អាសូរណាស់!!! ក្មេងស្រីកណ្តុរខាំដៃ ម្តាយគ្មានលុយនាំមកភ្នំពេញ ចាក់វ៉ាក់សាំង

0
191

ខេត្តស្វាយរៀង ៖ ស្ត្រីមេម៉ាយកូន៣ម្នាក់ មានជីវិភាពក្រីក្រ និងថែមទាំងកូនស្រីពៅ ត្រូវសត្វកណ្តុរខាំដៃ បណ្តាលឱ្យរងរបួស អត់លុយទិញថ្នាំឱ្យលេប ធ្វើឱ្យក្លាយមុខរបួសទៅជាក្តៅខ្លួន អស់១សប្តាហ៍ គ្មានលុយទៅពេទ្យព្យាបាល ក៏ដាច់ចិត្តលើក ដៃសពះសុំការសណ្តោសប្រណី ពីសប្បុរសជន ដើម្បីមានលទ្ធភាពនាំយកកូនស្រីមន្ទីរពេទ្យព្យាបាល។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះដោយសត្វកណ្តុរខាំដៃ មានឈ្មោះមាស ផល្លា អាយុ៤២ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន៣នាក់ក្នុងបន្ទុក មុខរបរដើរឈ្នួលលាងចាន។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះសៅ ស៊ីណាត មានអាយុ៧ឆ្នាំ សព្វថ្ងៃរៀននៅថ្នាក់ទី១ នៃសាលាបឋមសិក្សា២ធ្នូ (កូនពៅ)។ សព្វថ្ងៃស្ត្រីម៉ោំយនិងកូនទាំង៣ ស្នាក់នៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

តាមសម្តីស្ត្រីទុរគតខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ពួកគាត់ទាំង៤នាក់ម៉ែកូន បាននាំគ្នាចូលដេកនៅក្នុងមុងជាមួយគ្នា ពេលយប់ឡើង កូនស្រីរងគ្រោះគាត់បានដាក់ដៃចេញក្រៅមុង ក៏ត្រូវសត្វកណ្តុរខាំចំមេដៃខាងឆ្វេងតែម្តង បណ្តាលឱ្យរងរបួស លុះបាន១យប់ កូនស្រីគាត់ក៏កើតមាន អាការៈក្តៅខ្លួន ហើយគាត់បាននាំកូនទៅព្យាបាលមុខរបួសនៅមន្ទីរពេទ្យខេត្ត បានរយៈពេល៣ថ្ងៃដែរ គ្រូពេទ្យបានឱ្យរូបគាត់នាំកូនទៅភ្នំពេញ ដើម្បីព្យាលបាលទៅ ពីព្រោះនៅមន្ទីរពេទ្យខេត្ត គ្មានថ្នាំវ៉ាក់សាំងសំរាប់ចាក់ឱ្យទេ   ប៉ុន្តែដោយសាររូបគាត់គ្មានមុខរបរអ្វី ក្រៅពីដើរស៊ីឈ្នួលលាង ចានឆ្នាំងឱ្យគេ ហើយកូនតូចៗនៅក្នុងបន្ទុករហូតដល់ទៅ៣នាក់ផង ទីទាល់ក្ររកតែអង្ករច្រកឆ្នាំងស្ទើរមិនបានផង មានប្រាក់ឯណាសម្រាប់ធ្វើសោហ៊ុយឡើងទៅភ្នំពេញ ព្យាបាលជំងឺកូនស្រីនោះ ទើបគាត់ក៏សម្រេចចិត្តយកកូនមកផ្ទះ ដេកមើលតាមយថាកម្មតែម្តងទៅ។

ស្ត្រីមេម៉ាយទុរគតរូបនេះ បានបញ្ជាក់ថា ស្រាប់តែមកដល់ពេលនេះ ពោលគឺរយៈពេលជិត១សប្តាហ៍ទៅហើយ មុខរបួសកូនស្រីរបស់គាត់ចាប់ផ្តើមក្លាយ ធ្វើឱ្យកូនស្រីគាត់ហើមម្រាមដៃ និងក្តៅខ្លួនខ្លាំង ទើបគាត់ដាច់ចិត្តលើកដៃសំពះសុំជំនួយសប្បុរសជនទាំងទីជិតឆ្ងាយ ដើម្បីបាននាំកូនស្រីទៅព្យាបាលរបួសនៅភ្នំពេញ។

ដោយឡែក លោកគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ថា ក្មេងស្រីរងគ្រោះ ខាងលើពិតជាបានចូលមកសំរាកព្យាបាលមុខរបួស នៅមន្ទីរពេទ្យខេត្តស្វាយរៀង ប្រាកដមែន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ហើយក៏បាន សុំចេញទៅវិញផងដែរ ក្រោយពេលដែលគ្រូពេទ្យបានលាងមុខរបួស និងចាក់ថ្នាំផ្សះ រួមនឹងថ្នាំបញ្ចុះកំដៅឱ្យរួចរាល់ ខណៈដែលនៅមន្ទីរពេទ្យ ខេត្ត មិនមានវ៉ាក់សាំងសំរាប់ចាក់ការពារសត្វខាំនោះទេ ពោលគឺមានតែនៅភ្នំពេញ៕