Wednesday, April 17, 2024
Homeតារាខ្មែររ៉ាប៊ី មានតែ១បទប៉ុណ្ណោះសម្រាប់ថ្ងៃចូលឆ្នាំខ្មែរ អ្នកគាំទ្រស្រងាកចិត្ត

រ៉ាប៊ី មានតែ១បទប៉ុណ្ណោះសម្រាប់ថ្ងៃចូលឆ្នាំខ្មែរ អ្នកគាំទ្រស្រងាកចិត្ត

ស្រីស្អាតផាន វីរ៉ាទី ហៅរ៉ាប៊ី ដែលសង្ឃឹមយ៉ាងមុតមាំថា បទចម្រៀងរបស់នាងសម្រាប់បុណ្យចូលឆ្នាំខ្មែរខាងមុខ យ៉ាងហោចណាស់ក៏បាន3ទៅ 4បទ ដើម្បីកុំឱ្យចាញ់ឆ្នាំមុនផ្ទុះ បទ “មាន់ស្រែ” នោះ ស្រាប់តែពេលនេះបំណងរបស់រ៉ាប៊ី ត្រូវរលាយដូចអំបិលត្រូវទឹក។

រ៉ាប៊ី មិនបានបង្ហាញខ្លួនក្នុងថ្ងៃដែលតារាចម្រៀងប្រុសស្រីរបស់ផលិតកម្មថោន ជួបជុំគ្នាថតបទចម្រៀងសម្រាប់ចូលឆ្នាំខ្មែរ នៅវត្តកៀនស្វាយក្នុង កាលពីថ្ងៃទី13 ខែកុម្ភៈ ឡើយ ហើយនាងបែរជាបង្ហាញអារម្មណ៍ស្រងូតស្រងាត់តែម្នាក់ឯង ហាក់ដូចជាមានការអាក់អន់ស្រពន់ចិត្តរឿងអ្វីមួយអ៊ីចឹង ព្រោះថា បទចម្រៀងសម្រាប់ ចូលឆ្នាំខ្មែរ2019 នេះ រ៉ាប៊ី ទទួលបានតែ1បទគត់ ដែលក្រុមហ៊ុនទម្លាក់ឱ្យ។ ផ្ទុយទៅវិញ តារាចម្រៀងប្រុសស្រីដទៃទៀតរបស់ផលិតកម្មថោន ពួកគេបានបទចម្រៀងក្នុងម្នាក់ៗ លើសពី1បទឡើង។

ក្នុងជំនួបកាលពីពេលថ្មីៗនេះ រ៉ាប៊ី បានឱ្យដឹងថា គឺឆ្នាំ2019 នេះ មានតែ1បទគត់សម្រាប់ចូលឆ្នាំខ្មែរ ដូចគេថាមែន។ រ៉ាប៊ី វាចាថា “ខ្ញុំឆ្នាំហ្នឹង បានតែមួយបទទេ គឺច្រៀងឆ្លងឆ្លើយជាមួយលោកសុគន្ធ ថេរ៉ាយុ ហើយឥឡូវមិនទាន់បានទៅថតឱ្យគេផង។ ចំពោះបទចម្រៀងដែលខ្ញុំថា អាចថតជាមួយបង ពែកមី គឺអាក់ខានវិញ ប៉ុន្តែខ្ញុំគ្មានការអាកអន់ចិត្តអីម៉ាបន្តិចទេ ព្រោះថោន មានអ្នកចម្រៀងច្រើនត្រូវតែបែងចែកគ្នាអ៊ីចឹងហើយ។ ចំពោះការដែលខ្ញុំមិនបានទៅថតជុំគ្នានៅវត្តកៀនស្វាយ នោះ ដោយសារតែថ្ងៃហ្នុង ខ្ញុំជាប់រវល់ច្រៀង Concert ឱ្យគេ ព្រោះអីយើងបានទទួលការងារគេហើយ មិនអាចអាក់ខានបានទេ។ 1បទដែលខ្ញុំច្រៀងជាមួយលោករ៉ាយុ នោះ គឺនឹងថតឆាប់ៗនេះ ហើយសម្រាប់បុណ្យចូលឆ្នាំខ្មែរយើង មានមួយបទនឹងគេដែរទៅ”។

រ៉ាប៊ី ធ្វើឱ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលខ្លាំង តាមរយៈបទ “មាន់ស្រែ” ដែលចេញកាលពីឆ្នាំ2017 នោះ ផ្ទុះខ្លាំងក្នុងថ្ងៃចូលឆ្នាំខ្មែរ ហើយត្រឹមតែ1បទនេះ ស្រីស្អាតរកប្រាក់ចំណូលបានដល់ទៅ10ម៉ឺនដុល្លារឯណោះ។ ដោយឡែក នៅឆ្នាំ2018 វិញ រ៉ាប៊ី ល្បីបទ “លុយ លុយ លុយ” តាមរយៈក្បាច់រាំគួរឱ្យក្នាញ់នោះ នាងធ្វើឱ្យតាតាចង់គាំងបេះដូងទៀតផង។

ពេលនេះ រ៉ាប៊ី មានរថយន្ត2គ្រឿង គឺ Starex និង Lexus RX 300 ហើយនាងបានទិញផ្ទះល្វែងបាន2ជុង តម្លៃក្បែរ20ម៉ឺនដុល្លារ និងថ្មីៗនេះ ទើបទិញវីឡាដ៏ប្រណីត តម្លៃ15ម៉ឺនដុល្លារថែមទៀត នៅបុរីប៉េង ហួត (បឹងស្នោ) ទើបធ្វើឱ្យគេសង្ស័យថា ស្រីស្អាតរូបនេះមានប្រុសស្នេហ៍ឧបត្ថម្ភ តែអតីតពិធីការិនីហង្សមាស រូបនេះ បានច្រានចោល៕

RELATED ARTICLES