ជិះបុកម៉ូតូក្មេងស្ទាវ មើលមុខឌឺដងចុះឡើង ទាញដែកចាក់ចំទ្រូង

0
66

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បុរស២នាក់ បានជិះម៉ូតូទៅប៉ះគ្នាជាមួយម៉ូតូក្មេងស្ទាវ២នាក់ រួចក៏សម្លឹងមើលមុខគ្នា ក៏កើតជាជម្លោះវាយតប់គ្នាផ្អើលពេញផ្លូវ ហើយត្រូវភាគីខាងក្មេងស្ទាវ ទាញដែកចុងស្រួចចាក់ប្រហារចំដើមទ្រូងបុរសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅត្រង់ចំណុចស្តុបសន្ធរម៉ុក ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។

បុរសរងគ្រោះដែលត្រូវក្មេងស្ទាវចាក់ធ្លាយទ្រូង គ្រាន់តែរឿងជិះម៉ូតូប៉ះគ្នាតិចតួចនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ។ ចំណែក ភាគីជនបង្ក ក៏មិនត្រូវបានស្គាល់ពីអត្តសញ្ញាណដូចគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ និងមិត្តភក្តិម្នាក់ទៀត បានជិះម៉ូតូ១គ្រឿង ម៉ាកហ្វីណូ ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ 1CW-9188 រួមជាមួយគ្នីគ្នាប្រុសស្រី៩ទៅ១០នាក់ទៀត ជិះម៉ូតូ៤ទៅ៥គ្រឿង (មិនចាំម៉ាក) បានជិះបណ្តើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ពេលមកដល់ខាងមុខវិទ្យាល័យសន្ធរម៉ុក ម៉ូតូរបស់ជនរងគ្រោះ ក៏បានជិះទៅប៉ះជាមួយនឹងម៉ូតូ១គ្រឿងទៀត តែតិចតួចប៉ុណ្ណោះ ដែលបើកបរដោយយុវជនពីរនាក់មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅស្របទិសគ្នា ហើយក៏សម្លឹងមុខឌឺដងដាក់គ្នាទៅវិញទៅមក ក៏កើតជាជម្លោះ រហូតឈានទៅដល់ការប្រើអំពើហិង្សាវាយតប់គ្នា ហើយភាគីក្មេងស្ទាវ២នាក់ បានយកដែកចុងស្រួចចាក់ទៅលើបុរសរងគ្រោះ ចំដើមទ្រូងខាងឆ្វេង បណ្តាលឱ្យរងរបួសឈាមហូរស្រោចខ្លួនតែម្តង ហើយក៏បាននាំគ្នា ជិះម៉ូតូរត់បាត់អស់។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់កន្លែងកើតហេតុ ស្រាប់តែភ្លាមនោះមិត្តតក្តិម្នាក់របស់បុរសរងគ្រោះ បានព្យាយាមជិះម៉ូតូដឹកជនរងគ្រោះគេចពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ច ជិះដេញតាមឃាត់បានភ្លាមៗដើម្បីធ្វើការសួរនាំ។

យ៉ាងណា ករណីអំពើហិង្សាខាងលើនេះ មិនទាន់ត្រូវបានភាគីជនរងគ្រោះ បញ្ជាក់ឱ្យដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ។

បុរសរងគ្រោះត្រូវបានមិត្តភក្តិដឹកតាមម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត ដោយឡែក មិត្តភក្តិដែលរួមដំណើរជាមួយ ត្រូវបានសមត្ថកិច្ច នាំយកទៅសាកសួរនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ ហើយឱ្យដាក់ពាក្យបណ្តឹង៕