ម្នាក់ទៀតហើយ!!! អ៊ុច សម្បត្តិ ពីអ្នកលក់ប្រហិត ក្លាយជាឧកញ៉ា

0
339

គេថា វាសនារបស់មនុស្ស គឺមិនអាចមើលដឹងឡើយ ព្រោះអ្នកដែលមានប្រវត្តិក្រលំបាក ក៏អាចក្លាយទៅជាមហាសេដ្ឋី នៅថ្ងៃណាមួយ ក៏អាចថាបានដែរ។ ជាក់ស្ដែង ដូចជាលោកឧកញ៉ាអ៊ុច សម្បត្តិ ដែលជាអគ្គនាយកក្រុមហ៊ុន ”គ្រួសារកក់ក្ដៅ” ធ្លាប់មានប្រវត្តិជាអ្នកលក់ប្រហិតធម្មតាម្នាក់ប៉ុណ្ណោះ តែពេលនេះបានក្លាយទៅជាឧកញ៉ាវ័យក្មេង ដែលមានបុគ្គលិកជាច្រើនរយនាក់ នៅក្រោមឱវាទ។

ក្នុងឱកាសដែលក្រុមហ៊ុន ”គ្រួសារកក់ក្ដៅ” ប្រគល់ពានដល់ដឹកនាំឆ្នើម ប្រចាំឆ្នាំ២០១៨-២០១៩ ដែលរៀបចំនៅហាងទន្លេបាសាក់២ (ក្បាលថ្នល់) នោះ លោកឧកញ៉ាអ៊ុច សម្បត្តិ បានឲ្យដឹងថា កាលពីឆ្នាំ២០១២ លោកជាអ្នកលក់ប្រហិត ហើយឈានមកបើកមុនគេ ក្រុមហ៊ុន២៥០០រៀល តែលោកបានឈប់វិញ ព្រោះមានអ្នកលួចចម្លងច្រើនពេក ដោយមិនបានទិញសិទ្ធិ (License) ពីលោកទេ ហើយអ្នកខ្លះក៏ជោគជ័យរហូតមកដល់ពេលនេះ។ នៅឆ្នាំ២០១៥ លោកបានបង្កើតក្រុមហ៊ុន ”គ្រួសារកក់ក្ដៅ” ហើយដោយសារតែកាលនោះ លោកគ្មានអ្នកឲ្យយោបល់ច្បាស់លាស់ ទើបនៅឆ្នាំ២០១៦ លោកក្ស័យធ នរហូតដល់ជំពាក់គេ ដល់ទៅកន្លះលានដុល្លារ ព្រោះប្រើមនុស្សមិនត្រឹមត្រូវតាមជំនាញ។ ប៉ុន្ដែនៅឆ្នាំ២០១៨ លោកបានដោះបំណុលគេរួច និងឈានទៅចំណេញប្រាក់យ៉ាងច្រើនពីក្រុមហ៊ុន ”គ្រួសារកក់ក្ដៅ” រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ លោកក៏ទទួលបានងារជា ”ឧកញ៉ា”។

លោកឧកញ៉ាអ៊ុច សម្បត្តិ បានឲ្យដឹងថា នៅពេលដែលលោកប្រើប្រាស់មនុស្សត្រូវហើយ គឺត្រឹមតែរយៈពេល៩ខែប៉ុណ្ណោះ លោកអាចដោះបំណុលគេរួច ហើយក្រុមហ៊ុនឈានមករីកលូតលាស់ធំដូចពេលនេះ។

លោកឧកញ៉ាអ៊ុច សម្បត្តិ បានរំលឹកដែរថា លោកធ្លាប់បរាជ័យ៣លើកធំៗក្នុងជីវិត ហើយពេលនោះ លោកថែមទាំងមានគំនិតចង់សម្លាប់ខ្លួនទៀតផង ព្រោះជំពាក់បំណុលគេច្រើនពេក។ អ្វីដែលលោកឧកញ៉ាចាំមិនភ្លេចនោះ គឺលោកខំរកស៊ីលក់ប្រហិត បានលុយរៀបការជាមួយភរិយា ឈ្មោះហ៊ឹម សុភ័ក្រ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២នោះ រៀបចំនៅភោជនីយដ្ឋានពិភពថ្មី គឺចំពេលអតីតប្រធាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា មកកម្ពុជា ហេតុនេះហើយកន្លែងការរបស់លោកនៅក្បែរលោកអូបាម៉ា សម្រាក អីចឹងគេបិទផ្លូវ ធ្វើឲ្យមង្គលការបស់លោកគ្មានភ្ញៀវចូលរួមច្រើនទេ។

លោកឧកញ៉ាអ៊ុច សម្បត្តិ ដែលមានប្រវត្តិជាអ្នកលក់ប្រហិត បានផ្ដល់បទពិសោធន៍ថា សម្រាប់អ្នកដែលចង់ទៅធ្វើការឲ្យគេ គឺត្រូវមើល៤ចំណុច ទី១. ក្រុមហ៊ុនល្អមួយ ទី២. អ្នកដឹកនាំ ទី៣. ផលិតផល និងទី៤. លើខ្លួនឯង។ ចំពោះថ្ងៃអនាគតលោកឧកញ៉ាអ៊ុច សម្បត្តិ ដែលជអគ្គនាយកក្រុមហ៊ុន ”គ្រួសារកក់ក្ដៅ” មានឡេសាប៊ូ ជាដើមនោះ ចង់បង្កើតរោងចក្រផលិតគ្រឿងសម្អាងសម្រាប់នារី ដោយនាំចេញទៅលក់នៅបរទេសវិញម្ដង ខណៈដែលកន្លងមក ក្រុមហ៊ុននេះធ្លាប់នាំចូលផលិតផល Cosmetic ពីឥណ្ឌូនេស៊ី , ថៃ និងចិន ជាដើម មុនពេលដែល ”គ្រួសារកក់ក្ដៅ” អាចផលិតវត្ថុធាតុដើមបានដូចពេលនេះ។

ដោយឡែក នៅក្នុងពិធីប្រគល់ពានរង្វាន់អ្នកដឹកនាំឆ្នើម ប្រចាំឆ្នាំ២០១៨-២០១៩ ដែលមានសមាជិកចូលរួមជាង៥០០នាក់នោះ លោកឧកញ៉ាអ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានឲ្យដឹងថា កម្មវិធីនេះបង្កើតឡើងដើម្បីអបអរទិវានារីអន្ដរជាតិ លើកទី១០៨ និងជាការលើកទឹកចិត្តដល់សមាជិកឆ្នើមរបស់លោក ដែលបានខិតខំប្រឹងប្រែងក្នុងជំនួញជាអ្នកលក់ និងចែកចាយបន្ដ រហូតក្លាយខ្លួនជាអ្នកដឹកនាំ ដែលអាចបង្កើតសមាជិកជាច្រើនដោយខ្លួនឯង៕