Tuesday, April 23, 2024
Homeព័ត៌មានជាតិដឹងរឿងប្រពន្ធលួចសហាយស្មន់ ប្តីហាមលែងឲ្យចូលផ្ទះ ក្លើមិនព្រម យកគល់ឫស្សីវាយស្លាប់ អូសសពទម្លាកទឹកស្រះ

ដឹងរឿងប្រពន្ធលួចសហាយស្មន់ ប្តីហាមលែងឲ្យចូលផ្ទះ ក្លើមិនព្រម យកគល់ឫស្សីវាយស្លាប់ អូសសពទម្លាកទឹកស្រះ

ខេត្តបាត់ដំបង ៖ ​ កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅចំណុចក្នុងផ្ទះរបស់ជនដៃដល់ ស្ថិតក្នុងភូមិថ្មី ឃុំបឹងរាំង ស្រុកកំរៀង។ លុះរំលងបានមួយថ្ងៃ ក៏មានប្រជាពលរដ្ឋបានប្រទះឃើញសាកសព ជនរងគ្រោះអណ្តែតទឹកស្រះមួយកន្លែង ស្ថិតនៅខាងក្រោយភូមិថ្មី។ បន្ទាប់មក សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើការស្រាវជ្រាវ រហូតឈានដល់ការ ចាប់ខ្លួនជនសង្ស័យជាឃាតករជាប្តិប្រពន្ធប្រពន្ធ កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ រួចក៏នាំជនសង្ស័យទាំង២នាក់នេះ យកទៅធ្វើត្រាប់ពីសកម្មភាពសម្លាប់ជនរងគ្រោះឡើងវិញ កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ បុរសជាប្តី មានឈ្មោះភេន ភាព អាយុ៥១ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះសែត ភាព អាយុ៥០ឆ្នាំ រស់នៅភូមិថ្មី ឃុំបឹងរាំង ស្រុកកំរៀង។  ដោយឡែកជនរងគ្រោះ មានឈ្មោះសំ ម៉ៅ អាយុ៤៩ឆ្នាំ មុខរបរលក់សាច់ពិសេស (សាច់ឆ្កែ) តាមម៉ូតូ រស់នៅភូមិឃុំខាងលើជាមួយគ្នា។

តាមចម្លើយសារភាពរបស់ជនសង្ស័យជាប្តី បានឱ្យដឹងថា រវាងជនរងគ្រោះ និងគ្រួសារខ្លួន គឺជាអ្នកស្គាល់គ្នាជិតដិត  ។ ក្រោយមក ខ្លួនបានតាមដានដឹងថា ជនរងគ្រោះកំពុងលួចទាក់ទងស្នេហាជាមួយប្រពន្ធខ្លួន ទើបមានចិត្តប្រចណ្ឌ ព្រមានឈប់ឱ្យជនរងគ្រោះចេញចូលផ្ទះរបស់ខ្លួនទៀត។ ស្រាប់តែមកដល់យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះបានមកសុំផ្ទះរបស់ខ្លួនដេក១យប់ ប៉ុន្តែខ្លួនមិនព្រម ទើបធ្វើឱ្យកើតមានជម្លោះនឹងគ្នា រហូតដល់ខ្លួនទ្រាំមិនបាន ក៏ទាញគល់ឬស្សីវាយសម្លាប់ជនរងគ្រោះតែម្តង។ ហើយខ្លួនជាអ្នកវាយសម្លាប់ជនរងគ្រោះតែម្នាក់ឯងនោះទេ ចំណែកប្រពន្ធគ្រាន់តែជួយសែងសព យកទៅទម្លាក់ចោលនៅមាត់ទឹកក្នុងរណ្តៅដីខាងក្រោយភូមិ។

គួររំលឹកថា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើង នៅចំណុចទឹកស្រះមួយកន្លែង ស្ថិតនៅខាងក្រោយភូមិថ្មី ឃុំបឹងរាំង ស្រុកកំរៀង ដោយបុរសជាអ្នកលក់សាច់ពិសេស (សាច់ឆ្កែ) តាមម៉ូតូម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញ ដេកស្លាប់ក្នុងទឹកស្រះ ដោយមានខ្សែចំណងជាប់នឹងកទៀតផង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះខាងលើមានរបរជាអ្នកលក់សាច់ពិសេសតាមម៉ូតូ (សាច់ឆ្កែ) ដោយលក់បណ្តើរផឹក បណ្តើរ ធ្វើឱ្យស្រវឹងធ្លាក់ភ្នែកជារៀងរាល់ថ្ងៃ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានកើតមានជម្លោះជាមួយប្រពន្ធ បន្ទាប់មកក៏ចេញបាត់ពីផ្ទះ ដោយមិនដឹងថាទៅដល់ណានោះទេ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ក៏មានគេប្រទះឃើញសាកសពជនរងគ្រោះអណ្តែតក្នុងស្រះទឹក និងថែមទាំងមានចំណងជាប់កទៀតផង ទើបសង្ស័យថាជាអំពើឃាតកម្ម ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះពិនិត្យភ្លាមៗ។

ជុំវិញករណីនេះ គេមិនទាន់ដឹងអំពីពេលវេលានៃការកើតហេតុទេ ហើយក៏មិនដឹងពីមូលហេតុនៃការស្លាប់ដែរ តែអ្នកភូមិបានប្រទះ ឃើញសាកសពនេះ រួចក៏រាយការណ៏ប្រាប់សមត្ថកិច្ចភ្លាមៗ។ បើតាមការពិនិត្យជាក់ស្តែង សពជនរងគ្រោះមានស្នាមរបួសលើ និងក្រោមត្របកភ្នែកទាំងសងខាង របួសក្បែរត្រចៀក និងមានក្រណាត់រជាប់កទៀតផង។

ទីបំផុត ត្រឹមរយៈពេល១ថ្ងៃប៉ុណ្ណោះ សំណុំរឿងឃាតកម្មដ៏ឃោរឃៅមួយនេះ ត្រូវបានបំបែក និងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES