Thursday, March 28, 2024
Homeព័ត៌មានជាតិការ៣ឆ្នាំមិនមានកូន ប្រពន្ធគិតតែរៀនបន្ត ប្តីសម្លាប់ខ្លួន

ការ៣ឆ្នាំមិនមានកូន ប្រពន្ធគិតតែរៀនបន្ត ប្តីសម្លាប់ខ្លួន

ខេត្តកំពង់ធំ ៖ បុរសម្នាក់បានគិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួន ព្រោះតែតូចចិត្តរៀបការជាមួយប្រពន្ធអស់រយៈពេល៣ឆ្នាំមកហើយ ប៉ុន្តែនៅមិនទាន់មានកូនជាចំណងនិស្ស័យនៅឡើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចសំយាបផ្ទះរបស់ជនរងគ្រោះ ស្ថិតភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍។

ជនរងគ្រោះមានឈ្មោះនៅ សៀក អាយុ២៩ឆ្នាំ មុខរបរដឹកគ្រែលក់ មានប្រពន្ធឈ្មោះសន សារ័ត្ន អាយុ២៤ឆ្នាំ និងមានលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះបានរៀបការជាមួយប្រពន្ធរយៈពេល៣ឆ្នាំមកហើយ ប៉ុន្តែមិនទាន់ មានកូន១គ្រាប់ទេ ព្រោះតែប្រពន្ធបន្តការសិក្សានៅភ្នំពេញ ដោយសិក្សាភាសាកូរ៉េផង បន្តយកបរិញ្ញាបត្រផង ទើបធ្វើឱ្យជនរងគ្រោះដើររអ៊ូរទាំថា ប្តីប្រពន្ធរបស់ខ្លួនរួមរស់មិនសូវមានភាពកក់ក្តៅសោះ។ មុនពេលកើតហេតុ ជនរងគ្រោះព្រមទាំងប្រពន្ធ និងមិត្តភក្តិ៣-៤នាក់ទៀត នាំគ្នាអង្គុយជជែកគ្នាលេង រហូតដល់យប់ជ្រៅ ក៏បែកផ្លូវគ្នារៀងៗខ្លួន នៅសល់តែ២នាក់ប្តីប្រពន្ធ។ ក្រោយមក ជនរងគ្រោះក៏បានអង្គុយផឹកស្រាបៀរអស់ចំនួន២កំប៉ុង ចំណែកស្ត្រីជាប្រពន្ធបានឡើងទៅដេកនៅលើផ្ទះបាត់ទៅ ចំណែកបុរសជាប្តីដែលជាបានដេកនៅក្រោមផ្ទះ លុះដល់វេលាកើតហេតុខាងលើ ប្រពន្ធចុះមកមើលប្តីដែលសម្រាកនៅក្រោមផ្ទះ ក្នុងគោលបំណង ហៅប្តីទៅសម្រាកខាងលើផ្ទះវិញ តែជាអកុសលមកដល់ក្រោមផ្ទះ ឃើញប្តីចងកស្លាប់បាត់ទៅហើយ ក៏ស្រែកឆោឡោ ហៅសាច់ញាតិឱ្យជួយ និងរាយការណ៍ទៅប៉ុស្តិ៍រដ្ឋបាលឃុំចុងដូង ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងកប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕

RELATED ARTICLES