កុល ដាវី- សុខ រក្សា រៀបរាប់កំណើតស្នេហ៍ ពីគ្រូនិងសិស្ស ក្លាយជាប្តីប្រពន្ធ និងត្រៀមយកកូនឆ្នាំជូត

0
275

កុល ដាវី បានឱបថើបបឺតមាត់បណ្តូលចិត្តរបស់នាង សុខ រក្សា ដោយសម្រក់ទឹកនេត្រាហូរជោកថ្ពាល់ នៅថ្ងៃជប់លៀងមង្គលការរបស់នាង នៅមជ្ឈមណ្ឌលកោះពេជ្រ អគារ C កាលពីរាត្រីថ្ងៃទី8 ខែមីនា ឆ្នាំ2019។

ដាវី បានសន្យាថា នាងនឹងដឹកដៃសុខ រក្សា ដោយស្រលាញ់គ្នាដល់ចាស់កោងខ្នង គឺមិនធ្វើឱ្យបងប្អូនមកចូលរួមការខកចិត្តឡើយ។

ដោយឡែក ក្នុងជំនួបតាមទូរស័ព្ទ កាលពីរាត្រីថ្ងៃទី13 ខែមីនា ដាវី បានឱ្យដឹងថា នាងបានសម្រេចិត្តរួចហើយថា ត្រូវតែយកកូនប្រើនៅឆ្នាំជូត (កណ្តុរ) ត្រូវនឹងឆ្នាំ2020 នេះ ឱ្យបាន ខណៈដែលគម្រោងដឹកដៃប្តីទៅក្រេបចន្ទទឹកឃ្មុំ អាចដើរកម្សាន្តឱ្យអស់ដៃនៅប្រទេសជិតខាង។

កុល ដាវី វាចាថា “ខ្ញុំសម្រាកពីការងារសិល្បៈរយៈពេល1ខែ ក្រោយរៀបការហើយនេះ ខ្ញុំដើរលេងនៅក្នុងស្រុកសិន តែអាចចេញទៅប្រទេសជិតខាងយើងហ្នឹង ក្នុងពេលឆាប់ៗនេះ។ ចំពោះរឿងយកកូនវិញ ខ្ញុំត្រៀមយកនៅឆ្នាំជូត (2020) ខាងមុខនេះហើយ។ ចំពោះការមិនបានយកកូននៅឆ្នាំនេះ ព្រោះខ្ញុំចង់ពង្រីកមុខរបរជាមួយបងរក្សា ឱ្យបានល្អជាងនេះសិន។ និយាយឱ្យចំទៅ ពេលដែលខ្ញុំទៅដើរលេង គេហៅថា ក្រេបទឹកឃ្មុំនៅក្រៅស្រុកហ្នឹង ខ្ញុំនិងប្តីទៅរកមើលដែរថា តើយើងអាចយកអ្វីមករកស៊ីនៅស្រុកយើងបានទៅ អ៊ីចឹងខ្ញុំមិនមែនទៅដើរលេងសប្បាយសុទ្ធទេ។ តែថាទៅប្រទេសណានោះ ខ្ញុំទាំង2 មិនទាន់សម្រេចចិត្តទេ ព្រោះចាំដើរលេងតំបន់ទេសចរណ៍នៅក្នុងស្រុកឱ្យបានអស់ចិត្តសិន។ ខ្ញុំ និងគាត់ (ប្តី) អាចទៅដើរលេងប្រទេសជិតខាងយើងហ្នឹង មិនឆ្ងាយទេ តែមិនទៅថៃទេ ព្រោះអីទៅថៃ សឹកអស់ទៅហើយ”។

សុខ រក្សា រំភើបចិត្តណាស់ដែលបានក្លាយ ទៅជាស្វាមីរបស់កុល ដាវី ហើយលោកបានអះអាងថា កំណើតស្នេហា7ឆ្នាំនេះ កើតឡើងដោយសារតែនៅថ្ងៃមួយ លោកបានទៅច្រៀងនៅសណ្ឋាគាសុខាភ្នំពេញ ប៉ះជាមួយកុល ដាវី ហើយដាវី សុំលេខលោកទុក គ្រាន់សួររឿងច្រៀង ព្រោះដាវី ចង់ចេះច្រៀង។

រក្សា បន្ថែមទៀតថា ដោយសារអត់ឃើញកូនសិស្សតេមកលោកគ្រូសោះ អ៊ីចឹងមានតែលោកគ្រូសម្រេចចិត្តតេទៅកូនសិស្សវិញ ហើយចាប់ពីពេលនោះមក ឆាតរកគ្នារហូត។ អ្វីដែលកាន់តែមានឱកាសបានបង្រៀនកូនសិស្សឱ្យបានកាន់តែអស់ពីពោះទៀតនោះ ស្រាប់តែនៅថ្ងៃមួយ មាន Sponsor មួយបានហៅលោក និងដាវី ឱ្យទៅច្រៀងនៅកាដាណា តែ2នាក់ហ្នឹងទេ អ៊ីចឹងហើយក៍យល់ចិត្តគ្នាកាន់តែច្បាស់ តាំងពីឆ្នាំ2012ហ្នុងមកទៅ ព្រោះលោកគ្រូបានសារភាពថា មិនអាចដកចិត្តពីកូនសិស្សបានទេ។

សុខ រក្សា ថ្លែងថា “ខ្ញុំរំភើប ព្រោះគម្រោងរៀបការនៅឆ្នាំ2019 នេះ គឺយើងបានធ្វើបានមែន បន្ទាប់ពីយើងបានស្រលាញ់គ្នា7ឆ្នាំ។ តាំងពីចាប់ដៃគ្នានេះ ខ្ញុំនិងអាវី មានជីវភាពសមរម្យ គឺមានផ្ទះ2កន្លែង រថយន្តជិះ និងបង្កើតវង់ភ្លេងសម័យដំណើរការល្អដែរ។ ខ្ញុំក៏ឆ្លៀតធ្វើការនៅក្រុមហ៊ុនសំណង់មួយដែរ ចំណែកអាវី លក់សម្លៀកបំពាក់ថែម អ៊ីចឹងរវល់ដូចគ្នា។ ខ្ញុំអាចនិយាយបានថា ជីវភាពរបស់ពួកយើងនៅពេលនេះ សមរម្យល្អច្រើន ហើយអាចថា យើងធ្វើបាន 70%ហើយ។ ចំពោះរឿងថា ការហើយទៅដើរលេងនៅណា យកកូនពេលណានោះ រឿងហ្នឹងខ្ញុំសូមឱ្យដាវី ជាអ្នកសម្រេចចិត្ត គឺខ្ញុំសូមធ្វើទៅតាមគាត់ទាំងអស់”។

ខាត់ សុឃីម ដែលជាអ្នកច្រៀងការមង្គលការកុល ដាវី និងសុខ រក្សា នេះ បានហៅថា ចំណងស្នេហារបស់ពួកគេមុនដល់ថ្ងៃរៀបការនេះ បើគិតជាស្បែកជើងវិញ គឺអស់គឺ “សឹកអស់2គូ” ហើយដែលធ្វើឱ្យដាវី អៀនជាខ្លាំង ចំណែករក្សា សប្បាយចិត្តរីករាយខ្លាំងណាស់។

កុល ដាវី បន្ថែមថា “ខ្ញុំផ្អាកការងារ1ខែសិន ក្រោយរៀបការនេះ ព្រោះខ្ញុំចង់ដើរលេងឱ្យអស់ចិត្តសិន។ ខ្ញុំនឹងចូលសិល្បៈវិញនៅខែមេសា  តែខ្ញុំមិនថតសម្រុកដូចមុនទេ គឺថត1រឿងចប់  ទើបថតមួយទៀតព្រោះខ្ញុំនឹងយកពេលវេលាទៅរកស៊ីវិញ”។

កុល ដាវី-សុខ រក្សា មិនប្រាប់ឡើយថា មង្គលការរបស់ពួកគេចំណាយលុយអស់ទឹកប្រាក់ប៉ុន្មានឡើយ ព្រោះខ្លាចគេថាអួតអាង តែតាមប្រភពថា ការចំណាយលុយមិនក្រោម3ម៉ឺនដុល្លារឡើយ។

គួរបញ្ជាក់ថា កុល ដាវី ធ្លាប់មានព័ត៌មានថា បានផ្តាច់ស្នេហ៍មន្ត្រីធំម្នាក់នៅខេត្តរតនគិរី ចំណែកសុខ រក្សា វិញ បានប្រេះឆាជាមួយគូដណ្តឹងអតីតតារាសម្តែងម្នាក់ ទើបពួកគេចាប់ដៃគ្នារៀបការនិងក្លាយជាប្តីប្រពន្ធ នៅពេលនេះដោយមានតារារាប់រយនាក់ ចូលរួមអបអរសាទរ៕