Thursday, April 18, 2024
Homeតារាខ្មែរពេជ្រ សោភា រាង លែងហ៊ានធ្វើបទ “ឆ្កែ”?

ពេជ្រ សោភា រាង លែងហ៊ានធ្វើបទ “ឆ្កែ”?

ពេជ្រ សោភា បានល្បីបទនិពន្ធទាក់ទងសត្វឆ្កែ សម្រាប់បុណ្យចូលឆ្នាខ្មែរ 3ឆ្នាំជាប់គ្នា គឺកាលពីឆ្នាំ2016 ល្បីបទ “ស្រលាញ់បង ម៉ែឱ្យជិះឆ្កែ”, ឆ្នាំ2017 ល្បីបទ “ឆ្កែរត់បុកប៉ោត” និងឆ្នាំ218 ល្បីបទ “បីឆ្កែចូលរាំ”។ ប៉ុន្តែ នៅឆ្នាំ2019នោះ ពេជ្រ សោភា ហាក់ស្ពឹកមុខបន្តិច ព្រោះត្រូវបានលោកអធិរាជមហាសាច់  និងព្រះសង្ឃមួយចំនួន បានរិះគន់ដោយវ៉ៃប្រហារសោភា ថា ធ្វើបទចម្រៀងដដែលៗ គ្មានអ្វីចំណេញដល់ជាតិ ហើយអ្នកដែលបីឆ្កែទៅរាំ គឺមានតែមនុស្សឆ្កួតជាដើម។

ពេជ្រ សោភា បានទូរស័ព្ទទៅសួរបុរសនាយទាហានម្នាក់ នៅខេត្តកំពង់ស្ពឺ ដែលមានគណនីឈ្មោះអធិរាជមហាសាច់នោះថា ហេតុអ្វីបានជាស្អប់នាងច្រៀងបទទាក់ទងឆ្កែតែនាយទាហានរូបនោះ បែរជាថា មកពីបទ “បីឆ្កែចូលរាំ” ហ្នឹងល្បីខ្លាំងពេក ហើយក្រោយមក បុរសនោះក៏បានសុំទោសសោភា តាមទូរស័ព្ទ។

ដោយឡែក ទាក់ទងព្រះសង្ឃ1អង្គ ដែលកំពុងទេសនាឱ្យយាយតាចាស់ៗស្តាប់ហើយ ឆ្លៀតវាយប្រហារសោភា តាមរយៈការលើកយបទចម្រៀង “បីឆ្កែចូលរាំ” ដោយអះអាងថា មនុស្សដែលបីឆ្កែចូលរាំ គឺមានតែមនុស្សឆ្កួតនោះ សោភា ធ្លាប់ផ្តាំទៅព្រះសង្ឃអង្គនោះថា អ្នកបួសគួរតែធ្វើអារម្មណ៍ឱ្យស្ងប់ កុំគិតតែវិភាគ បទ “បីឆ្កែចូលរាំ” ព្រោះនាងមានការបារម្ភខ្លាំងណាស់ថា ខ្លាចតែថ្ងៃណាមួយព្រះសង្ឃអង្គនោះ កំពុងទេសនាជូនយាយតាស្តាប់ ស្រាប់តែភ្លាត់មាត់ទៅជាទេសនាបទ “បីឆ្កែចូលរាំ” ដែរអ៊ីចឹងមែន មានតែផ្អើលអស់ពុទ្ធិបរិស័ទជាមិនខានឡើយ។

ពេជ្រ សោភា ថែមទាំងទម្លាយរឿងព្រះសង្ឃមួយអង្គ ដែលច្រើនតែតេមកនាងរបៀបញ៉ែទៀតផង ដែលធ្វើឱ្យនាងពិបាកជឿលើព្រះសង្ឃសម័យនេះ តែនាងថានោះ គ្រាន់តែមានព្រះសង្ឃមួយចំនួនតូចប៉ុណ្ណោះ មិនមែនទាំងអស់ទេ ព្រោះមានព្រះសង្ឃច្រើនណាស់ដែល ល្អគោរពធម៌វិន័យត្រឹមត្រូវនោះ។

ថ្វីត្បិតតែពេជ្រ សោភា ព្យាយាមលើកហេតុផលមករារាំងអ្នកវាយប្រហារបទឆ្កែរបស់នាង ដែលធ្លាប់ទទួលបានជោគជ័យនាពេលកន្លងមកក្តី តែរហូតមកដល់ពេលនេះ សោភា  នៅមិនទាន់ធ្វើបទថ្មីទាក់ទងសត្វឆ្កែទៀតទេ។ នៅមុនចូលឆ្នាំខ្មែរនេះ ហង្សមាស បានចេញបទចម្រៀងរបស់ពេជ្រ សោភា ស្វាគមន៍ឆ្នាំថ្មី តាមរយៈបទ “វ៉ៃឡើង” ដែលប៉ារ៉ូលគ្មានទាក់ទង ជាមួយសត្វឆ្កែដូចមុនឡើយ។ ទោះជាយ៉ាងណា មិនមែនមានតែពេជ្រ សោភា ម្នាក់ទេ ដែលច្រៀងបទឆ្កែនោះ។

ក្រោយឃើញពេជ្រ សោភា ជោគជ័យបទឆ្កែនោះ ឱក សុគន្ធកញ្ញា ក៏ធ្លាប់ចេញបទ “អាគីឆ្កែខ្ញុំ”, ឆាយ វីរៈយុទ្ធ ចេញបទ “ដឹកឆ្កែទៅលេងស្រុក” និងសុខ ពិសី ចេញបទ “បីអាប៉មទៅរាំ” និងបទ “យំអោបឆ្កែ” ខណៈដែលលោកព្រាប សុវត្ថិ ចេញបទ “ដឹកឆ្កែតាមរកប្រពន្ធ” ផងដែរ។

ពេជ្រ សោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងធ្វើបទចម្រៀង  គឺតម្រូវទៅតាមទីផ្សារចម្រៀង បើគេនិយមចូលចិត្តអ្វីនោះ  នាងនឹងធ្វើបន្តទៀត។  ចំពោះអ្នករិះគន់ គឺនាងសូមស្វាគមន៍ រិះគន់ក្នុងន័យស្ថាបនា កុំជាន់ពន្លិច តែនាងឆ្ងល់ថា ហេតុអីធ្វើបទចម្រៀងទាក់ទងសត្វឆ្កែមានគេរិះគន់ ព្រោះសត្វឆ្កែជាសត្វគួរឱ្យស្រលាញ់ ហើយមានតារាល្បីៗបរទេសជាច្រើន បានចិញ្ចឹម និងស្រលាញ់សត្វឆ្កែ ហេតុអីបានជាយើងគ្រាន់តែស្រលាញ់ឆ្កែដែរ គេថាឆ្កួតទៅវិញ?

ពេជ្រ សោភា ត្រូវបានអ្នកគាំទ្រធ្វើពិធីអបអរសាទរ និងលើកទឹកចិត្តនាងសម្រាប់គម្រប់ខួបនៃការច្រៀងនៅផលិតកម្មរស្មីហង្សមាស ១៥ឆ្នាំ (2004-2019) នេះ ហើយពួកគេចង់ឃើញបទចម្រៀងថ្មីរបស់សោភា ថែមទៀត។

យ៉ាងណា មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា ពេជ្រ សោភា ហាក់ជោគជ័យតែអាជីពចម្រៀងទេ តែរឿងស្នេហា គឺមិនកាក់កបសោះ ព្រោះបែកបាក់គូស្នេហ៍ជាបន្តបន្ទាប់ហើយថ្មីៗនេះ លេចឮថា នាងត្រូវអតីតសង្សារត្រៀមរៀបការ ចោលទៀតផង។

ប៉ុន្តែ សោភា បានច្រានចោលដោយអះអាងថា គ្មានស្រីណាចង់ជួប “ទុក្ខស្រីប្តីកាន់លុយ” ទេ ហើយពេលនេះ នាងកំពុងស្វែងយល់ចិត្តគ្នាជាមួយលោកឆឹម សក្កដា ដោយមិនខ្វល់រឿងអ្នកណាថា នាងលេងស្នេហាក្លែងក្លាយឡើយ៕

RELATED ARTICLES