Friday, March 29, 2024
Homeព័ត៌មានជាតិមេក្លោងឆបោករថយន្ត៤២គ្រឿងបញ្ចាំ ជាប់គុក២០ឆ្នាំ

មេក្លោងឆបោករថយន្ត៤២គ្រឿងបញ្ចាំ ជាប់គុក២០ឆ្នាំ

ភ្នំពេញ៖ ស្ត្រី២នាក់ដែលជាមេក្លោងឆបោកយករថយន្តដល់ទៅ៤២គ្រឿង ទៅបញ្ចាំតាមកុងស៊ីនានា ត្រូវបានចៅក្រមសាលាដំបូង រាជធានីភ្នំពេញ ប្រកាសសាលក្រមលើសំណុំរឿងទី១០ សម្រេចផ្តន្ទាទោសបន្ថែម២ឆ្នាំទៀត ក្រោមការចោទប្រកាន់ពីបទឆបោក និងបទរំលោភលើទំនុកចិត្ត តាមមាត្រា៣៩១ និងមាត្រា៣៩២នៃក្រមព្រហ្មទណ្ឌ។

សរុបមក ក្នុងរឿងក្តីឆបោករថយន្តទាំង៤២គ្រឿង ជនជាប់ចោទត្រូវជាប់ពន្ធនាគារសរុប២០ឆ្នាំ ព្រមទាំងត្រូវសងរថយន្ត និងសងប្រាក់ ទៅម្ចាស់រថយន្តជាច្រើនសែនដុល្លារទៀត។

ជនសង្ស័យទាំង២នាក់ រួមមាន ទី១-ឈ្មោះឃាម រដ្ឋា ហៅយ៉ា ភេទស្រី អាយុ៣៥ឆ្នាំ និង២-ឈ្មោះផេង លី ហៅដា ភេទស្រី អាយុ៣៣ឆ្នាំ ចំណែកឈ្មោះឈាន ភក្តី ហៅស្រម៉ូម ត្រូវបានចៅក្រមស៊ើបសួរលើកលែងចោទ និងដោះលែងទៅវិញ។

សូមបញ្ជាក់ថា រឿងក្តីនេះតុលាការបានបំបែកសំណុំរឿងតាមអង្គហេតុនីមួយៗ ដោយកាត់ទោសម្តងមួយករណីៗសរុបចំនួន១០ករណី ដោយក្នុងរឿងនីមួយៗតុលាការបានផ្តន្ទាទោសជនជាប់ជាប់រយៈពេល២ឆ្នាំ និងបង្គាប់ឱ្យសងរថយន្តទៅតាមតម្លៃទីផ្សារជាក់ស្តែង រហូតដល់គ្រប់ ទាំង៤២គ្រឿង ប៉ុន្តែជាក់ស្តែងជនជាប់ចោទគ្មានប្រាក់សងវិញទេ អ្នកឈ្នះក្តីបានទទួលត្រឹមតែសាលក្រមប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យឈ្មោះឃាម រដ្ឋា ហៅយ៉ា យកមកសួរនាំ។ តាមវិធានជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជា ចំលើយសារភាពរបស់ជនរងគ្រោះបានឱ្យដឹងថា រូបនាងពិតជាបានជួលរថយន្តពីម្ចាស់ចំនួន២នាក់ អស់ចំនួន១២គ្រឿង ប្រាកដមែន។ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធ ចំនួន២នាក់បន្ថែមទៀតគឺឈ្មោះឈ័ន ភក្តី ហៅស្រម៉ូម ហៅពន្លក ភេទប្រុស និងឈ្មោះផេង លី ហៅដា ភេទស្រី។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំងបី សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ បានរកឃើញជនរងគ្រោះ១៤នាក់ផ្សេងទៀត ដែលចាញ់កលល្បិចក្រុមឆបោកទាំង៣នាក់នេះដូចគ្នា ហើយសមត្ថកិច្ចបានទំនាក់ទំនងជនរងគ្រោះ ទាំង១៤នាក់មកដាក់ពាក្យបណ្តឹង។ សរុបជនរង គ្រោះ ដែលសមត្ថកិច្ចបានរកឃើញចំនួន១៦នាក់ ត្រូវបានក្រុមឆបោកទាំង៣នាក់ ជួលរថយន្តមកបញ្ចាំទាំងអស់ចំនួន៣៤គ្រឿង។ ដោយយោងលើភស្តុតាងស៊ីសង្វាក់ មិនអាចប្រកែកបាន ជនសង្ស័យទាំងបីនាក់ ព្រមសារភាពជាលើកទី២ថា ក្រុមខ្លួនពិតជាបានជួល រថយន្តពីជនរងគ្រោះយកមកបញ្ចាំ និងដាក់ជួលបន្តប្រាកដមែន តែមិនមែនជួល៣៤គ្រឿងនោះទេ គឺពួកនាងបានជួលរហូតដល់ទៅ៤២គ្រឿង ពីជនរងគ្រោះទាំង១៦នាក់ និងជនរងគ្រោះផ្សេងទៀត ដែលសមត្ថកិច្ចមិនទាន់អាចទាក់ទងមកដាក់ពាក្យបណ្តឹងបាន។ សរុបរថយន្តទាំង៤២ គ្រឿង ដែលជនសង្ស័យបានជួលពីជនរងគ្រោះមក គឺជនសង្ស័យយកទៅបញ្ចាំអស់ចំនួន៣៤គ្រឿង និងយកទៅជួលបន្តចំនួន៨គ្រឿង៕

RELATED ARTICLES