Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិមេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា អំពាវនាវឱ្យពលរដ្ឋរួបរួមគ្នា បញ្ចប់របបលោកម៉ាឌូរ៉ូ

មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា អំពាវនាវឱ្យពលរដ្ឋរួបរួមគ្នា បញ្ចប់របបលោកម៉ាឌូរ៉ូ

លោក Juan Guaido ប្រធានាធិបតីស្តីទី វ៉េណេស៊ុយអេឡា ដែលប្រកាសដោយខ្លួនឯង កាលពីសប្តាហ៍មុន បានអះអាងថា លោកបានជួបជាមួយសមាជិកកងកម្លាំងយោធា ជាសម្ងាត់ ដើម្បីបញ្ចុះបញ្ចូលឱ្យយោធាទាំងនោះ រួមនឹងពលរដ្ឋវ៉េណេស៊ុយអេឡា ផងដែរ រួមកម្លាំងគ្នាដើម្បីបញ្ចប់របបដឹកនាំលោកម៉ាឌូរ៉ូ។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ មេដឹកនាំគណបក្សប្រឆាំងរូបនេះ បានទទួលស្គាល់ថា ការផ្ទេរអំណាចមិនអាចកើតឡើងទេ ដោយគ្មានការគាំទ្រពីមេដឹកនាំយោធាជាន់ខ្ពស់។

ទោះជាយ៉ាងណាក្តី លោកមិនបានបង្ហើបឱ្យដឹងថា តើលោកបានជួបជាមួយមេដឹកនាំ កំពូលយោធារូបណានោះទេ?

លោក Nicolas Maduro (Photo : CNN)

លោកបានឱ្យដឹងទៀតថា “ការដកទំនុកចិត្តយោធា មិនឱ្យគាំទ្រលោកម៉ាឌូរ៉ូ គឺជាគន្លឹះសំខាន់មួយ ក្នុងការផ្លាស់ប្តូររដ្ឋាភិបាល”។

ការលើកឡើងរបស់លោក Juan Guaido បានកើតឡើង ស្របពេលដែលអតីតមេដឹកនាំយោធាកំពូល២រូប ដែលបានផ្តាច់ខ្លួនចេញពីរដ្ឋាភិបាល ស្នើសុំជំនួយយោធាពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអាមេរិកឡាទីន ដើម្បីតទល់ជាមួយនឹងមេដឹកនាំរដ្ឋាភិបាល លោកម៉ាឌូរ៉ូ។

ស្របពេលដែលស្ថានភាពនយោបាយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កំពុងឡើងកម្តៅរដ្ឋាភិបាលរបស់លោក បានរឹតបន្តឹងទៅលើអ្នកកាសែតបរទេស ដែលរាយការណ៍ព័ត៌មាននៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។

កាលពីថ្ងៃពុធ កន្លងទៅ អាជ្ញាធរវ៉េណេស៊ុយអេឡា ក៏បានឃុំខ្លួនអ្នកកាសែតបរទេស៣នាក់ និងអ្នកបើកបររថយន្តម្នាក់ ដែលបម្រើការឱ្យទីភ្នាក់ងារសារព័ត៌មានអេស្ប៉ាញ។

ការលើកឡើងរបស់ប្រធានាធិបតីស្តីទី វាហាក់ដូចជាផ្ទុយទៅនឹងជំហររបស់លោកម៉ាឌូរ៉ូ ដែលបន្ទន់ឥរិយាបថចង់ឱ្យមានជំនួបចរចា ដើម្បីបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនេះ។

(Photo : CNN)

លោកម៉ាឌូរ៉ូ ត្រូវបានបោះឆ្នោតជាប់ជាប្រធានាធិបតី អាណត្តិ៦ឆ្នាំ កាលពីឆ្នាំកន្លងទៅ ហើយបានអះអាងថា ដំណើរការបោះឆ្នោតកន្លងមក ប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ ដោយមានការឃ្លាំមើលពីអន្តរជាតិ ក៏ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំង និងប្រជាជនវ៉េណេស៊ុយអេឡា ភាគច្រើន មិនទទួលយកលទ្ធផលនេះ ដែលធ្វើឱ្យមានការតវ៉ារហូតមក។

រហូតមកដល់ថ្ងៃនេះ គេនៅមិនទាន់ដឹងថា រវាងលោកម៉ាឌូរ៉ូ និងមេដឹកនាំគណបក្សប្រឆាំងមួយណា ជាប្រធានាធិបតីពិតប្រាកដរបស់ប្រទេសនេះ៕

RELATED ARTICLES