បរិយាយថ្ងៃនេះ ៖ ថ្នាំល្វីង និងថ្នាំផ្អែម

0
136

ព្រះភិក្ខុធម្មបាល ខៀវ ជុំ អតីតសមណសាស្ត្រាចារ្យដ៏ល្បីល្បាញជំនាន់មុន ធ្លាប់ពាក់ព័ន្ធនឹងរឿងនយោបាយ បានទុកព្រះមរតកសាសន៍ថា “ថ្នាំល្វីង មានសព្វគុណដល់សុខភាព” គឺសំដៅដល់ការរិះគន់ស្ថាបនានេះឯង ប្រសើរជាងបញ្ចើចបញ្ចើ លើកជើង។ បច្ចុប្បន្ន យើងឃើញអ្នកគាំទ្របក្សកាន់អំណាច ជាពិសេសអ្នកវិភាគខ្លះ តែងរិះគន់ ស្ថាបនា ជួយតម្រង់ផ្លូវរដ្ឋាភិបាល ឯមួយចំនួនទៀត លើកជើងសរសើររហូត មិនខុសពី “ថ្នាំល្វីង និងថ្នាំផ្អែម” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ថ្នាំល្វីង” បើគេទាញយកពីធម្មជាតិ យកមកប្រើការមានប្រសិទ្ធភាពខ្ពស់ណាស់ ដូចជា ដើមស្តៅ ដើមស្លែង ដើមប្រមាត់ខ្លាឃ្មុំ ស្មៅកណ្តៀង សាវម៉ាវព្រៃ ជាដើម។ រុក្ខជាតិទាំងអស់នេះ មានរសជាតិល្វីងតែត ប៉ុន្តែពេលមនុស្សក្តៅសន្ធំ ឬស្ត្រីសម្រាលកូនថ្មីៗ គ្រាន់តែស្ទោះសំបក ឬយកដើមស្មៅ មកដាំទឹកហូប ក៏បានធូរស្រាល មានកម្លាំងឡើងវិញ។ មនុស្សចុកពោះ ទល់លាមក បើរកអ្វីមិនទាន់ គេគ្រាន់តែយកគ្រាប់ស្លែង ១គ្រាប់ មកហាន់ស្តើងៗ ដោយ១គ្រាប់នេះ ហាន់យកមួយភាគដប់ លេបចូលទៅ ក៏ធ្លាយផោមដេញខ្យល់អស់ពីពោះ បាត់ចុក បាត់ទល់មួយរំពេច ប៉ុន្តែ បើលេបគ្រាប់ស្លែងទាំងមូល ច្បាស់ជាប្រកាច់ស្លាប់មិនខាន។ ស្លឹកប្រមាត់ខ្លាឃ្មុំ ល្វីងខ្លាំងជាងស្តៅទៅទៀត ប៉ុន្តែវាមាន “សព្វគុណ” កបនឹងជំងឺច្រើនមុខ ដូចជា ក្រពះ ពោះវៀន ទឹកនោមផ្អែម ជាដើម។ ស្មៅកណ្តៀង ក៏ល្វីងណាស់ដែរ ប៉ុន្តែបើយកមកស្លកកូរ បង់ប្រហុក ត្រីអញ្ជាត់ វាជួយឱ្យបន្ទោបង់លាមកស្រួល កម្ចាត់ជំងឺលើសឈាមយ៉ាងមានប្រសិទ្ធភាព។ មនុស្សមានជំងឺគ្រុនពោះវៀន គ្រាន់តែបោចសាវម៉ាវព្រៃ ទាំងវល្លិ ទាំងស្លឹក មកដាំទឹកហូប ក៏បានសះស្បើយដូចគេបេះ ដែលបង្ហាញថា “ថ្នាំល្វីង មានសព្វគុណដល់ សុខភាព” នេះឯង។

ដោយឡែក “ថ្នាំផ្អែម” ដូចជាផ្លែឈើ ទឹកឃ្មុំ ស្ករ លុះត្រាតែយកទៅផ្សំជាមួយវត្ថុធាតុច្រើនមុខទៀត ទើបប្រើការបាន ឬថា ថ្នាំផ្អែម ដូចជាស្ករគ្រាប់ ផ្លែមៀន ជាដើម សម្រាប់តែលួងក្មេងកុំឱ្យយំប៉ុណ្ណោះ តែមិនអាចជួយក្មេងឱ្យបាត់ក្តៅសន្ធំបានឡើយ។

យ៉ាងណាមិញ “ការរិះគន់ស្ថាបនា” គឺជា “ថ្នាំល្វីង” យ៉ាងមានប្រសិទ្ធភាពសម្រាប់ជួយកែលម្អ តម្រង់ផ្លូវដល់រាជរដ្ឋាភិបាល ដែលសព្វថ្ងៃត្រូវមើលឃើញថា ជា “របបឯកបក្ស” ដែលគ្មានបក្សប្រឆាំងក្នុងរដ្ឋសភា។ អ្នកតំណាងរាស្ត្រ CPP ១២៥នាក់ ពេលអនុម័តច្បាប់អ្វីម្តងៗ ចាំតែលើកដៃឯកភាពតែប៉ុណ្ណោះ មិនដែលឃើញតំណាងរាស្ត្រណាឡើងជំទាស់នោះទេ។ លុះដល់ប្រមុខរាជរដ្ឋាភិបាល យកចិត្តទុកដាក់ក្នុងការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់” ត្រូវមើលឃើញថា បានក្លាយជា “ថ្នាំល្វីង” ខណៈដែលតំណាងរាស្ត្រ ជា “ថ្នាំផ្អែម”។

ថ្នាំល្វីង នៅក្នុងឧត្តមក្រុមប្រឹក្សានោះ យើងអាចដាក់ឈ្មោះថា ជា “សំបកស្តៅ គ្រាប់ស្លែង ស្លឹកប្រមាត់ខ្លាំឃ្មុំ ស្មៅកណ្តៀង សាវម៉ាវព្រៃ ឬថ្នាំគីនីន នីវ៉ាគីន…” សម្រាប់ព្យាបាលជំងឺគ្រុនចាញ់។ ឃើញមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលចេញមុខ ធ្វើសំបកស្តៅ គ្រាប់ស្តែង ក្នុងនោះ មានលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានថ្វីមាត់ជាងគេ ក្នុងការកែលម្អតម្រង់ផ្លូវរដ្ឋាភិបាល។ ចំណែកអ្នកវិភាគ អ្នកឃ្លាំមើលបញ្ហាសង្គម ដូចជា លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចហ៊ុន សែន លោកផែង វណ្ណៈ ជាដើម យើងអាចចាត់ទុកជា “សាវម៉ាវព្រៃ” សម្រាប់ស្ងោរផឹកបណ្តេញរោគគ្រុនពោះវៀន។ អស់លោក លោកស្រីប៉ុន្មាននាក់ខាងលើនេះ សុទ្ធតែគាំទ្របក្សកាន់អំណាច (CPP) ប៉ុន្តែពួកគាត់ឃើញ “អយុត៉្តិធម៌សង្គម” ក៏ជួយព្យាបាល តាមរយៈ “ការរិះគន់ស្ថាបនា” ជួយប្រាប់ផ្លូវរដ្ឋាភិបាល ដូចករណីវិវាទដីធ្លីទៅក្រុងព្រះសីហនុ និងករណីបង្ក្រាបគ្រឿងញៀននៅក្លឹប ROCK ជាដើម។

ផ្ទុយទៅវិញ តារាហ្វេសប៊ុកមួយចំនួន ក៏ដូចជាអ្នកគាំទ្រ CPP ខ្លះទៀត ឃើញតែសំណេរលើកជើងសរសើរ វាយស្របរហូត ដែលចាត់ទុកជា “ទឹកឃ្មុំ ឬស្ករគ្រាប់”។ ពេលមនុស្សកំពុងគ្រុន បែរជាយកស្ករគ្រាប់ទៅបៀមនោះ អត់ប្រសិទ្ធភាពទេ ជួនកាលអាចធ្វើឱ្យ “រឹងថ្ពាម” ប្រកាច់ស្លាប់ក៏មានដែរ។ ថ្នាក់ដឹកនាំ បើលង់ទៅតាមការសរសើរបញ្ចើចបញ្ចើពីតារាហ្វេសប៊ុក ប្រភេទថ្នាំផ្អែមទាំងនោះ អាចនឹងខូចយុទ្ធសាស្ត្រនយោបាយមិនខាន ខណៈដែលមហាជនស្អប់ខ្ពើមអំពើពុករលួយ និងអយុត្តិធម៌សង្គម។

“នគរធំ” មិននិយាយពីពួកប្រឆាំង អតីតបក្សប្រឆាំង (CNRP) ដែលតែងរិះគន់វាយប្រហារ CPP ជាអចិន្ត្រៃយ៍នោះទេ ព្រោះថា ការរិះគន់វាយប្រហារនេះ ហួសពីកម្រិត “ថ្នាំល្វីង” ទៅហើយ ប៉ុន្តែគឺជា “ម្ទេសទុំ” ដែលមានរសជាតិហឹរ ប៉ះអណ្តាតកាលណា ហៀរទឹកភ្នែករហាម។ ថ្នាំហឹរមិនសូវមានទេ ព្រោះពិបាកលេប សូម្បីតែលាបស្បែក ក៏ពិបាកទ្រាំដែរ ដូចអ្នកខ្លះកើតរមាស់ ក៏បុកម្ទេសលាប បានត្រឹមលោតកញ្ចាញ់ចេកតែប៉ុណ្ណោះ ព្រោះរោគរមាស់ គេប្រើថ្នាំត្រជាក់ មិនមែនថ្នាំហឹរនោះទេ។

យើងសុំនិយាយតែផ្ទៃក្នុង CPP ហ្នឹង ដែលសព្វថ្ងៃមានការខ្វែងយោបល់គ្នា ដោយអ្នកខ្លះគោរពស្រលាញ់មេដឹកនាំពេក ចេះតែសរសើរដដែលៗ ភ្លេចផលវិបាក ដូចសុភាសិតបារាំង ថា “សរសើរដដែលៗ ជាសញ្ញាយ៉ាប់បំផុត” (C’est grand signe de médiocrité que de louer toujours modérément)។ គាត់សរសើរអត់ឈប់ទេ ដោយបង្ហាញតែពីគុណសម្បត្តិ និងសមិទ្ធផលជាង៤០ឆ្នាំ ប៉ុន្តែគុណវិបត្តិក្នុងសង្គម អត់និយាយ។ ចំណុចនេះ ហៅថា “ផ្សំថ្នាំផ្អែមឱ្យមនុស្សចុកពោះ” វាគ្មានបានប្រយោជន៍អ្វីទេ។

ផ្ទុយទៅវិញ អ្នកគោរពស្រលាញ់មេដឹកនាំ CPP មួយចំនួនទៀត តែងផ្តល់មតិយោបល់ល្អៗដល់រាជរដ្ឋាភិបាល សូម្បីតែប្អូនស្រីសម្តេចនាយករដ្ឋមន្ត្រី ក៏ឈឺឆ្អាលរឿងអយុត្តិធម៌សង្គមដែរ ដូចសំណេរក្នុងហ្វេសប៊ុកថា “មេខ្លោងថ្នាំញៀន៥០គីឡូ ចាប់មិនបាន តែ២កញ្ចប់ចាប់បាន” ជាដើម។ រីឯទំនាស់ដីធ្លីនៅខេត្តព្រះសីហនុ តារាហ្វេសប៊ុកប៉ិនខាងអែបអបខ្លះសរសើរអាជ្ញាធរខេត្ត ដែល “បង្ក្រាបអនាធិបតេយ្យ” ហើយថាមានជនបាតដៃទី៣ ជាអ្នកបាញ់ពលរដ្ឋ ប៉ុន្តែអ្នកមិនចេះអែបអប នាំគ្នាថ្កោលទោសអាជ្ញាធរខេត្ត ដែលមានកម្លាំងទាហានទៅប្រើខុសច្បាប់ និងទាមទារផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ…។

ទីបំផុត “ថ្នាំល្វីង មានប្រសិទ្ធភាពជាង” ដោយឃើញនាយករដ្ឋមន្ត្រី សម្រេចលេបថ្នាំនេះ ដោយបញ្ជាឱ្យដកហូតតំណែងអភិបាលរងខេត្តព្រះសីហនុ ២រូប និងឱ្យដកដីទំនាស់នោះ មកចែកពលរដ្ឋវិញ។ ធម្មតាជំងឺសង្គម បើលេបថ្នាំមិនជា ត្រូវវះកាត់ភ្លាមៗ ដូចមនុស្សរលាកខ្នែងពោះវៀន ចុកពោះអន្ទះអន្ទែង ថ្នាំល្វីងអីក៏ជួយមិនបានដែរ ទាល់តែវះកាត់ ទើបជាសះស្បើយ។ ដូច្នេះការផ្តល់មតិរិះគន់ ស្ថាបនា កែលម្អ មានផលប្រយោជន៍ធំណាស់ ប៉ុន្តែបើប្រឹងសរសើរអែបអប ផ្តល់គ្រោះថ្នាក់បំផុត។ “ដំរីជើងបួន គង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់ គង់មានភ្លេច” អ៊ីចឹងបើមើលឃើញភ្លាត់ គួរជួយបង្ហាញ ជួយលើកគ្រាហ៍ ទើបល្អ មិនមែនសរសើរអ្នកកំពុងភ្លាត់នោះទេ។ ករណីតំណាងរាស្ត្រមិនហ៊ានរិះគន់រដ្ឋាភិបាល ក៏ដូចអ្នកវិភាគ ឬតារាហ្វេសប៊ុកខ្លះសរសើរអត់ឈប់នោះ ឈ្មោះថា “ជួយដាក់ថ្នាំផ្អែម ខុសរោគសញ្ញា” រីឯក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពីរបីនាក់ ក៏ដូចតារាហ្វេសប៊ុកខ្លះ ហ៊ានរិះគន់រដ្ឋាភិបាល ចាត់ទុកថា “ជួយដាក់ថ្នាំល្វីង ឱ្យអ្នកជំងឺគ្រុន”។

សរុបទៅ “ថ្នាំល្វីង និងថ្នាំផ្អែម” ដែលអ្នកគាំទ្រ CPP កំពុងផ្សំជូនថ្នាក់ដឹកនាំ “ព្យាបាលជំងឺសង្គម” គួរតែជ្រើសយកថ្នាំល្វីង ប្រសើរជាង។ រីឯ “ថ្នាំហឹរ” ដែលផ្សំដោយពួកប្រឆាំង ពិបាកប្រើបន្តិច ប៉ុន្តែថ្នាំហឹរខ្លះ អាចយកទៅកម្ចាត់ស្រមោចបានដែរ មិនអត់ប្រយោជន៍សោះនោះទេ ដែលជាបរិបទសម្រាប់បក្សកាន់អំណាច ពិចារណា…៕