Friday, April 19, 2024
Homeព័ត៌មានជាតិបន្ទាប់ពីហូបបាយរួច ក្មេង៣នាក់ពុល ម្នាក់ស្លាប់តាមផ្លូវ

បន្ទាប់ពីហូបបាយរួច ក្មេង៣នាក់ពុល ម្នាក់ស្លាប់តាមផ្លូវ

ខេត្តសៀមរាប ៖ ហេតុការណ៍ពុលចំណីអាហារមួយបានកើតឡើង បណ្តាលឱ្យក្មេងប្រុសម្នាក់បាត់បង់ជីវិតនេះ បន្ទាប់ពីហូបបាយជុំគ្រួសារ (ត្រីក្រហមចំហុយ និងឪឡឹកទុំ) រួចហើយ ក៏ស្រាប់តែកើតមានអាការរាកក្អួតចង្អោរ និងឈឺក្បាលយ៉ាងខ្លាំង សង្ស័យពុលអាហារ  លុះក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ តែក្មេងប្រុសម្នាក់ ក្នុងចំណោមនោះ បានដាច់ខ្យល់ស្លាប់តាមផ្លូវយ៉ាងអាណោចអាធ័ម ចំណែកក្មេងប្រុស២នាក់ទៀត ត្រូវបានបញ្ជូនដល់មន្ទីរពេទ្យសង្គ្រោះទាន់ពេល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង១៥នាទីព្រលប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ។

ក្មេងប្រុសរងគ្រោះទាំង៣នាក់ ទី១. មានឈ្មោះតក់ វណ្ណឌី អាយុ៧ឆ្នាំ (ស្លាប់)។ ទី២. ឈ្មោះឆេង ហុងឃាង អាយុ៦ឆ្នាំ និងទី៣. ឈ្មោះឆេង ហុងឃីម អាយុ៥ឆ្នាំ។ ក្មេងប្រុសរងគ្រោះទាំងនោះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីបុរសឈ្មោះក្អែក តក់ អាយុ៣៩ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ក្មេងប្រុសរងគ្រោះ និងសាក្សីឈ្មោះឡែម សារួន ភេទស្រី អាយុ២៩ឆ្នាំ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ គាត់បានហូបបាយជុំគ្នានឹងក្មេងៗទាំង៣នាក់ ដោយមានម្ហូបត្រីក្រហមចំហុយ និងឪឡឹកទុំ។ លុះក្រោយពីហូបបាយរួច ក៏ចាប់ផ្តើមកើតមានអាការក្អួតចង្អោរ និងឈឺក្បាលយ៉ាងខ្លាំង។ ពេលនោះ ពួកគាត់ក៏ប្រញាប់ដឹកបញ្ជូនក្មេងប្រុសរងគ្រោះទាំង៣នាក់ ទៅកាន់មណ្ឌលសុខភាព ប៉ុន្តែដោយសារតែអាការធ្ងន់ធ្ងរពេក ទើបគ្រូពេទ្យក៏បញ្ជូនទៅកាន់មន្ទីរពេទ្យកុមារគន្ធបុប្ជា សៀមរាប ដើម្បីសង្គ្រោះវិញ តែអកុសល ពេលដឹកបញ្ជូនតាមផ្លូវ ក្មេងប្រុសរងគ្រោះឈ្មោះតក់ វណ្ណឌី ក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែក ក្មេងប្រុស២នាក់ទៀត ត្រូវបានបញ្ជូនដល់មន្ទីរពេទ្យ និងជួយសង្រ្គោះ ឱ្យដឹងខ្លួនឡើងវិញ។

ក្នុងករណីខាងលើនេះ សមត្ថកិច្ចនគរបាល និងជំនាញពាក់ព័ន្ធ កាំកុងត្រូល និងគ្រូពេទ្យមណ្ឌលសុខភាពអង្គរធំ បានចុះទៅដល់កន្លែង កើតហេតុ ពិនិត្យវិភាគកោសល្យវិច័យទៅលើក្មេងប្រុសទាំង៣នាក់។ រូចសន្និដ្ឋានថា ការស្លាប់កុមារាម្នាក់នេះគឺ ដោយសារពុលចំណីអាហារ។

ជុំវិញករណីខាងលើនេះ មន្ត្រីកាំកុងត្រលក៏បានយកសំណាក ទៅពិនិត្យនៅឡាបូផងដែរ ដើម្បីស្វែងរកប្រភពឱ្យបានច្បាស់ផងដែរ៕

RELATED ARTICLES