Thursday, April 25, 2024
Homeព័ត៌មានជាតិចោរបាញ់ចំ3គ្រាប់ ម្ចាស់ម៉ូតូទប់ស្មារតីជាប់ វាយរត់បាត់

ចោរបាញ់ចំ3គ្រាប់ ម្ចាស់ម៉ូតូទប់ស្មារតីជាប់ វាយរត់បាត់

ភ្នំពេញ ៖ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បុរសម្នាក់ត្រូវជនសង្ស័យបាញ់ប្រហារចំនួន៥គ្រាប់ (ផ្ទុះ៣គ្រាប់) បំណងប្លន់យកម៉ូតូ បណ្តាលឱ្យរងរបួសធ្ងន់ ប៉ុន្តែនៅមាន ស្មារតីរឹង ព្យាយាមប្រតាយប្រតប់ដណ្តើយកកាំភ្លើងពីជនសង្ស័យ រហូតដល់ជ្រុះកាំភ្លើងលើដី ធ្វើឱ្យជនសង្ស័យភ័យ រត់គេចខ្លួនទាំងព្រលឹងចុង សក់ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ នៅចំណុចដីវាលមួយកន្លែង ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់ម៉ូតូមានឈ្មោះម៉ន សុខជា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្នុងភូមិ ត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិត្នោត១ដើម ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួសក្បាលពីចំហៀងខាងឆ្វេង១គ្រាប់ កដៃស្តាំ១គ្រាប់ ស្មាខាងឆ្វេង១គ្រាប់។ ចំណែកម៉ូតូ ដែលជនសង្ស័យបាញ់ប្លន់តែយកមិនបានសម្រេច ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-3900។ ដោយឡែក ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកកាំភ្លើងខ្លីម៉ាក រ៉ូឡូ១ដើម គ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ ក្បាលគ្រាប់១។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ មានជនសង្ស័យម្នាក់ហៅឱ្យឌុបជូនទៅខាងក្រោយសួនកាណាឌីយ៉ា ដោយគិតថា ក្បែរផ្ទះរបស់ខ្លួនស្រាប់ ទើបគាត់សម្រេចឌុបជនសង្ស័យមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យឱ្យឈប់ រួចដកកាំភ្លើងភ្ជង់តែម្តង ប្លន់យកម៉ូតូ តែគាត់មិនព្រមឱ្យតាមសម្រួល ទើបត្រូវជនសង្ស័យបាញ់គាត់ចំនួន៥គ្រាប់ តែផ្ទុះ៣គ្រាប់ ត្រូវចំ៣កន្លែង ប៉ុន្តែគាត់នៅមានស្មារតីនឹង ក៏វាយជាមួយជនសង្ស័យ រហូតដល់ធ្លាក់កាំភ្លើងលើដី និងផ្អើលដល់ប្រជាពលរដ្ឋ នៅក្បែរនោះ ទើបធ្វើឱ្យជនសង្ស័យរត់គេចខ្លួនបាត់ស្រមោលទៅ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅពេទ្យ ក្បែរប៉ុស្តិ៍ចោមចៅ១ ជាមុនសិន និងដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាចោរប្លន់ប្រដាប់អាវុធខាងលើ៕

RELATED ARTICLES