោះសៀក ប៉េងគន ភេទប្រុស អាយុ៤៧ឆ្នាំ មានលំនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង អស់ប្រាក់៩៣០ដុល្លារ និងទី៣-ឈ្មោះហេង ម៉េងលី ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង អស់ប្រាក់៥០៨ដុល្លារ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានឈ្មោះជួន ខាត់ណា តាំងខ្លួនថាជាបុគ្គលិកក្រុមហ៊ុន metfone បានដើរប្រាប់អាជីវករលក់ទូរស័ព្ទថា ក្រុមហ៊ុនឱ្យជួយប្រមូលកាតទូរស័ព្ទនិងទូរស័ព្ទ ពីអាជីវករ ដើម្បីយកទៅជួយផ្សព្វផ្សាយលក់ជូន សរុបទឹកប្រាក់ចំនួន៣០០៨ដុល្លារ។ លុះក្រោយពីយកបានកាតនិងទូរស័ព្ទហើយ ជននេះក៏បានគេចខ្លួនបាត់ មិនព្រមសងលុយទៅអាជីវករវិញឡើយ លុះនៅថ្ងៃកើតហេតុនេះ ទើបក្រុមអាជីវករបានដឹងទាន់ពេលក៏ដេញតាម ហើយប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន ដើម្បីផ្តន្ទាទោសតាមច្បាប់។

សមត្ថកិច្ចបញ្ជាក់ថា នៅមានអាជីវករមួយចំនួនទៀត ដែលចាញ់បោកជននេះ ហើយមិនទាន់មកប្តឹងសមត្ថកិច្ចនៅឡើយ។ ករណីនេះ កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES