Friday, March 29, 2024
Homeព័ត៌មានជាតិបងប្អូនជីដូនមួយស្លាប់ក្នុងថ្ងៃតែមួយ ខណៈម្តាយរវល់ធ្វើនំបញ្ចុក

បងប្អូនជីដូនមួយស្លាប់ក្នុងថ្ងៃតែមួយ ខណៈម្តាយរវល់ធ្វើនំបញ្ចុក

ខេត្តកំពង់ធំ ៖ ក្មេងប្រុសស្រីតូចៗចំនួន២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ឆ្លៀតពេលចាស់ៗរវល់ភ្លេចខ្លួន ក៏នាំគ្នាចុះទៅលេងទឹកស្រះ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រសាទបល្ល័ង្ក។

ក្មេងប្រុសស្រីទាំង២នាក់បងប្អូន ដែលលង់ទឹកស្លាប់ រួមមាន ទី១-ឈ្មោះហុក ចន្ថា ភេទស្រី អាយុ៧ឆ្នាំ និងទី២-ឈ្មោះសុខ មេត្តា អាយុ៤ឆ្នាំ។ ក្មេងតូចរងគ្រោះទាំង២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា និងស្នាក់នៅក្នុងបន្ទុក ឪពុកម្តាយមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីបុរសឈ្មោះហៃ ហុក ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាឪពុកក្មេងស្រីរងគ្រោះឈ្មោះ ហុក ចន្ថា និងត្រូវជាអ៊ំបង្កើតរបស់ក្មេងប្រុសរងគ្រោះ​ ឈ្មោះសុខ មេត្តា បានរៀបរាប់ប្រាប់ថា នៅថ្ងៃកើតហេតុ គ្រួសាររបស់គាត់ និងអ្នកភូមិ បានរៀបចំពិធីបង្សុកូល ហើយពួកគាត់បានធ្វើនំបញ្ចុក ដើម្បីទទួលភ្ញៀវ។ លុះដល់ម៉ោងប្រហែល២រសៀល កូនស្រីរបស់គាត់និងក្មួយប្រុស (ក្មេងរងគ្រោះទាំង២នាក់) ពួកវាអង្គុយលេងទូរស័ព្ទជាមួយគ្នា បន្ទាប់មក គាត់បានហៅពួកវាឱ្យមកហូបនំ និងយកទូរស័ព្ទមកឱ្យគាត់វិញផង។ បន្ទាប់មក គាត់ក៏មិនបានចាប់អារម្មណ៍ និងកូនៗទៀតដែរ រហូតដល់ម៉ោងប្រហែល៣រសៀល ប្អូនស្រីរបស់គាត់ត្រូវជាម្តាយរបស់ក្មួយប្រុស ឈ្មោះសុខ មេត្តា បានមកសួរថា ឃើញអាអូនអត់បង? គាត់ក៏តបវិញថា អត់ឃើញទេ មីអូនក៏បាត់ដែរ បន្ទាប់មកក៏នាំគ្នាដើររកដល់មាត់ស្រះខាងលិច ផ្ទះចម្ងាយប្រហែល២០០ម៉ែត្រ ស្រាប់តែឃើញខោអាវ និងស្បែកជើងរបស់វាទាំង២នាក់ នៅមាត់ទឹក ទើបសង្ស័យថា ក្មេងទាំងពីរលង់ទឹក ក៏លោតចូលរាវរក ទើបប្រទះឃើញក្មួយប្រុស ឈ្មោះសុខ មេត្តា បានលង់ទឹកស្លាប់បាត់ទៅហើយ បន្ទាប់មកគាត់រាវបន្តទៀត ហើយស្រែកហៅបងប្អូនក្នុងភូមិឱ្យជួយ មួយសន្ទុះក៏រាវរកឃើញសពកូនស្រីរបស់គាត់ នាងបានលង់ទឹកស្លាប់ដែរ មិនដឹងពីពេលណានោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រុក និងអាជ្ញាធរភូមិ បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសពកុមារទាំង២នាក់ រួចបញ្ជាក់ថា មិនមានស្លាកស្នាមអ្វីទេ រួចសន្និដ្ឋានថា ក្មេងតូចទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន មិនពាក់ព័ន្ធបទល្មើសផ្សេងឡើយ។

សាកសពក្មេងប្រុសស្រីទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES