Saturday, April 20, 2024
Homeព័ត៌មានជាតិកម្មការិនីទើបនឹងសម្រាល៣ខែ ថៅកែវាយ កម្មករទាំងអស់ផ្ទុះកូដកម្ម

កម្មការិនីទើបនឹងសម្រាល៣ខែ ថៅកែវាយ កម្មករទាំងអស់ផ្ទុះកូដកម្ម

ភ្នំពេញ ៖ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក កម្មការិនីម្នាក់ទើបនឹងសម្រាលកូនខ្ចីបាន៣ខែ ត្រូវថៅកែជនជាតិចិន ផ្ទុះកំហឹងវាយទៅលើស្ត្រីរងគ្រោះ ជាហេតុធ្វើឱ្យក្រុមកម្មករ-កម្មការិនីក្នុងរោងចក្រមិនពេញចិត្ត ផ្ទុះការតវ៉ា បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចមុខរោងចក្រ យូនី ខន កាត់ដេរ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។

ស្ត្រីរងគ្រោះឈ្មោះផ.ស.ខ អាយុ៣៣ឆ្នាំ តួនាទីត្រួតពិនិត្យ មានលំនៅភូមិជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកជនបង្ក មានឈ្មោះចូវ វាំងហ្វិន ភេទប្រុស អាយុ៤៥ឆ្នាំ តួនាទីប្រធានរោងចក្រ ស្នាក់នៅក្នុងរោងចក្រ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាជនជាតិចិនខាងលើ បានប្រើអំពើហិង្សា វ៉ៃទៅលើស្ត្រីរងគ្រោះ ដែលទើបឆ្លងទន្លេបានប្រហែល៣ខែ ដោយសារតែខឹងនឹងរឿងស្ត្រីរងគ្រោះដេរពុំទាន់ផែនការកំណត់។ ឃើញសកម្មភាពហិង្សា កម្មករទាំងអស់នាំគ្នាចេញមកឈរនៅខាងក្រៅរោងចក្រធ្វើកូដកម្ម មិនព្រមចូលធ្វើការនោះទេ រង់ចាំការដោះស្រាយជូនជនរងគ្រោះ ដោយទាមទារសំណងជំងឺចិត្ត៤ពាន់ដុល្លារ។

បច្ចុប្បន្ន ពុំទាន់មានដំណោះស្រាយទេ ដោយខាងកម្មករពុំព្រមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឡើយ ហើយក៏ពុំអនុញ្ញាតឱ្យសមត្ថកិច្ច យកជនបង្កនេះចេញក្រៅឡើយ៕

RELATED ARTICLES