Friday, April 19, 2024
Homeព័ត៌មានជាតិបញ្ឈប់ជប់លៀងមង្គលការបន្ទាន់ ក្រោយមានរឿងនេះ

បញ្ឈប់ជប់លៀងមង្គលការបន្ទាន់ ក្រោយមានរឿងនេះ

ខេត្តឧត្តរមានជ័យ ៖ ពិធីមង្គលការមួយ កំពុងប្រព្រឹត្តទៅយ៉ាងរលូន និងសប្បាយក្អាកក្អាយ ដោយមានការផឹកស៊ីរាំលេងកម្សាន្តយ៉ាងគគ្រឹកគគ្រេង ស្រាប់តែកើតជារឿងចលាចលមួយរំពេច បន្ទាប់ពីក្រុមក្មេងទំនើងដែលជាភ្ញៀវខាងកូនកំលោះនិងខាងកូនក្រមុំ រាំជាន់ជើងគ្នាតិចតួច បង្កជាជម្លោះ ដេញវាយតប់គ្នាប្រសាចដូចហ្វូងគោពេញក្នុងរោងពិធីមង្គលការ ទីបំផុត បង្កឱ្យយុវជនម្នាក់ជាភ្ញៀវខាងកូនក្រមុំ រងរបួសបែកក្បាលហូរឈាមស្រោចខ្លួន និងត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះជីវិត។

អំពើហិង្សាក្នុងពិធីមង្គលការ ដែលបង្កឡើងដោយក្រុមក្មេងទំនើងខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារំលង អធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចរោងមង្គលការមួយកន្លែង ស្ថិតក្នុងភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

យុវជនរងគ្រោះដែលរងរបួសរយះក្បាលយ៉ាងធ្ងន់ធ្ងរ មានឈ្មោះឃាន ថ្លែន អាយុ២១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើត ហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅក្នុងមូលដ្ឋានខាងលើ មានអ្នកភូមិម្នាក់ បានរៀបចំពិធីមង្គលការកូនស្រីរបស់ខ្លួន ដោយមានកម្មវិធីជាបន្តបន្ទាប់ តាំងពីព្រឹកព្រលឹម រហូតដល់យប់ជ្រៅ ដោយកម្មវិធីនីមួយៗបានបញ្ចប់ទៅយ៉ាងរលូន រហូតដល់ក្បាលព្រលប់ ជាកម្មវិធីទទួលភ្ញៀវពិសាភោជនាហារ ដោយមានទាំងការដាក់ធុងបាស់រាំលេងកម្សាន្តទៀតផង។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលភ្ញៀវទាំងចាស់ក្មេង ទាំងខាងកូនកំលោះ ទាំងខាងកូនក្រមុំ សុទ្ធតែស្រវឹងធ្លាក់ភ្នែកដូចគ្នា បាននាំគ្នាឡើងរាំយ៉ាងគគ្រឹកគគ្រេង ស្រាប់តែមិនបានប៉ុន្មានផង ក៏កើតមានរឿងចលាចល ដោយសារក្មេងទំនើងចំនួន២ក្រុម បានវាយតប់គ្នាធ្វើឱ្យមានការផ្អើលឆោឡោពេញរោងការ បង្កឱ្យយុវជនរងគ្រោះឈ្មោះឃាន ថ្លែន ទទួលរងរបួសរយះក្បាលយ៉ាងធ្ងន់ធ្ងរ និងត្រូវបានក្រុមគ្រួសារទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាពស្រុកអន្លង់វែង ជាបន្ទាន់ផងដែរ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចនៅមិនទាន់កំណត់មុខសញ្ញាជនដៃដល់បាននៅឡើយ ដោយសារក្នុងកម្មវិធីនោះ មានមនុស្សច្រើនពេក។ យ៉ាងណ ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនបង្ក នាំយកមកផ្តន្ទាទោសតាមច្បាប់។/

RELATED ARTICLES