មានទាំងអ្នកបង់សំណាញ់ អ្នកមុជទឹក ទើបឃើញកូន ម្តាយរន្ធត់ចិត្តខ្លាំងណាស់

0
101

ខេត្តកំពង់ធំ ៖ ក្មេងប្រុសម្នាក់ បានដើរបេះគ្រាប់ស្វាយចន្ទី នៅតាមមែកទាបៗដាក់ក្នុងថង់ លុះពេលឈោងទៅបេះនៅត្រង់មែកដែលទេរទៅមាត់ទឹកស្រះ ក៏រអិលជើងធ្លាក់ចូលស្រះទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិតាចរ ឃុំទ្រា ស្រុកស្ទោង។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះហ៊ីម កុសល អាយុ៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះហ៊ាវ ហ៊ត ត្រូវជាម្តាយក្មេងប្រុសរងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ កូនប្រុសរបស់គាត់ ឈ្មោះហ៊ីម កុសល បានបាត់មិនឃើញនៅផ្ទះសោះ ភ្លាមនោះ គាត់និងបងប្អូនបាននាំគ្នាដើររកគ្រប់ទីកន្លែងក្នុងភូមិ តែរកមិនឃើញ។ លុះពេលទៅរកនៅចំណុចមាត់ស្រះទឹក ដែលជាទីតាំងកើតហេតុខាងលើ ក៏ប្រទះឃើញមានគ្រាប់ស្វាយចន្ទី ច្រកថង់ផ្លាស្ទិច នៅក្បែរដើមចន្ទី ទើបសង្ស័យថា កូនប្រុសអាចនឹងលង់ទឹកស្រះ ក៏នាំគ្នាបង់សំណាញ់ និងមុជរាវរកក្នុងស្រះក្រោយផ្ទះ ស្រាប់តែប្រទះឃើញកូនប្រុសនេះបានលង់ទឹកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុ និងបានពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពមានហូរ ទឹកពណ៌លឿងថ្លា ចេញតាមច្រមុះនិងមាត់ ពោះប៉ោង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទេ។ តាមការសន្និដ្ឋាន ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ មូលហេតុដោយសារតែក្មេងប្រុសរងគ្រោះ ឡើងឈោងបេះស្វាយចន្ទីនៅមែក ដែលទេទៅលើស្រះ បណ្តាលឱ្យរអិលជើងធ្លាក់ចូលស្រះលង់ស្លាប់តែម្តង។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរែបៀចំធ្វើបុណ្យតាមប្រពៃណី៕