Friday, March 29, 2024
Homeព័ត៌មានជាតិឃើញកូនគេជាប់ក្របខណ្ឌប៉ូលិសគ្រប់គ្នា កូនឯងមិនជាប់ ធ្លាយរឿង...

ឃើញកូនគេជាប់ក្របខណ្ឌប៉ូលិសគ្រប់គ្នា កូនឯងមិនជាប់ ធ្លាយរឿង…

ខេត្តព្រៃវែង ៖ ស្ត្រីជាគ្រូបង្រៀនម្នាក់ ត្រូវបានប្រជាពលរដ្ឋចំនួន៧គ្រួសារ នៅក្រុងព្រៃវែង បានចោទប្រកាន់ថា បានឆបោកពួកគាត់ក្នុងម្នាក់ៗ អស់ទឹកប្រាក់រាប់ពាន់ដុល្លារ ជាថ្នូរនឹងការរត់ការឱ្យកូនចៅបានចូលធ្វើជាប៉ូលិស ព្រោះគាត់ស្គាល់អ្នកធំៗច្រើនណាស់ តែចុងក្រោយ ទើបដឹងថាជាការបោកប្រាស់សោះ។

ជនឆបោក ឈ្មោះធឿន ចន្នី

ស្ត្រីទទួលរងការចោទប្រកាន់ជាជនឆបោក មានឈ្មោះធឿន ចន្នី មុខរបរជាគ្រូបង្រៀននៅ សាលាបឋមសិក្សា បុញ្ញោខត្ថារាម ហៅសាលាវត្តថ្មី ស្ថិតក្នុងក្រុងព្រៃវែង។

តាមប្រភពពីក្រុមប្រជាពលរដ្ឋ ដែលទទួលរងការបោកបញ្ឆោត បានរៀបរាប់ប្រាប់ថា កាលពីអំឡុងឆ្នាំ២០១៤កន្លងទៅ អ្នកគ្រូធឿន ចន្នី បានមកអួតប្រាប់ពួកគាត់នៅតូបលក់នំបញ្ចុកថា គាត់មានខ្សែធំស្គាល់មន្ត្រីធំៗច្រើន បើអ្នកណាចង់ឱ្យកូនចូលធ្វើប៉ូលិស មកតាមរយៈគាត់អស់លុយតែ៤ទៅ៥ពាន់ដុល្លារទេ គឺបានចូលធ្វើប៉ូលិសដោយស្វ័យប្រវត្តិ ហើយគាត់ធានាឱ្យ១០០លើ១ពាន់ ដឹងតែបានធ្វើ។ ដោយសារតែឃើញគេហ៊ានអួតក្តែងៗបែបនេះ ថែមទាំងដឹងថា គាត់ជាអ្នកគ្រូមានប្តីធ្វើការនៅសាលាខេត្ត និងមានខ្សែស្រឡាយអ្នកធំផង ទើបពួកគាត់បាក់ជឿតែម្តង។

ប្រភពដដែលបន្តថា ពួកគាត់ម្នាក់បានយកលុយឱ្យអ្នកគ្រូ អ្នកខ្លះអស់៤ពាន់ដុល្លារ ខ្លះ៥ពាន់ ខ្លះ៦ពាន់ សរុបគ្នា១០នាក់ ឱ្យអ្នកគ្រូជិត៣ម៉ឺនដុល្លារ ស្រាប់តែមកដល់ឆ្នាំ២០១៦ ពេលដែលចេញលទ្ធផល ឈ្មោះបេក្ខជនជាប់ បែរជាគ្មានឈ្មោះកូនៗពួកគាត់សោះ សូម្បីតែម្នាក់។ ដោយដឹងច្បាស់ថា មិនបានជាប់ធ្វើប៉ូលិសហើយ ពួកគាត់ក៏នាំគ្នាទៅទារលុយពីអ្នកគ្រូវិញ តែអ្នកគ្រូប្រាប់ថា អត់មានលុយ ហើយសងម្តងបន្តិចៗ អ្នកខ្លះ៥ពាន់ សងបាន៥០០ ខ្លះ៤ពាន់សងបាន ១ពាន់ ខ្លះ៦ពាន់សងបាន២ពាន់ ចុងក្រោយ ស្រាប់តែគេចវេសលែងសង ទើបនៅដើមឆ្នាំ២០១៨ ពួកគាត់សំរេចចិត្ត នាំគ្នាដាក់ពាក្យប្តឹង នៅស្នងការខេត្ត ហើយសំណុំរឿង ក៏ត្រូវបានបញ្ជូនទៅដល់តុលាការខេត្ត នៅថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៨ កន្លងទៅ។

ប្រភពខាងលើ បញ្ជាក់ថា បន្ទាប់មកខាង តុលាការធ្លាប់បានកោះហៅពួកគាត់ជាជនរងគ្រោះ បានចំនួន២ដង រួចក៏បាត់ស្ងាត់ឈឹងរហូតដល់បច្ចុប្បន្ននេះ ដោយមិនដឹងថា តុលាការដោះស្រាយយ៉ាងម៉េចហើយទេ ដឹងត្រឹមតែថា ខាងអ្នកគ្រូមិនព្រមសងលុយពួកគាត់វិញសោះ ទើបពួកគាត់អំពាវនាវ សូមឱ្យស្ថាប័នពាក់ពន្ធ័គ្រប់ជាន់ថ្នាក់ ជាពិសេស ខាងតុលាការ សូមជួយរកយុត្តិធម៌អោយពួកគាត់ផង ពួកគាត់មិនចង់បានអ្វីទេ គ្រាន់តែចង់បានលុយរបស់ពួកគាត់នោះ មកវិញតែប៉ុណ្ណោះ។

ទាក់ទងទៅនឹងរឿងរ៉ាវខាងលើនេះ អ្នកគ្រូធឿន ចន្នី ដែលរងនូវការចោទប្រកាន់នេះ បានបញ្ជាក់ប្រាប់ថា គាត់ពិតជាបានធានា និងយកលុយពីពលរដ្ឋទាំង៧គ្រួសារនោះមែន សម្រាប់ការរត់ការចូលធ្វើប៉ូលិស ហើយមិនមែនមានតែពួកគាត់ប៉ុណ្ណឹងនាក់នោះទេ ក៏មានអ្នកផ្សេងៗទៀតជាច្រើននាក់ផងដែរ ប៉ុន្តែក្នុងចំណោមនោះ អ្នកខ្លះក៏បានជាប់ អ្នកខ្លះក៏មិនជាប់ មិនបានសំរេចដូចតែគ្នា។

អ្នកគ្រូធឿន ចន្នី បានអះអាងថា អ្នកមិនជាប់ទាំងអស់ គឺគាត់ប្រគល់លុយឱ្យវិញទាំងអស់ គ្រាន់តែមិនបានលុយដុំ គឺឱ្យតាមដំណាក់កាល។ ចំណែកអ្នកទាំង៧គ្រួសារនេះ ក៏ដូចគ្នាដែរ គឺគាត់មិនបានបដិសេធ មិនសងនោះទេ គឺគាត់នៅតែអះអាងថា នឹងសងលុយឱ្យវិញ ប៉ុន្តែអ្នកទាំងនោះ មិនព្រមទទួលយកសំណងតាមដំណាក់កាលម្តងបន្តិចៗទេ គឺគេចង់បានលុយដុំ។ ហេតុនេះ ទើបគាត់បានប្រាប់ថា ចាំគាត់លក់ដីដាច់ បានលុយគាត់សងទាំងអស់គ្នាឱ្យរួចតែម្តង៕

RELATED ARTICLES