Saturday, April 20, 2024
Homeព័ត៌មានជាតិជនជាតិជប៉ុន ដាច់យ៉ៃ អារកប្លន់សម្លាប់អ្នកបើកតាក់សុី ទម្លាក់សពចោលកណ្តាលផ្លូវ

ជនជាតិជប៉ុន ដាច់យ៉ៃ អារកប្លន់សម្លាប់អ្នកបើកតាក់សុី ទម្លាក់សពចោលកណ្តាលផ្លូវ

សៀមរាប ៖ បុរសម្នាក់ជាអ្នកបើកតាក់សុី ត្រូវបានឃាតករធ្វើសកម្មភាពអារកសម្លាប់ រួចរុញសពទម្លាក់ចេញពីរថយន្តហើយបើកចេញទៅបានតែ៣០០ម៉ែត្រ បុកជាមួយគោយន្តទៅមុខលែងរួច ត្រូវសមត្ថកិច្ចចាប់ខ្លូន ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជញ្ជីងថ្លឹងរថយន្ត ស្ថិតក្នុងទឹកដីភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះដែលត្រូវឃាតករអារកសម្លាប់ រួចសពទម្លាក់ចោលកណ្តាលផ្លូវនេះ មានឈ្មោះ ឈ្មោះហ៊ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី មានប្រពន្ធឈ្មោះសុខ ចាន់ធឿន អាយុ៣៨ឆ្នាំ មានកូន៤នាក់ (ប្រុស៣ ស្រី១) ទីលំនៅភូមិជាន់ត្រាច ឃុំឈូកដាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណែកជនសង្ស័យជាឃាតករសាហាវយង់ឃ្នង មានគ្នា២ឈ្មោះ ទី១. ឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ និងទី២. ឈ្មោះ NAKA KUKI RYUJI ភេទប្រុស អាយុ២៤ឆ្នាំ បានចូលមកកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នេះ តាមច្រកប៉ោយប៉ែត។

យោងតាមប្រភពពីកន្លែអកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿង ម៉ាកហាយឡិនឌឺ ពណ៌ស្ករ ស្លាកលេខភ្នំពេញ ២AB-៥២១៨ មានគ្នា៣នាក់ ដោយម្នាក់ជាជនរងគ្រោះបើកបរនៅខាងមុង ចំណែក២នាក់ទៀត អង្គុយក្រោយ បើកបរទិសដៅមកពីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប លុះមកដល់កន្លែងកើតហេតុ ស្រាប់តែពួកគេបានប្រវាយប្រតប់គ្នា ពេលនោះក៏ឃើញទ្វាររថយន្តជនរងគ្រោះត្រូវបានបើក ហើយបានធាក់ជនរងគ្រោះចេញមកក្រៅដែលខ្លួនប្រាណប្រលាក់ជោគដោយឈាម ភ្លាមៗនោះ ជនសង្ស័យទាំង២នាក់ បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ ឆ្ពោះមកទិសខាងកើត ក្នុងបំណងចូលក្រុងសៀមរាប តែចៃដន្យអាក្រក់ ពួកគេបើករថយន្តនោះរត់បានប្រមាណចម្ងាយប្រហែល៣០០ម៉ែត្រ បានបុកជាមួយគោយន្ដកន្រ្ដៃយ៍ដឹកស្រូវ ដែលធ្វើដំណើរស្របទិសគ្នា ទៅមុខលែងរួច បន្ទាប់មក ជនសង្ស័យទាំង២នាក់ បានចុះរត់កាត់វាលស្រែ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។

ដោយឡែក លោកហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ​បន្ទាប់ពីជនសង្ស័យទាំងពីរនាក់នេះ បានធ្វើសកម្មភាពចាក់សម្លាប់ទៅលើជនរងគ្រោះរួច ម្ចាស់រថយន្តក៏បានព្យាយាមបើករថយន្តរបស់ខ្លួន ទៅរកឲ្យគេជួយ តែមិនអាចជួយបានទេ ព្រោះម្ចាស់រត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ យ៉ាងណា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងតែបន្ដស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ និងបន្តសាកសួរជនជាតិជប៉ុនទាំងពីរនាក់ នៅស្នងការដ្ឋាននគរបាល ក្រុងសៀមរាប។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំមកសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

RELATED ARTICLES