តៃកុងបើកឡានចូលក្រុង ខុសម៉ោង រយះក្បាលហូរឈាមស្រោចខ្លួន

0
142

ភ្នំពេញ ៖ បុរសជាតៃកុងរថយន្តស្ទូចធុនធំ១គ្រឿង បានរងរបួសបែកក្បាលដេរអស់៦ថ្នេរ បន្ទាប់ពីបើករថយន្តចូលក្នុងរាជធានីភ្នំពេញ មិនត្រឹមត្រូវតាមម៉ោងកំណត់ ហើយអាជ្ញាធរមានសមត្ថកិច្ចកាក់ឃាត់មិនព្រមឈប់ ទើបផ្ទុះជាកំហឹង និងក្លាយជាអំពើហិង្សាបែបនេះ។  ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបអតីតរង្វង់មូលកាំកូស៊ីធី តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ បើកបររថយន្តស្ទូចធុនធំ១គ្រឿង ម៉ាកឌីវ៉ូរ ពណ៌ស ជាប្រភេទរថយន្តប្រាំភ្លៅរបស់ក្រុមហ៊ុនសេងទ្រី គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ចេញពីហ្គេនភ្នំពេញ ឆ្ពោះទៅអតីតរង្វង់មូលកាំកូស៊ីធី ដោយមានសមត្ថកិច្ចចរាចរណ៍ផ្លូវគោក១រូប និងមន្ត្រីកងរាជអាវុធហត្ថ១រូប បានជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក ដេញតាមពីក្រោយ បំណងឃាត់រថយន្តស្ទូចខាងលើឱ្យឈប់ផងដែរ។

ប្រភពដដែលបន្តថា លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តស្ទូចក៏បានឈប់ស្តុប ខណៈនោះក៏មានសមត្ថកិច្ចចរាចរណ៍ផ្លូវគោក និងមន្ត្រីកងរាជអាវុធហត្ថ ទាំងពីរនាក់ បានជិះម៉ូតូមកកាក់ចំពីមុខរថយន្ត ហើយបានដកកាំភ្លើងភ្ជង់គំរាមតៃកុងរថយន្តខាងលើ ឱ្យចុះមកខាងក្រោម។ ប៉ុន្តែមិនព្រមចុះ នៅគឃ្លើនបើកបន្ត រួចក៏ត្រូវសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ដែលជិះដេញតាមចាប់គ្រាកតៃកុងរថយន្តជាប់ ហើយចំណែកឯមន្ត្រីកងរាជអាវុធហត្ថ១រូបទៀត ដែលជិះដេញមកជាមួយ ក៏ដកកាំភ្លើងវាយទៅលើក្បាលតៃកុងរថយន្តស្ទូច បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងរស់នៅជុំវិញកន្លែងកើតនាំគ្នាចោមរោមមើល។

បន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ របស់ស្នងការនគរបាលរាជធានីភ្នំពេញជាច្រើនរូប បានចុះមកដល់កន្លែងកើត ហើយក៏បានបញ្ជូនតៃកុងរថយន្តទៅគ្លីនិកឯកជន សម្ភពពន្លឺ ដែលនៅក្បែរនោះ ដើម្បីធ្វើការព្យាបាល។ ដោយឡែក មន្ត្រីកងរាជអាវុធហត្ថដែលប្រើប្រាស់អំពើហិង្សាទៅលើតៃកុងរថយន្ត បណ្តាលឱ្យរងរបួស បានចាកចេញពីកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានចុះមកធ្វើការយកស្ទូចខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមិនបានបញ្ជាក់ថា រថយន្តនោះមានកំហុសអ្វីនោះទេ៕