Friday, March 29, 2024
Homeព័ត៌មានជាតិលាន់មាត់គ្រប់គ្នា!!! កូនក្រមុំអ្នកព្រៃវែង ថ្លៃទឹកដោះជាង៣០ម៉ឺនដុល្លារ

លាន់មាត់គ្រប់គ្នា!!! កូនក្រមុំអ្នកព្រៃវែង ថ្លៃទឹកដោះជាង៣០ម៉ឺនដុល្លារ

ខេត្តព្រៃវែង ៖ ពិធីភ្ជាប់ពាក្យមួយ បានធ្វើឱ្យមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក លាន់មាត់ភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីលោកស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល បានភ្ជាប់ពាក្យជាមួយកូនក្រមុំអ្នកខេត្តព្រៃវែង ដោយជូនថ្លៃទឹកដោះ (បណ្ណាការ) ដល់ទៅជាង៣០ម៉ឺនដុល្លារ រួមមាន លុយសុទ្ធ១០ម៉ឺនដុល្លារ និងរថយន្តទំនើប ម៉ាក LEXUS LX 570 ស៊េរីឆ្នាំ២០១៩ តម្លៃជាង២០ម៉ឺនដុល្លារ ១គ្រឿង។

ពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ជាមួយនារីវ័យក្មេងស្រស់ស្អាតនេះ ធ្វើនៅតំបន់ផ្សារអ្នកលឿង (ត្រើយខាងកើត) ស្ថិតក្នុងភូមិ១ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅក្នុងពិធីភ្ជាប់ពាក្យរបស់លោកស្រេង សុខា និងកូនក្រមុំអ្នកព្រៃវែងខាងលើនេះ ត្រូវបានលោកស្រេង សុខា ស្នើឱ្យមន្ត្រីប៉ូលិសស្ទើរតែ១ស្រុកពាមរក៍ មកការពារនៅក្នុងពិធីនេះផងដែរ។

ប៉ុន្តែអ្វីដែលជារឿងក៏គួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺការសម្ញែងប្រាក់បណ្ណាការ (ថ្លៃទឹកដោះ ) ដោយលោកស្នងការរង បានជូនថ្លៃទឹកដោះទៅខាងស្រី ចំនួន១០ម៉ឺនដុល្លារ ព្រមទាំងរថយន្តទំនើប ម៉ាក LEXUS LX 570 សេ‘រីឆ្នាំ២០១៩ ១គ្រឿង ដែលមានតម្លៃដល់ទៅជាង២០ម៉ឺនដុល្លារថែមទៀត។

បន្ទាប់ពីបែកធ្លាយរូបភាពពិធីភ្ជាប់ពាក្យរបស់លោកស្រេង សុខា នៅលើបណ្តាញសង្គមហ្វេសប៊ុកមក អ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាធ្វើការចែករំលែកតៗគ្នា ផ្អើលពេញពេញហ្វេសប៊ុក ព្រមទាំងលាន់មាត់ទាំងភ្ញាក់ផ្អើលថា លោកស្នងការរងរូបនេះ អីក៏មានទ្រព្យសម្បត្តិមហាសាលម៉្លេះ ឬការភ្ជាប់ពាក្យនេះ លោកចង់បង្ហាញមហាជនថា លោកជាអ្នកមានទ្រព្យ លុយកាក់ច្រើនជាងលោកស្នងការរងដទៃៗទៀត?

យ៉ាងណា ក៏មានអ្នកពោលសរសើរដល់សំណាងខាងកូនក្រមុំអ្នកព្រៃវែងរូបនេះ ដែលគ្រាន់តែពិធីភ្ជាប់ពាក្យបានថ្លៃទឹកដោះដល់ទៅជាង៣០ម៉ឺនដុល្លារទៅហើយ ទម្រាំរៀបការរួច ប្រាកដជាដេកលើគំនរមាសប្រាក់តែម្តង។

ជាមួយនេះ មហាជនជាច្រើនក៏មានការបារម្ភដែរថា ការសម្ញែងលុយដុល្លារទាំងដុំៗបែបនេះ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល មិនខ្លាចដូចរឿងលោកគឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដែលបានចែកសែកកូន៥នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនដុល្លារ ក្នុងពិធីខួបកំណើត ត្រូវបានសម្តេចហ៊ុន សែន ទូលថ្វាយស្នើទៅព្រះមហាក្សត្រ បណ្តេញចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នោះទេឬ?

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ“ នៅមិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនលោកឧត្តមសេនីយ៍ត្រីិ ស្រេង សុខា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES