ពេជ្រ សោភា និយាយរឿងដាក់សុខ សីឡាលីន ធ្វើគណកម្មការ X Factor Cambodia

0
231

ពេជ្រ​​ សោភា មិនត្រូវបានហង្សមាស​​ ជ្រើសឱ្យធ្វើជាគណកម្មការប្រលងចម្រៀង X Factor Cambodia រដូវកាលទី១ នេះទេ  ព្រោះហង្សមាស បានជ្រើសយកឱក សុគន្ធកញ្ញា, សុខ សីឡាលីន, ខេមរៈ សិរីមន្ត និងណុប បាយ៉ារិទ្ធិ វិញ។

មានព័ត៌មានថា អ្នកមេម៉ាយពេជ្រ សោភា មិនសប្បាយចិត្តឡើយ ព្រោះថា ឱក សុគន្ធកញ្ញា ដែលជិតក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស នោះ កាន់កាប់កម្មវិធីធំៗទាំងអស់របស់ហង្សមាស រួចជាស្រេចទៅហើយ ខណៈដែលមហាជនបានលើកឡើងថា សមត្ថភាពរបស់សុខ សីឡាលីន នៅមានកម្រិត ហេតុនេះហើយ គួរតែដាក់ពេជ្រ សោភា វិញ ទើបស័ក្តិសមជាង។

ក្នុងជំនួបផ្ទាល់ ពេជ្រ សោភា បានអះអាង ដោយច្បាស់ៗថា នាងគ្មានការអាក់អន់ស្រពន់ចិត្តជាមួយហង្សមាស រឿងតំណែងគណៈកម្មការដាក់អ្នកណាដកអ្នកណានោះទេ ព្រោះនេះជារឿងរបស់ក្រុមហ៊ុន ហើយនាងគ្រាន់តែជាអ្នកចម្រៀងប៉ុណ្ណោះ។

សោភា បញ្ជាក់ថា “យី ! ខ្ញុំហ្នឹងមានសិទ្ធិអីទៅខឹងហង្សមាស ហ្នឹង ? អត់ទេ គ្មានខឹងអីបន្តិច? គាត់ដាក់អ្នកណាដាក់ទៅ ស្រេចទៅលើក្រុមហ៊ុន។ ខ្ញុំមានកម្មវិធីមួយដែរតើ! The Voice Cambodia ហ្នុង ប៉ុណ្ណឹងបានហើយ កុំចង់បានទៀត ព្រោះរវល់ដែរតើ ! ចំពោះរឿងសុខ សីឡាលីន វិញ គាត់មានបទពិសោធន៍ច្រើនហើយក្នុងសិល្បៈ អ៊ីចឹងខ្ញុំយល់ថា គាត់អាចធ្វើបាន ហើយនេះជាឱកាសល្អសម្រាប់គាត់បញ្ចេញសមត្ថភាព និងបទពិសោធន៍ល្អសម្រាប់គាត់។ សីឡាលីន ខ្ញុំសរសើរគាត់ច្រៀងបទជាភាសាអង់គ្លេស បានល្អណាស់ អ៊ីចឹងកាន់កម្មវិធីហ្នឹងត្រូវហើយ”។

ទោះជាពេជ្រ សោភា វាចាថា គ្មានខឹងហង្សមាស ប៉ុនក្រចកដៃរឿងមើលនាងរំលងតំណែងគណៈកម្មការ X Factor Cambodia មែន តែកំពូលតារាពូកែទើស ម៉ៃ សុគន្ធ យល់ថា សោភា អាចមានសមត្ថភាពធ្វើជាគណៈកម្មការក្នុងកម្មវិធីនោះបាន ដូចឱក សុគន្ធកញ្ញា ដែរ តែសុគន្ធកញ្ញា ចេញច្រើនកម្មវិធីពេក អ៊ីចឹងអាចសាំ បើដាក់សោភា ល្អមើលជាង។

យ៉ាងណា ពេជ្រ សោភា នៅតែអះអាងថា នាងគ្មានអារម្មណ៍តូចចិត្តរឿងតំណែងគណៈកម្មការនោះទេ ទោះជាដាក់អ្នកណាក៏បានដែរ ឱ្យតែគេមានសមត្ថភាពអាចធ្វើបាន ឱ្យគេធ្វើទៅ។

ពេជ្រ សោភា ថែមទាំងបញ្ជាក់យ៉ាងច្បាស់ថា “មិនត្រឹមតែគ្មានការអន់ចិត្តរឿងតំណែងហ្នឹងទេ ខ្ញុំសូមប្រាប់អារម្មណ៍ពិតថា  តារាខ្លះគ្រាន់តែគេដាក់រូបខ្លួនឯងលើបដា (Banner) តូច ដាក់រូបគេធំអីខឹង។ ខ្ញុំសូមប្រាប់ថា ខ្ញុំមិនដែលមានរឿងអ៊ីចឹងទេ ចង់អ្នកឯងដាក់តាំងរូបខ្ញុំ ប៉ុនចៃក៏បានដែរ សំខាន់នៅលើការសម្តែង មហាជនគាំទ្រទេ។ ខ្ញុំសួរវិញថា បើគេដាក់តាំងរូបប៉ុនជញ្ជាំងវិហារ តែច្រៀងសម្តែងមិនកើត តើខ្មាសគេអត់ ?”៕