ពុទ្ធោ!!! ជិត២ម៉ោង ទើបគាស់យកបាន តែគាត់ស្លាប់ទៅហើយ

0
511

ខេត្តព្រះសីហនុ ៖ បុរសជាកម្មករជនជាតិចិនម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលកំពុងធ្វើការ ដោយសារដាច់ខ្សែកាបយោងថ្មម៉ាប បណ្តាលឱ្យថ្មម៉ាប បានបាក់មកសង្កត់ពីលើ កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចសិប្បកម្មលក់ថ្មម៉ាប់ វ័នឆាវ មានទីតាំងស្ថិតក្នុងក្រុមទី១៦ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ (ម្តុំផ្លូវបំបែកទៅវត្តអូត្រេះ)។

បុរសរងគ្រោះដែលត្រូវថ្មម៉ាបសង្កត់ស្លាប់ មានឈ្មោះ HE JUNHAO ឆ្នាំកំណើត១៩៩៥ ជាជនជាតិចិន មុខរបរកម្មករសិប្បកម្ម ថ្មម៉ាប របស់ក្រុមហ៊ុនវ័នឆាវ កាន់លិខិតឆ្លងដែនលេខ E55991551 មានសុពលភាពដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងបំពេញការងារនៅក្នុងសិប្បកម្មខាងលើដូចសព្វ ដង លុះក្រោយមក នៅរសៀលថ្ងៃដដែលនោះ ក៏មានរថយន្តកុងតឺន័របានដឹកថ្មម៉ាបចូលមកក្នុងសិប្បកម្ម ទើបជនរងគ្រោះ រួមនឹងកម្មករផ្សេងទៀត បាននាំគ្នាជួយស្ទូចថ្មម៉ាបទាំងនោះចុះពីលើកុងតឺន័រ។

ប្រភពដដែលបន្តថា ស្រាប់តែអកុសល មកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលកំពុងស្ទូចថ្មម៉ាបចុះក្រោមនោះ ស្រាប់តែខ្សែកាបយោងថ្មម៉ាបបានដាច់ ទើបធ្វើឱ្យថ្មម៉ាបនោះបានធ្លាក់មកសង្កត់ពីលើជនរងគ្រោះជាប់ អស់រយៈពេលជិត២ម៉ោង រហូតផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ ជួយនាំគ្នាគាស់យកចេញបាន ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ៨៨៨ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពជនរងគ្រោះទៅឱ្យខាងម្ចាស់សិប្បកម្ម ដើម្បីចាត់ចែងបន្ត៕